រុស្ស៊ី​បដិសេធ​ប្រគល់​ជនសង្ស័យ​ពាក់ព័ន្ធ​ការធ្លាក់​យន្តហោះ​MH17​ឲ្យទៅ​ហូឡង់​

03-12-2019 2:18 pm 269

​លោក​Volodymyr Tsemakh​ជនជាតិ​អ៊ុ​យក្រែន ត្រូវបាន​កំណត់​អត្តសញ្ញាណ​ថា​ជា​ជនសង្ស័យ ដោយ​ហូ​ឡង់ ដែលជា​ប្រទេស​ដឹកនាំ​ការស៊ើបអង្កេត ក្នុងករណី​ធ្លាក់​យន្តហោះ MH17​កាលពី​ឆ្នាំ​២០១៤​។ នៅពេល​លោក Tsemakh មិនទាន់​ត្រូវបាន​តុលាការ​ហូឡង់​កាត់ក្តី​នៅឡើយ ហូឡង់​បាន​ស្នើសុំ​រុស្ស៊ី​ឲ្យ​ចាប់ខ្លួន និង​ធ្វើ​បត្យាប័ន​ជនសង្ស័យ​រូបនេះ មកកាន់​ប្រទេស​ហូ​ឡង់ ដើម្បី​ធ្វើ​ការសាកសួរ​។​

​ប៉ុន្តែ​ហូ​ឡង់​បានទទួល​សេចក្តីជូនដំណឹង​មួយ​នៅ​ថ្ងៃទី ១៩ ខែវិច្ឆិកា​ថា រុស្ស៊ី​មិនអាច​អនុវត្តតាម​ការ​ស្នើ​របស់ខ្លួន​បានទេ ដោយ​លើក​ហេតុផល​ថា មិនដឹងថា​លោក Tsemakh​នៅទីណា​។ ការិយាល័យ​រដ្ឋអាជ្ញា​សាធារណៈ​ហូ​ឡង់ ឲ្យដឹង​នៅក្នុង​សេចក្តីថ្លែងការ​ណ៍​ថា រុស្ស៊ី​ក៏​ប្រហែល​មានបំណង​អនុញ្ញាតឲ្យ​លោក​Tsemakh ចាកចេញ​ពី​សហព័ន្ធរុស្ស៊ី​ដែរ តែ​បែរជា​បដិសេធ​ធ្វើតាម​ការស្នើ​របស់​ហូឡង់​ទៅវិញ​។ ស្ថិតក្រោម​អនុសញ្ញា​អឺរ៉ុប ស្តីពី ការធ្វើ​បត្យាប័ន រុស្ស៊ី​មាន​កាតព្វកិច្ច​ធ្វើតាម​ការស្នើ​របស់​ហូ​ឡង់ ដោយសា​រលោក​Tsemakh​មិនមែនជា​ពលរដ្ឋ​រុស្ស៊ី​ទេ តែ​ផ្ទុយទៅវិញ​ជា​ពលរដ្ឋ​អ៊ុ​យក្រែន ដូច្នេះ រុស្ស៊ី​គ្មាន​សិទ្ធិ​រារាំង​ឡើយ​។ 

​លោក​Tsemakh​ត្រូវបាន​គេ​ស្គាល់​ថា ជា​សមាជិក​សេវាកម្ម​សន្តិសុខ​របស់​អ៊ុ​យក្រែន តែ​ស្រាប់​ទទួលដំណឹង​ថា​រូបគេ​ជា អតីត​មេបញ្ជាការ​នៃ​កងកម្លាំង​បំបែក​ខ្លួន ដែល​គាំទ្រ​ដោយ​រុស្ស៊ី​នៅ​ភាគ​ខាងកើត​អ៊ុ​យក្រែន​។ នេះ​ជា​ហេតុផល​មួយ ដែល​ជំរុញ​ឲ្យ​រុស្ស៊ី​ចេញមុខ​ការពារ​Tsemakh​។ លោក​Tsemakh ត្រូវបាន​ផ្ទេរ​ទៅ​ប្រទេស​រុស្ស៊ី ក្នុង​ការដោះដូរ​អ្នកទោស រវាង​ទីក្រុង​មូ​ស្គូ​និង​គៀ​វ​នៅ​ខែកញ្ញា​។​

​គួរ​ជម្រាបជូន​ថា លោក​Tsemakh ជា​បុគ្គល​ម្នាក់ទៀត​ដែល​ហូឡង់​ចង់បាន ក្រៅពី​បុរស​៤​នាក់​ផ្សេងទៀត នៅ​ក្នុងនោះ​៣​នាក់​ជា​ជនជាតិ​រុស្ស៊ី​និង​ម្នាក់​ជនជាតិ​អ៊ុ​យក្រែន ដែល​ត្រូវ​តុលាការ​ហូ​ឡង់ កាត់ទោស​កំបាំងមុខ​នៅ​ខែ​មីនា ពីបទ​ឃាតកម្ម ក្នុងករណី​ធ្លាក់​យន្តហោះ MH17​។ យន្តហោះ MH17​បាន​ធ្លាក់​កាលពី​ថ្ងៃទី​១៧​ខែកក្កដា​ឆ្នាំ​២០១៤ បណ្តាលឲ្យ​ស្លាប់​មនុស្ស​ទាំងអស់​នៅលើយ​ន្ត​ហោះ ចំនួន​២៩៨​នាក់ នៅក្នុង​នោះ​មាន​ជនជាតិ​ហូឡង់​ដល់ទៅ​ពីរភាគបី​។ យន្តហោះ MH17 ដែល​ហោះ​ចេញពី​ទីក្រុង​អា​ស្ទើ​ដាម​ប្រទេស​ហូ​ឡង់ ឆ្ពោះទៅកាន់​ទី​ក្រុងកូឡា​ឡាំ​ពួ​ប្រទេស​ម៉ាឡេស៊ី​នោះ ត្រូវបាន​គេ​បាញ់​ទម្លាក់ នៅពេល​ហោះ​ឆ្លងកាត់ តំបន់​កាន់កាប់​ដោយ​ក្រុម​បំបែក​ខ្លួន នៅ​ភាគ​ខាងកើត​អ៊ុ​យក្រែន​។ ក្រុម​អ្នក​ស៊ើបអង្កេត​និយាយថា មី​ស៊ី​ល​ដែល​បាញ់​ទម្លុះ​យន្តហោះ​នោះ គឺមាន​ប្រភព​មកពី​ឧបករណ៍​សម្រាប់​បាញ់ ដែល​ដឹក​ចេញពី​មូលដ្ឋាន​យោធា​រុស្ស៊ី​នៅ Kursk៕

ព័ត៌មានផ្សេងទៀត