ករណី​បាក់​សាលាឆាន់​នៅ​សៀមរាប​​៖ ស្លាប់​៣​នាក់​និង​របួស​ជាង​១០​អង្គ​/​នាក់​​

03-12-2019 11:14 am 202

​មនុស្ស​ចំនួន ៣​នាក់ បាន​ស្លាប់បាត់​បងជីវិត​និង​១៣​អង្គ​/​នាក់​ទៀត បាន​រងរបួស​ធ្ងន់​និង​ស្រាល ក្នុង​ហេតុការណ៍​បាក់​អគារ ដែល​កំពុងដំណើរការ​ចាក់​បេតុង​សង់សាលា​ធម្មសភា ដែលមាន​ទំហំ​ទទឹង​៣០​ម៉ែត្រ បណ្តោយ​៤០​ម៉ែត្រ និង​កម្ពស់​៨​ម៉ែត្រ នៅ​វត្ត​ប្រាសាទ​គោកចក ស្ថិតក្នុង​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្ត​សៀម​រាម កាលពី​រសៀល​ថ្ងៃទី​២ ខែ ធ្នូ ឆ្នាំ​២០១៩​។ នេះ​បើ​យោងតាម​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់ រដ្ឋបាល​ខេត្តសៀមរាប​។​

​បើតាម​ការបញ្ជាក់​ពី​សមត្ថកិច្ច​បានឲ្យដឹងថា អ្នក​ដែល​បាន​ស្លាប់​ទាំង ៣​នាក់​នោះ​រួមមាន​៖​ឈ្មោះ លី សំណាង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ,​ឈ្មោះ យិន សំណាង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ និង​ទី​៣ ឈ្មោះ ឡ​ន ឡោះ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ  ហើយ​ក្នុងចំណោម​អ្នក​រង​បួស​គឺមាន​ព្រះសង្ឃ​ចំនួន​ពីរ​អង្គ​ផងដែរ​។​

​ក្រោយ​កើតហេតុ​គេ​ឃើញ លោក​អភិបាល នៃ​គណ​:​អភិបាលខេត្ត​សៀមរាប និង​ជា​ប្រធាន​គណ​:​បញ្ជា​ការឯកភាព​រដ្ឋ​បាល​ខេត្តសៀមរាប បាន​ដឹកនាំ​កម្លាំងចម្រុះ ចុះ​ជួយសង្គ្រោះ​ជនរងគ្រោះ ក្នុងករណី​ខាងលើ ដោយមាន​ការចូលរួម​ពី​គណៈ​អភិបាលខេត្ត មន្ទីរជំនាញ​ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ ប្រជា​ការពារ ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ទៀត​។​

​បើតាម​ការបញ្ជាក់ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន របស់​រដ្ឋបាល​ខេត្តសៀមរាប​បាន​បង្ហាញថា​ការ​សង្គ្រោះបាន​ប្រើប្រាស់​មធ្យោបាយ​ដូចជា ចាត់​កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជា​ការពារ និង​ប្រជាពលរដ្ឋ​ចូលរួម​សរុប​ចំនួន ៧៧៥​អង្គ​/​នាក់ រថយន្ត​សង្គ្រោះ​ចំនួន ៩​គ្រឿង ។​ចំណែក​មធ្យោបាយ​សង្គ្រោះ រួមមាន ៖​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន ២​គ្រឿង រថយន្តស្ទូច​ចំនួន ៣​គ្រឿង អេស្កាវ៉ាទ័រ ៤​គ្រឿង និង​រថយន្ត​អគ្គិសនី​ចល័ត ១​គ្រឿង​។​

បន្ទាប់ពី​ហេតុការណ៍​នេះ​បាន​កើតឡើង លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បានសម្រេច​ឧបត្ថម្ភ​ថវិកា​ដល់​គ្រួសារ​ជនរងគ្រោះ​ដែល​បាន​ស្លាប់ ក្នុង​មួយ​គ្រួសារ​ទទួលបាន​ទឹកប្រាក់ ២០​លាន​រៀល និង​អ្នករងរបួស​ក្នុង​ម្នាក់ៗ គឺ​៣​លាន​រៀល​។​

​បើតាម​លោក​គន់ គីម អនុប្រធាន​ទី​១​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ជនរងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត​មាន​ពីរ​នាក់​នៅក្នុង​ខេត្តសៀមរាប និង​ម្នាក់ទៀត​នៅ​ខេត្តព្រៃវែង​។​សព​ជនរងគ្រោះ​ត្រូវបាន​អាជ្ញាធរ​ចាត់ចែង​ដឹក​ទៅកាន់​លំនៅឋាន ហើយ​រៀបចំ​ធ្វើ​ពិធីបុណ្យ​តាម​ប្រពៃណី​៕


ព័ត៌មានផ្សេងទៀត