លោកព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា និងជាអ្នកតាមដានស្ថានការណ៍នយោបាយផងនោះ បានលើកឡើងក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោក នៅថ្ងៃទី៣ ខែធ្នូនេះ ថា លោកកឹម សុខា អាចនឹងត្រូវតុលាការកាត់ត្តី ហើយអាចនឹងត្រូវដោះលែងឲ្យមានសេរីភាពវិញ ដោយការប្រោសព្រះរាជទានទោសពីព្រះមហាក្សត្រ ហើយក្រោយការដោះលែង លោកកឹម សុខា នឹងមានចរន្តនយោ បាយនៅកម្ពុជា និងនៅក្រៅប្រទេស ដែលដឹកនាំដោយលោកកឹម សុខា និងមន្ត្រីបក្សដែលស្ម័គ្រស្មោះជាមួយលោក ដើម្បីស្វែងរកការរៀបចំដំណើរការនយោបាយឡើងវិញ។
ចំណែកលោកសម រង្ស៊ីវិញ ត្រូវបានលោកព្រាប កុល លើកឡើង ថា អាចនឹងត្រូវបានគេរារាំង និងបិទផ្លូវមិនអោយវិលចូលមកកម្ពុជាវិញបាន និងមិនមានតួនាទីជាផ្លូវការអ្វីក្នុងបក្ស ដែលដឹកនាំដោយ លោក កឹម សុខានោះទេ។ បន្ថែមពីលើនេះលោកកឹម សុខា នឹងព្យាយាមនៅឆ្ងាយពីលោកសម រង្ស៊ី ប៉ុន្តែមិន ប្រកាសចែកផ្លូវគ្នាទេ ព្រោះត្រូវរង់ចាំមើលសន្ទុះនៃការគាំទ្រពីមហាជន និងសហគមន៍អន្តរជាតិសិន។ ប្រសិនបើមានការគាំទ្រគ្រប់គ្រាន់ លោកកឹម សុខា អាចនឹងត្រូវបានគេជំរុញឲ្យពិចារណាផាត់ លោក សម រង្ស៊ី ចេញពីសង្វៀននយោបាយរបស់បក្សតែម្តង។
បើតាមលោកព្រាប កុល ក្នុងចំណោមលោកសម រង្ស៊ី និងលោកកឹម សុខា បើនរណាហ៊ានប្រកាសចែកផ្លូវមុន នឹងត្រូវរងការថ្កោលទោសពីពលរដ្ឋ ដែលធ្លាប់គាំទ្រអតីតថ្នាក់ដឹកនាំបក្សប្រឆាំងទាំងពីររូបនេះ នាពេលកន្លងមក។ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោកព្រាប កុល នៅតែយល់ថា លោក សម រង្សី នៅតែមានឥទ្ធិពលក្នុងចំណោមមហាជន និងអ្នកដែលស្មោះត្រង់ចំពោះគាត់ទាំងនៅខ្មែរ និងនៅក្រៅប្រទេស ហើយលោក អាចនឹងប្រថុយគ្រោះថ្នាក់ វិលត្រឡប់មកកម្ពុជាវិញ ព្រោះវាជាជីវិតនយោបាយចុងក្រោយរបស់លោក៕