លោកស្រ៊ុន ដា​រិទ្ធិ ​ជំរុញ​ឲ្យ​គ្រប់​ភាគី​ទាំងអស់​ចូលរួម​ការពារ​និង​អ​ភិរក្ស​សត្វ​រមាំង​

03-12-2019 10:39 am 154
  ស្តាប់
ស្តាប់ជាសំឡេង

​លោក ស្រ៊ុន ដា​រិទ្ធិ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​ជំរុញ​ទៅ​ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ សហគមន៍ និង​ប្រជាពលរដ្ឋ ត្រូវ​នាំគ្នា​ចូលរួម​ការពារ និង​ទប់ស្កាត់​រាល់​ការ​ប្រមាញ់ ការជួញដូរ និង​ការ​លួច​ទន្ទ្រាន​កាន់កាប់​ដី​តំបន់​ការពារ​ទីជម្រក និង​បន្ត​ពូជ​ដ៏​សំខាន់​របស់​សត្វ​រមាំង ដែល​ជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះ និង​ជិត​ផុត​ពូជ​។​ការជំរុញ​របស់​លោក​ខាងលើនេះ ត្រូវបាន​ធ្វើឡើង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​«​ការងារ​គ្រប់គ្រង និង​អភិរក្ស​សត្វ​រមាំង​នៅ​តំបន់ការពារទេសភាព​អាង​ត្រពាំងថ្ម​» កាលពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ដល់​កងទ័ព​នៅ​កងពលតូច​អន្តរាគមន៍​លេខ​៥ ខេត្ត​ឧត្តរមានជ័យ​។ 

​នៅក្នុង​ឱកាស​នោះ​ដែរ លោក​រដ្ឋលេខាធិការ​បា​ន​ឲ្យដឹង​បន្ថែម​ថា តំបន់​ការពារ ទេសភាព​អាង​ត្រពាំងថ្ម​ដែល​មាន​ភូមិសាស្ត្រ​ក្នុង​ខេត្ត​បន្ទាយមានជ័យ និង​មាន​ព្រំប្រទល់ ជាប់​ខេត្ត​ឧត្តរមានជ័យ គឺ​មាន​តួនាទី​ក្នុងការ​ទ្រទ្រង់​ដល់​ការរស់នៅ និង​បន្ត​ពូជ​របស់​ប្រភេទ​សត្វព្រៃ សំខាន់ៗ​ជាច្រើន​ប្រភេទ ជាពិសេស​គឺ​សត្វ​រមាំង ដែល​ជា​ប្រភេទ​ថនិកសត្វ​ជិត​ផុត​ពូជ​បំផុត​លើ​ពិភពលោក​។​

​លោក​បន្តថា ប្រភេទ​សត្វ​រមាំង​នេះ​គឺ​រស់នៅ​ចាប់ពី​ខែកក្កដា ដល់​ខែ​មករា នៅក្នុង​តំបន់​ព្រៃ​កូនខ្លែង ដែលជា​តំបន់​សហគមន៍​ព្រៃឈើ ជាប់​នឹង​ព្រំប្រទល់​ខេត្ត​ឧត្តរមានជ័យ និង​រស់​នៅ​បន្ត​ពូជ​ក្នុង​តំបន់ ការពារ​ទេសភាព​អាង​ត្រពាំងថ្ម​ចាប់ពី​ខែ​កុម្ភៈ ដល់​ខែ​មិថុនា ដែល​ជា​កន្លែង​មាន ប្រភពទឹក ចំណី អាហារ និង​ទីជម្រក​គ្រប់គ្រាន់​។​

​ជាមួយគ្នា​នោះ​ដែរ​លោក​ក៏​បាន​បង្ហើប​ឲ្យដឹងថា ក្រសួង​បរិស្ថាន តាមរយៈ​នាយកដ្ឋាន​អភិរក្ស​តំបន់ដីសើម​ទឹកសាប​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ ជា​ស្ថាប័ន​ជំនាញ បាន​យកចិត្តទុកដាក់​ខ្ពស់ ដល់​កិច្ច​ការពារ​ធនធាន​ធម្មជាតិ និង​បរិស្ថាន តាមរយៈ​ការកំណត់​តំបន់​សំខាន់ៗ​មួយចំនួន ទៅជា​តំបន់ការពារធម្មជាតិ របៀង​អភិរក្ស​ជីវៈចម្រុះ និង​តំបន់​ដែល​មាន​សារៈសំខាន់​ជា​អន្តរជាតិ ហើយ​នា​ពេល​ថ្មីៗ​នេះ​ក្រសួង​បរិស្ថាន​បាន​កំពុង​ដំណើរការ ដាក់បញ្ចូល​តំបន់ការពារធម្មជាតិ​មួយចំនួន ទៅជា​តំបន់​បេតិក​ភ័ណ្ឌ​អាស៊ាន​ផងដែរ​។​

​បើ​តាម​ការបញ្ជាក់​នៅក្នុង​ហ្វេ​ស ប៊ុ​ក​របស់​ក្រសួងបរិស្ថា​ន​បានឲ្យដឹងថា ចំនួន​សត្វ​រមាំង​នៅក្នុង និង​ជុំវិញ​តំបន់ការពារទេសភាព​អាង​ត្រពាំងថ្ម ក្នុង​ភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ និង​ឧត្តរមានជ័យ ត្រូវបាន​គេ​កត់ត្រា​ថា មាន​ចំនួន ៧០​ក្បាល ក្នុង​ឆ្នាំ​២០០៣ មកដល់​ឆ្នាំ​២០១៩​នេះ មាន​ត្រឹមតែ ១៧​ក្បាល​ប៉ុណ្ណោះ ដែល​ចំនួន​នេះ​ជា​ចំនួន​ដ៏​តិចតួច​បំផុត បើ​ប្រៀបធៀប​ជាមួយនឹង ប្រភេទ​សត្វព្រៃ​ជិត​ផុត​ពូជ​ផ្សេងទៀត ហេតុដូចនេះ ចាំបាច់​ត្រូវធ្វើ ការការពារ យ៉ាង​មុតមាំ ទាំង​នៅ​តំបន់​ជម្រក​បន្ត​ពូជ កន្លែង រក​ចំណី និង​កន្លែង​រស់នៅ​បណ្តោះ អាសន្ន​របស់​វា​៕

 

 

 

 


 ពាក្យគន្លឹះ  ក្រសួងបរិស្ថាន

ព័ត៌មានផ្សេងទៀត