​ចៅក្រម​ស៊ើបសួរ​​សម្រេច​បញ្ជូន​សំណុំរឿង​​លោក​កឹម សុខា ទៅ​ជំនុំជម្រះ​​

03-12-2019 9:26 am 800

​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​បញ្ជូន​សំណុំរឿង​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៩ ទៅ​ជំនុំជម្រះ ក្រោយពី​បាន​ស៊ើបសួរ​អស់​រយៈពេល​ជាង​២​ឆ្នាំ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៩​។ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ក្រោយពី​បាន​ស្រាវជ្រាវ និង​ស៊ើបសួរ​ចប់សព្វគ្រប់ «​ចៅក្រម​ស៊ើបសួរ​ពិនិត្យឃើញថា មាន​ភស្តុតាង​ដាក់បន្ទុក​គ្រប់គ្រាន់​» ដើម្បី​កាត់ទោស​លោក​កឹម សុខា ពីបទ​«​សន្ទិដ្ឋិភាព​ជាមួយ​បរទេស‍​»​។​

​សូម​រំលឹកថា លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ទាំង​កណ្ដាលយប់ ឈានចូល​ថ្ងៃ​ទៅ​០៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ហើយ​បាន​យកទៅដាក់​ឃុំឃាំង​ត្រពាំង​ផ្លុង បន្ទាប់មក​លោក​ត្រូវបាន​គេ​ឃុំ​ក្នុងផ្ទះ​វិញ តែ​ក្រោយមកទៀត​ក៏​ត្រូវបាន​ដោះលែង​ឱ្យ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន តែ​ស្ថិតក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ ដោយមាន​លក្ខខណ្ឌ​មួយចំនួន​កាលពីដើម​ខែវិច្ឆិកា ឆ្នាំ​២០១៩​។ លោក កឹម សុខា ត្រូវបាន​ជាប់ចោទ​ពីបទ​«​សន្ទិដ្ឋិភាព​ជាមួយ​បរទេស‍​» តាម​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ក្រោយ​ការចាប់ខ្លួន​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​នាំឱ្យ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា មាន​ការប្រែប្រួល ដោយ​ក្នុងនោះ​មានដូចជា បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ធ្លាក់ចុះ ហើយ​សហគមន៍​អន្តរជាតិ ជាពិសេស​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​ប្រទេស​លោក​សេរី​ដទៃទៀត បាន​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា និង​ទាមទារ​ឱ្យ​ដោះលែង​រូបលោក កឹម សុខា ដោយ​គ្មាន​លក្ខខណ្ឌ និង​អនុញ្ញាតឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើងវិញ​។​

​ពាក់ព័ន្ធ​ការចាប់ និង​ឃុំខ្លួន​លោក កឹម សុខា នេះដែរ សហភាព​អឺរ៉ុប បាន​ព្រមាន​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA លើកលែងតែ​អាវុធ បើសិនជា​រដ្ឋាភិបាលរ​បស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន មិន​ស្តារ​ស្ថានការណ៍​មក​ដូចដើម​វិញ​ទេ​។ សហភាព​អឺរ៉ុប​ទុកពេល​ឱ្យ​កម្ពុជា​រហូតដល់​ថ្ងៃទី​១២ ខែ​ធ្នូ មុននឹង​សម្រេច​ជា​ចុងក្រោយ​នៅ​ខែកុម្ភៈ ឆ្នាំ ២០២០ ថា​ត្រូវ​ព្យួរ​ឋានៈ EBA ឬ​យ៉ាងណា​៕


ព័ត៌មានផ្សេងទៀត