គិតត្រឹមវេលាម៉ោង ៦ល្ងាច ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ មនុស្សចំនួន ៣នាក់ហើយបានស្លាប់បាត់បង់ជីវិត និង១៣នាក់ទៀតរងរបួស ត្រូវបានជួយសង្គ្រោះចេញពីគំនរសាលាឆាន់ ដែលបានបាក់រលំពេលកំពុង សាង សង់ នៅវត្តប្រាសាទគោកចក ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចដែលនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះទាំង ៣នាក់ដែលបានស្លាប់នោះ មានម្នាក់ស្លាប់នៅកន្លែងកើតហេតុ និង២នាក់ស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។អ្នកស្លាប់ទាំង៣នាក់ រួមមាន៖ឈ្មោះ លី សំណាង ភេទប្រុស អាយុ២៨ឆ្នាំ ,ឈ្មោះ យិន សំណាង ភេទប្រុស អាយុ៣៥ឆ្នាំ និងឈ្មោះ ឡន ឡក់ ភេទប្រុស អាយុ៤០ឆ្នាំ ។
នៅក្នុងហេតុការណ៍នេះផងដែរ ក៏មានក្រុមជួយសង្គ្រោះ៧១១ នៃកងពលតូចលេខ៧០ បានចេញទៅជួយសង្គ្រោះដោយសហការជាមួយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ។
សូមបញ្ជាក់ដែរថា កាលពីរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ មានហេតុការណ៍បាក់ស្រុតសាលាឆាន់កម្ពស់៨ម៉ែត្រ ទំហំ៣០ម៉ែត្រ គុណ២០ម៉ែត្រ ដែលកំពុងសាងសង់ នៅវត្តប្រាសាទគោកចក ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Fresh News ៕