ស្រុត​សាលាឆាន់​នៅ​សៀមរាប​៖​ស្លាប់​៣​នាក់ និង​រង​របួស​ជាង​១០​នាក់​

02-12-2019 6:24 pm 320

​គិត​ត្រឹម​វេលា​ម៉ោង ៦​ល្ងាច ថ្ងៃទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ មនុស្ស​ចំនួន ៣​នាក់​ហើយ​បាន​ស្លាប់​បាត់បង់​ជីវិត និង​១៣​នាក់ទៀតរងរបួស ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញ​ពី​គំនរ​សាលាឆាន់ ដែល​បាន​បាក់​រលំ​ពេល​កំពុង សាង សង់ នៅ​វត្ត​ប្រាសាទ​គោកចក ស្ថិតក្នុង​សង្កាត់​គោកចក ក្រុង​សៀមរាប​។​

​បើ​តាម​ការបញ្ជាក់​ពី​សមត្ថកិច្ច​ដែល​នៅ​កន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ​ទាំង ៣​នាក់​ដែល​បាន​ស្លាប់​នោះ មាន​ម្នាក់​ស្លាប់​នៅ​កន្លែងកើតហេតុ និង​២​នាក់​ស្លាប់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។​អ្នក​ស្លាប់​ទាំង​៣​នាក់ រួមមាន​៖​ឈ្មោះ លី សំណាង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ,​ឈ្មោះ យិន សំណាង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ និង​ឈ្មោះ ឡ​ន ឡក់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ។​

​នៅក្នុង​ហេតុការណ៍​នេះ​ផង​ដែរ ក៏​មាន​ក្រុម​ជួយសង្គ្រោះ​៧១១ នៃ​កងពល​តូច​លេខ​៧០ បាន​ចេញ​ទៅ​ជួយ​សង្គ្រោះ​ដោយ​សហការ​ជាមួយ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្ដរាយ អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​នាក់​ទៀត​ផង​ដែរ​។​

​សូម​បញ្ជាក់​ដែរ​ថា កាលពី​រសៀល​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ មាន​ហេតុការណ៍​បាក់ស្រុត​សាលាឆាន់​កម្ពស់​៨​ម៉ែត្រ ទំហំ​៣០​ម៉ែត្រ គុណ​២០​ម៉ែត្រ ដែល​កំពុង​សាងសង់ នៅ​វត្ត​ប្រាសាទ​គោកចក ស្ថិតក្នុង​សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប​។​នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Fresh News ៕

 

ព័ត៌មានផ្សេងទៀត