ចិន​ឈប់​ឲ្យ​នាវា​អាមេរិក​​ចូល​ចត​​នៅ​ហុងកុង​​និង​ដាក់ទណ្ឌកម្ម​​ក្រុម​NGOs

02-12-2019 4:37 pm 255

​ទីក្រុង​ប៉េកាំង​បានប្រកាស​ឈប់​អនុញ្ញាតឲ្យ​នាវា​កងទ័ពជើងទឹក​អាមេ​រិក ធ្វើ​ទស្សនកិច្ច​នៅក្នុង​ទីក្រុង​ហុងកុង​ទៀតហើយ បន្ទាប់ពី​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ ចុះហត្ថលេខា​លើ​សេចក្ដីព្រាងច្បាប់​គាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​អ្នកស្រី​ហ័រ ឈុន​យី​ង បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ចិន​លែង​ពិនិត្យ​លើ​សំណើសុំ​ឲ្យ​នាវា​អាមេរិក​ចូលមក​ហុងកុង​ទៀតហើយ​។ ចិន​ក៏បាន​ហាមឃាត់​នាវា​កងទ័ពជើងទឹក​អាមេរិក​មួយចំនួន​ដែរ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។​

​អ្នកស្រីហ័​រ​បានប្រកាស​ថា ចិន​បាន​ដាក់ទណ្ឌកម្ម​លើ​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួនទៀត ដូចជា Human Rights Watch, Freedom House និង National Democratic Institute ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ដ​បទឧក្រិដ្ឋ អំពើហិង្សា ការបំបែកបំបាក់​នៅ​ហុងកុង​។ អ្នកស្រី​ប្រាប់​អ្នកសារព័ត៌មាន​ថា អង្គការ NGOs​ទាំងអស់នេះ ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ភាពចលាចល​នៅ​ហុងកុង​បច្ចុប្បន្ន​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​សង្កត់ធ្ងន់ថា វិធានការ​នៅពេលនេះ​ជា​ការឆ្លើយតប​ដោយផ្ទាល់ ចំពោះ​ច្បាប់​ស្ដីពី​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ហុងកុង​ឆ្នាំ​២០១៩ ដែល​ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក​ដូណាល់ ត្រាំ​កាលពី​សប្ដាហ៍​មុន​។ ច្បាប់​នេះ​អនុញ្ញាតឲ្យ​អាមេរិក​ដាក់ទណ្ឌកម្ម​លើ​មន្ដ្រី​ចិន​និង​ហុងកុង ដែល​ជំរុញឲ្យមាន​ការរំលោ​ភ​សិទ្ធិមនុស្ស​នៅ​ហុងកុង​។ សមាជិកសភា​អាមេរិក​បាន​អះអាងថា​ច្បាប់​នេះ នឹង​ជួយ​លើ​កម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​ដាក់ទោស​មន្ដ្រីប៉ូលិស​ពីបទ​ធ្វើបាប​អ្នក​តវ៉ា​ដោយ​សន្ដិវិធី​។ ប៉ុន្ដែ​ទីក្រុង​ប៉េកាំង​បាន​បន្ទោស​ថា អ្វីដែល​អាមេរិក​បានធ្វើ​រំលោភ​លើ​ច្បាប់​អន្ដរជាតិ និង​ជា​ការប៉ុនប៉ង​ចូល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​។ 

​ការដែល​លោក​ត្រាំ​ចុះហត្ថលេខា​លើ​ច្បាប់​គាំទ្រ​ហុងកុង កំពុង​បង្ក​ជា​ក្ដីបារម្ភ​មួយទៀត​រវាង​ប្រទេស​មហាអំណាច​ទាំងពីរ នោះ​គឺ​មិនអាច​រកឃើញ​កិច្ចព្រមព្រៀង​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម​។ ការព្រួយបារម្ភ​ដ្បិតថា​ចិន​ធ្លាប់​គំរាម​អាមេរិក បើ​ហ៊ាន​ចុះហត្ថលេខា​លើ​សេចក្ដីព្រាងច្បាប់​នេះ អាមេរិក​នឹង​ប្រឈម​ការ​សងសឹក​ពី​ចិន​។ សង្គ្រាម​ពាណិជ្ជកម្ម​អូសបន្លាយ​ជា​យូរ​ឆ្នាំ កំពុង​ជះឥទ្ធិពល​ដល់​ទីផ្សារ​អន្ដរជាតិ​៕

 ពាក្យគន្លឹះ  អាមេរិកចិនហុងកុង

ព័ត៌មានផ្សេងទៀត