​លោក​ហ៊ុន សែន​៖​​ទូត​អឺរ៉ុប​ថ្មី​បន្ត​ធ្វើជា​ដៃគូ​ជួយ​កម្ពុជា​​ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​​

02-12-2019 3:48 pm 203
  ស្តាប់
ស្តាប់ជាសំឡេង

​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ថ្មី​ប្រចាំ​កម្ពុជា គឺ​លោកស្រី Carmen Moreno នៅ​ព្រឹក​ថ្ងៃទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ​។ លោក ហ៊ុន សែន បានបញ្ជាក់​នៅលើ​ហ្វេ​សប៊ុក​ថា ក្នុងជំនួប​នោះ លោកស្រី Carmen Moreno ពិតជា​មាន​មោទនភាព​ណាស់​ចំពោះ​កម្ពុជា នឹង​បន្ត​ជា​ដៃគូ​ជួយ​កម្ពុជា​ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​កម្ពុជា​ប្រកបដោយ​ចីរភាព​​។ លោក​បន្តទៀតថា ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ថ្មី​ប្រចាំ​កម្ពុជា​រូបនេះ ក៏​សម្តែង​នូវ​ការភ្ញាក់ផ្អើល និង​អបអរសាទរ​យ៉ាងខ្លាំង​ចំពោះ​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​ផងដែរ​។ 

​នាយករដ្ឋមន្ត្រី​កម្ពុជា​រូបនេះ ក៏បាន​ឱ្យដឹងទៀតថា លោកស្រី Carmen Moreno ថា​កម្ពុជា​មាន​ការអភិវឌ្ឍ និង​កំពុង​ដើរ​លើ​ផ្លូវត្រូវ​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព លើ​បញ្ហា​ប្រែប្រួល​អាកាសធាតុ ការថែរក្សា​គ្រប់គ្រង​ធនធានធម្មជាតិ និង​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​ប្រកបដោយ​ចីរភាព​។ ទន្ទឹមនឹងនោះ លោកស្រី​ថា ទាំងនេះ​គឺ​ទទួល​បានមកពី​សុខសន្តិភាព និង​ស្ថិរភាព​ដែល​កម្ពុជា​ទទួលបាន ហើយ​សុខសន្តិភាព ស្ថិរភាព​នេះ ទៀតសោធ គឺជា​មូលដ្ឋាន​ចាំបាច់​បំផុត​សម្រាប់​អនាគត​កម្ពុជា ក្នុង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ក៏ដូចជា​សម្រាប់​យុវជន​ជំនាន់​ក្រោយ​របស់​កម្ពុជា​ដែរ​។ 

​ក្នុងជំនួប​នោះដែ​រលោក ហ៊ុន សែន ក៏បាន​អរគុណ​នូវ​ការមើលឃើញ​ពី​សុខសន្តិភាព និង​ស្ថិរភាព​កម្ពុជា ដែល​លោកស្រី​បានលើកឡើង ព្រោះ​អ្វីដែល បានលើកឡើង​គឺជា​មូលដ្ឋាន​មួយ​ដែល​កម្ពុជា​និង​សហគមន៍​អឺរុប អាច​បន្ត​ធ្វើការ​រួមគ្នា​ពង្រឹង​ទំនាក់ទំនង​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។ លោក ហ៊ុន សែន បាន​លើកឡើងថា យើង (​កម្ពុជា​-​សហភាព​អឺរ៉ុប​) គប្បី​ណា​ឈរលើ​មូលដ្ឋាន​ត្រឹមត្រូវ​នូវ​រាល់​កិច្ចការងារ​ដែល​យើង​បាន​សហការគ្នា​កន្លងមក និង​ស្វែងរក​នូវ​អ្វីដែល​យើង​អាច​សហការ​ធ្វើ​ការរួម​គ្នា​បន្តទៀត ក្នុង​ភាពជា​ដៃគូរ​ផង និង​ក្នុង​កិច្ច​ពង្រឹងពង្រីក​ទំនាក់ទំនង​រវាង​សហគមន៍​អឺរ៉ុប និង​កម្ពុជា​ផង​៕

ព័ត៌មានផ្សេងទៀត