ប្រវត្តិ​សង្ខេបនៃ​ថ្ងៃកំណើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​

02-12-2019 2:44 pm 106
  ស្តាប់
ស្តាប់ជាសំឡេង

​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ​(២​ធ្នូ ១៩៧៨-២​ធ្នូ ២០១៩)​គឺជា​ខួប​លើក​ទី​៤១ នៃ​ថ្ងៃកំណើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ឬ​ហៅ​ថា «​រណសិរ្ស​២​ធ្នូ​»​។​«​រណសិរ្ស​២​ធ្នូ​»​គឺជា​ថ្ងៃ​នៃ​ចលនា​ផ្តួលរំលំ​របប​ដឹកនាំ​សម្លាប់​រង្គាលពួក​ខ្មែរក្រហម​។ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​បាន​កើតឡើង​ដោយសារ​តែ​កម្លាំង​មហា​សាមគ្គី​ប្រជាជន​ទាំងមូល ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​មាន​លោក ហេង សំរិន លោក​ជា ស៊ីម និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​វីរជន​ជាច្រើនរូប​ទៀត​ជា​ប្រមុខ​ដឹកនាំ ។​

២ ធ្នូ ឆ្នាំ​២០១៩ ជា​ខួប​លើក​ទី​៤១ នៃ​កំណើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​បច្ចុប្បន្ន​ត្រូវបាន​ប្តូរ ឈ្មោះថា ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បានចាប់កំណើត​ឡើង​នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ និង​បាន​ប្រកាស​ចេញ​សេចក្តីថ្លែងការណ៍ ១១​ខ របស់​ខ្លួន​នៅ​តំបន់​រំដោះ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ​។​

​យោងទៅតាម​ឯកសារ​នានា បានឲ្យដឹងថា នៅ​ឆ្នាំ​១៩៧៧ ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​រស់នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន ដូចជា​៖​ខេត្តសៀមរាប បាត់ដំបង កំពង់ធំ មណ្ឌលគិរី កំពង់ឆ្នាំង បានប្រកាស​ក្រោក​ឡើង​ប្រឆាំង​ទៅ​នឹង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ខ្មែរក្រហម​ព្រោះ​របប​នេះ បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រង​នូវ​ភាព​លំបាក​វេទនា ដោយ​ត្រូវ​គេ​បង្ខំ​អោយ​ធ្វើការ​ជា​ទម្ងន់ បង្អត់អាហារ គ្មាន​ថ្នាំ​ព្យាបាល ខ្វះ​សម្លៀកបំពាក់ គ្មាន​ជម្រក​រស់នៅ​សមរម្យ បំបិទ​សិទ្ធិសេរីភាព​គ្រប់បែបយ៉ាង ពិសេស​គឺ​ត្រូវបាន​ពួក​ខ្មែរក្រហម យកទៅ​សម្លាប់ចោល ដោយ​គ្មាន​ទោសកំហុស​ទាល់តែសោះ​។​

​ជាងនេះទៅទៀត​របប​ខ្មែរក្រហម​នេះ ថែមទាំង​បាន​ជាន់ឈ្លី និង​បំផ្លាញ​វប្បធម៌ អរិយធម៌ បំបាត់​សិទ្ធិសេរីភាព​ខាង​ជំនឿ សាសនា ចាប់បង្ខំ​ឲ្យ​បុរស​នារី រៀប​អាពាហ៍ពិពាហ៍​ជា​សមូហភាព​រាប់សិប​គូ ដោយ​គ្មាន​មនោសញ្ចេតនា​។​ពួក​វា​បំផ្លិចបំផ្លាញ​វត្ត​អារាម​ព្រះពុទ្ធសាសនា ដែល​ជា​សាសនា​របស់​ជាតិ​តាំងពី​យូរលង់ បិទទ្វារ​សាលារៀន​តាំង ពី​បឋម​រហូត​ដល់​ឧត្តមសិក្សា និង​កាត់ផ្តាច់​នូវ​មនោសញ្ចេតនា ក្នុង​គ្រួសារ​រវាង​ឪពុក ម្តាយ ជីដូន​ជីតា បងប្អូន ប្តី​ប្រពន្ធ ញាតិមិត្ត សាច់​សាលោហិត ហើយ​មិន​អនុញ្ញាត​ឲ្យ មាន​ទំនាក់ទំនង​ជា​ប្រក្រតី​បានឡើយ​។​

​ចលនា​បះបោរ​របស់​ប្រជាជន បាន​ធ្វើឲ្យ​ពួក​ខ្មែរក្រហម ចាប់ផ្តើម​សម្លាប់​ប្រជា​ពលរដ្ឋ​កាន់តែ​ច្រើន និង​គ្រប់កន្លែង​ទូទាំង​ប្រទេស ពិសេស​ភូមិភាគ​និរតី ពាយ័ព្យ ឧត្តរ និង​បូព៌ា​។​ចលនា​បះបោរ​នេះ គឺ​កាន់តែ​ធំ​ឡើងៗ ហើយ​រីក​រាលដាល​ទូទាំង​ប្រទេស ដូចជា​៖​នៅ​ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង និង​ស្រុក​ប​កែវ ខេត្ត​រតនគិរី ជាដើម​។​
​ក្នុង​ឆ្នាំ​១៩៧៨ នៅ​ភូមិភាគ​បូ​ព៌ា សម​មិត្ត​ហេង សំរិន ជា​មេបញ្ជាការ​កងពលធំ​លេខ​៤ បាន​ដឹកនាំ​កុបកម្ម​មួយ​ប្រឆាំង​នឹង​ខ្មែរក្រហម​។​ក្រុម​កុបករ​ទាំងអស់ បាន​បាច​ខិតប័ណ្ណ​អំពាវនាវ​ឲ្យ​ប្រជាជន​កម្ពុជា​ទាំងអស់គ្នា ក្រោក​ឡើង​រួម​សាមគ្គី​ជា​កម្លាំង ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ប្រល័យពូជសាសន៍ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។​

​នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ មហាសន្និបាត​របស់​អ្នកស្នេហាជាតិ​គ្រប់​តំបន់ បាន​ធ្វើឡើង​នៅ​មូលដ្ឋាន​រំដោះ​។​មហាសន្និបាត​បាន​សម្រេច​ជា​ឯកច្ឆ័ន្ទ​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​បោះឆ្នោត​ជ្រើសតាំង​គណៈកម្មាធិកា​រ​មជ្ឈិម​រណសិរ្ស ដែល​មាន​សមាជិក ១៤​រូប ក្នុងនោះ​មាន សម​មិត្ត ហេង សំរិន ជា​ប្រធាន ហើយ​បាន​អនុម័ត​កម្មវិធី​នយោបាយ​ចំនួន​៣ ដោយ​៖១.​ផ្តួលរំលំ​របស់​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម រំដោះប្រជាជន​ទូទាំង​ប្រទេស​ឲ្យ​រួចផុត​ពី​រណ្តៅ​មរណៈ ,២.​គោរព​ឆន្ទះ និង​គោលបំណង​របស់​ប្រជាជន​កម្ពុជា និង​ទី​៣.​កសាង​ប្រទេស​កម្ពុជា ប្រកបដោយ​សន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ អព្យាក្រឹត្យ បូរណភាព​ទឹកដី និង​សម្បូរ​រុងរឿង​។​

យ៉ាង​ក៏​ដោយ​រណសិរ្ស​២​ធ្នូ មិនមែន​ជា​ចលនា​រំដោះ​ជាតិ​លើក​ដំបូង​ទេ សម្រាប់​ប្រទេស​កម្ពុជា ប៉ុន្តែ វា​ជា​ចលនា​តស៊ូ​មួយ​ដែល​ត្រូវបាន​បង្កើតឡើង​ក្នុងស្ថានភាព​ដែល​ប្រទេស​ជាតិ​ធ្លាក់​ក្នុង​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​។​នៅ​ចាំបាន​ថា ក្រោយ​ចលនា​រណសិរ្ស​២​ធ្នូ​ឆ្នាំ​១៩៧៨ គេ​ក៏​ឃើញ​មាន​ផងដែរ ចលនា​តស៊ូ​ជាយដែន​ក្នុង​ទសវត្សរ៍​ទី​៨០ និង ៩០​ដែល​ត្រូវ​គេ​បង្កើតឡើង​ក្នុង​បុព្វហេតុ​រំដោះ​ប្រទេស​ជាតិ​ដូចគ្នា ។ តែ​ក្រោយ​ពី​មាន​ដំណោះស្រាយ​នយោបាយ ទើប​ភាគី​ជម្លោះ​នយោបាយ​ខ្មែរ​ទាំងអស់​ឈានដល់​ការព្រមព្រៀង​គ្នា​ដាក់អាវុធ និង ជ្រើសរើស​យក​ការបោះឆ្នោត​ជា​ទីលាន​ប្រកួតប្រជែង​វិញ ។ 

​បច្ចុប្បន្ននេះ កម្ពុជា​បាន​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ និង បាន​ស្គាល់​ការអភិវឌ្ឍន៍​ឡើងវិញ ។ បើ​ក្រឡេក​កាលពី​៤១​ឆ្នាំមុន ពលរដ្ឋ​ខ្មែរ​ដែល​រស់​ក្នុង​របប​ខ្មែរក្រហម​រស់ក្នុង​ភាពអត់ឃ្លាន និង បន់ស្រន់​ឱ្យ​របប​ដ៏​ខ្មៅ​ងងឹត​មួយ​នេះ​រលត់​រលាយបាត់​ឆាប់ៗ ៕

 


ព័ត៌មានផ្សេងទៀត