ក្រុម​ប្រឹក្សា​​ឃ្លាំ​មើល​​កម្ពុជា​​ទទូច​ឱ្យ​​រដ្ឋាភិបាល​​លុប​​គម្រោង​​ផ្តល់​ដី​​ដល់​​អន្តោប្រវេសន៍​វៀត​ណាម​​

02-12-2019 1:57 pm 675

​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា នៅ​ថ្ងៃ​ទី​០២ ធ្នូ​នេះ បាន​សេចក្តី​ថ្លែងការណ៍​ច្រាន​ចោល​ចំពោះ​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​សម្រេច​ផ្តល់​ដី​ប្រមាណ ៤០​ហិកតាឱ្យ​ជន​អន្តោ​ប្រវេស៍​វៀតណាម ធ្វើ​ជា​លំនៅ​ឋាន​។ ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវ​លុបចោល​ជា​បន្ទាន់​នូវ​សេចក្តីសម្រេច​ផ្តល់​ដល់​អន្តោប្រវេសន៍​វៀតណាម​នេះ ដើម្បី​ជា​ការឆ្លើយតប​ចំពោះ​ការទាមទារ​របស់​ពល​រដ្ឋ​ខ្មែរ​។ 

​តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​នៅថ្ងៃនេះ ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​បាន​យល់ឃើញថា រាជរដ្ឋាភិបាល​មិន​ត្រូវ​ផ្តល់​ដីធ្លី​ដល់​ជនអន្តោប្រវេសន៍​វៀតណាម​ណា​ម្នាក់ ធ្វើ​ជា​លំនៅឋាន​ជាដាច់ខាត​។ សម្រាប់​ជនអន្តោប្រវេសន៍ ទទួលបាន​សញ្ជាតិ​ខ្មែរ​រួចហើយ ពួកគេ​ត្រូវតែ​រក​លទ្ធភាព​ទិញ ឬ​ជួល​ផ្ទះ​សម្រាប់​ស្នាក់​នៅ​ដោយ​ខ្លួនឯង​។​

​សម្រាប់​ក្រុមប្រឹក្សា​ឃ្លាំមើលកម្ពុជា រាជរដ្ឋាភិបាល​​គួរតែ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ដីធ្លី ផ្ទះសម្បែង ជូន​ពលរដ្ឋ​ខ្មែរ​រងគ្រោះ ដែល​ត្រូវបាន​រំលោភបំពាន​ដោយ​អ្នកមានអំណាច និង​ពួក​ឈ្មួញ​ខិលខូច ដូច​ជា​ករណ៏ពល​រដ្ឋបុរី​កីឡា​ភ្នំពេញ អ្នកភូមិ​ឡ​ពាង ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង និង​ពលរដ្ឋ​ខេត្តកោះកុង​ជាដើម​។​ល​។​

​ជា​ការកត់សម្គាល់ ប៉ុន្មាន​ថ្ងៃ​មកនេះ អ្នកតាមដាន​សង្គម​មួយចំនួន និង​អ្នក​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​គោលនយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន បាន​ធ្វើ​ការរិះគន់ និង​ចោទប្រកាន់​ថា​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង បាន​កាត់​ដី​ឲ្យ​វៀតណាម តាមរយៈ​ការត្រៀម​ដី​ចំនួន​៤០​ហិច​តា នៅក្នុង​ខេត្ត​នេះ​សម្រាប់​ឲ្យ​ពលរដ្ឋ ដែល​រស់នៅ​លើទឹក តាំង​ទីលំនៅ​ថ្មី​នៅ​លើ​គោក​។​

យ៉ាងណាក៏ដោយ​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង បាន​ចេញ​សេចក្តី​បំភ្លឺថា ពលរដ្ឋ​ដែល​ត្រូវ​បំលាស់​ទី​ពី​ផ្ទះ​បណ្តែត​ទឹក​ទៅ​រស់នៅ​ទីតាំង​ថ្មី​លើគោក គឺ​មិន​មាន​កម្មសិទ្ធិ​គ្រប់គ្រង​ដីធ្លី​នោះទេ គឺ​ពួកគេ​រស់នៅ​ក្នុង​ស្ថានភាព​ជួល​ដី និង​ត្រូវបាន​គ្រប់គ្រង​ដោយ​រដ្ឋបាល​ខ្មែរ​សុទ្ធសាធ​។​ហើយ​ចំណាត់ការ​របស់​រដ្ឋបាល​ខេត្ត មិនមែន​ជា​ការ​កាត់​ដី​ឲ្យ​យួន​នោះទេ ដោយហេតុ​ថា នៅ​លើ​គោក​ក៏​ជា​ដី​ខ្មែរ និង​នៅក្នុង​ទឹក​ក៏​ជា​ដី​ខ្មែរ​។​

​គួរបញ្ជាក់​ថា ពលរដ្ឋ​ដែល​ត្រូវ​បំលាស់​ទី​ពី​ផ្ទះ​បណ្តែត​ទឹក​ទៅ​រស់នៅ​ទីតាំង​ថ្មី​លើគោក​មាន​ចំនួយជាង​៤​ពាន់​គ្រួសារ ក្នុង​នោះ​ជន​អន្តោ​ប្រវេស៍​វៀតណាម​មាន​ចំនួន​ជាង​២​ពាន់​គ្រួសារ និង​ខ្មែរឥស្លាម និង​ពលរដ្ឋ​ខ្មែរ​ជាង​២​ពាន់​គ្រួសារ​។​ការ​បំលាស់​ទី​អ្នក​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក ឲ្យទៅ​នៅ​លើ​គោក រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​ពន្យល់ថា គឺជា​ការ​គិតគូ​ពី​ហេតុផល​បរិស្ថាន ភាពប្រសើ​ឡើង​នៃ​ការរស់នៅ​របស់​មនុស្ស និង​ធ្វើ​ទៅ​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ​៕

ព័ត៌មានផ្សេងទៀត