ករណី​ឃាតកម្ម​លើ​អ្នក​សែត​ស្រី​ម្នាក់ ជំរុញ​ឲ្យ​នាយករដ្ឋមន្ត្រី​ម៉ា​ល់តា​ចុះ​ចេញពី​តំណែង​

02-12-2019 1:41 pm 798

​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ា​ល់តា​លោក Joseph Muscat បាន​បើក​កិច្ចប្រជុំ​រយៈពេល​៤​ម៉ោង ជាមួយ​សមាជិកសភា មុននឹង​សម្រេចចិត្ត​ថ្លែង​សន្ទរកថា នៅ​ប៉ុស្តិ៍​ទូរទស្សន៍​ជាតិ ប្រកាស​ពី​ការលាលែង​ពី​តំណែង នាយករដ្ឋមន្ត្រី​និង​ប្រធាន​គណបក្ស ពលករ​។ លោក​ថ្លែងថា​នឹង​ចុះ​ចេញពី​តំណែង​ប្រធាន​គណបក្ស នៅ​ថ្ងៃទី​១២​ខែមករា​ឆ្នាំ​២០២០ ហើយ​លាលែង​ពី​តំណែង​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃ​បន្ទាប់​។ លោក Muscat បាន​កាន់អំណាច​អស់​រយៈពេល ៦​ឆ្នាំ ដោយ​ឈ្នះ​ការបោះឆ្នោត​ពីរ​អាណត្តិ ជាមួយ​សំឡេងគាំទ្រ​យ៉ាង​ភ្លូកទឹកភ្លូកដី​បាន​ថ្លែង​ទៀតថា ម៉ា​ល់តា​ត្រូវ​ការចាប់ផ្តើម​បើក​ជំពូក​ថ្មី ហើយ​មានតែ​រូបលោក​ទេ ដែល​អាច​អនុញ្ញាត​បាន​។ លោក​បាន​ថ្លែង​ដែរថា ការទទួលខុសត្រូវ​ទាំងអស់នេះ ដែល​លោក​ធ្វើ គឺ​មិនអាច​ប្រៀបធៀប​ទៅនឹង​ការឈឺចាប់ ដែល​គ្រួសារ​ជនរងគ្រោះ​ជួបប្រទះ​បានឡើយ​។​

​ការប្រកាស​ចុះ​ចេញពី​តំណែង​របស់នាយករដ្ឋមន្រ្តីវ័យ៤៥ឆ្នាំរូបនេះ ធ្វើឡើង​ក្រោយ​រង​នូវ​សម្ពាធ​ទាមទារ​ឲ្យ​ចុះ​ចេញពី​តំណែង​កាន់តែខ្លាំង​ឡើងៗ បន្ទាប់ពី​អ្នកជំនួញ​ម្នាក់ ដែលមាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​របស់លោក ត្រូវបាន​ចោទប្រកាន់​ពីបទ សមគំនិត​នៅក្នុង​ការប្រព្រឹត្ត​អំពើ​ឃាតកម្ម លើ​អ្នកកាសែត​ស្រី​ឈ្មោះ Daphne Caruana Galizia កាលពី​ថ្ងៃ​សៅរ៍​។ ក្រុមគ្រួសារ​របស់​អ្នកកាសែត ដែល​ត្រូវបាន​គេ​សម្លាប់​និយាយថា នាយករដ្ឋមន្ត្រី គួរតែ​លាលែង​ពី​តំណែង ពីព្រោះ​លោក​បរាជ័យ នៅក្នុង​ការចាត់វិធានកា​រ​បោសសម្អាត​ភាពកខ្វក់ ចេញពី​ទីលាន​នយោបាយ​ប្រទេស​ម៉ា​ល់តា ក្នុង​រយៈពេល​ពីរ​ឆ្នាំកន្លងមក​។ ពួកគេ​ថា ដរាបណា​លោក Joseph Muscat នៅតែ​ជា​នាយករដ្ឋមន្ត្រី នោះ​ការស៊ើបអង្កេត​ដោយ​ពេញលេញ ក្នុងករណី​ឃាតកម្ម​លើ​អ្នកស្រី Galizia​នៅតែ​មិនអាច​ធ្វើទៅបាន​។​

​ដ្បិត​អ្នកកាសែត​ស្រី Caruana Galizia ត្រូវបាន​គេ​ស្លាប់​រយៈពេល​២​ឆ្នាំ​ហើយ​ក្តី ប៉ុន្តែ​ការស្លាប់​របស់​អ្នកស្រី នៅតែ​ដ​ក់ជាប់​នៅក្នុង​ដួងចិត្ត​ប្រជាជន​ម៉ា​ល់តា​។ អ្នកស្រី​ជា​អ្នកកាសែត​ស្រី​ល្បីឈ្មោះ​មួយរូប ដែល​ហ៊ាន​ស៊ើបអង្កេត ស្រាវជ្រាវ​ក្នុង​សំណុំរឿង​រសើបៗ ឬ​អំពើពុករលួយ ពាក់ព័ន្ធ​នឹង​អ្នកជំនួញ​គ្រាក់ៗ និង​អ្នកនយោបាយ​គ្រប់​គណបក្ស​។ នៅ​ក្នុងនោះ សូម្បីតែ​ភរិយា​របស់​នាយករដ្ឋមន្ត្រី ក៏​អ្នកស្រី​មិន​ញញើត នៅក្នុង​ការបង្ហាញ​ពី​កំហុសឆ្គង​ដែរ ហើយ​ក្នុង​រឿងនេះ​អ្នកស្រី Galizia ក៏​ធ្លាប់​ទទួល​នូវ​ការ​ប្តឹងផ្តល់ ពី​នាយករដ្ឋមន្ត្រី​ទៀតផង​។ ការ​បំពេញការងារ ក្នុងនាម​ជា​អ្នកកាសែត​ស៊ើបអង្កេត​សំណុំរឿង​ពុករលួយ​ធំៗ ប្រាកដ​ណាស់​អ្នកស្រី​មិន​ត្រូវបាន​ស្វាគមន៍ ដោយ​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​នោះទេ ព្រោះតែ​ប៉ះពាល់​ដល់​ប្រយោជន៍ ឋានៈ​និង​តួនាទី​របស់គេ​។​

​អាយុ​៥៣​ឆ្នាំ អ្នកស្រី Caruana Galizia ត្រូវបាន​គេ​សម្លាប់ តាមរយៈ​ការ​បង្កប់​គ្រាប់បែក​នៅក្នុង​រថយន្ត​របស់​អ្នកស្រី បណ្តាលឲ្យ​ផ្ទុះ​យ៉ាង​កក្រើក ប៉ើង​រថយន្ត​ធ្លាក់​ពី​លើផ្លូវ កាលពី​ខែតុលា​ឆ្នាំ​២០១៧​។ មិនយូរប៉ុន្មាន បុរស​៣​នាក់​ត្រូវបាន​ចាប់ខ្លួន និង​ត្រូវបាន​ចោទប្រកាន់​ពីបទ​ឃាតកម្ម​។ បុរស​ទាំង​៣​នាក់​នេះ មានឈ្មោះ​Alfred និង​George Degiorgio អ្នក​ទាំងពីរ​ជា​បងប្អូន​នឹង​គ្នា និង​ម្នាក់ទៀត​ជា​មិត្តភក្តិ ឈ្មោះ​Vincent Muscal​។ ការសម្លាប់​នេះ ពួកគេ​ទាំងបី​នាក់ ទទួលបាន​ប្រាក់​ចំនួន​១៥០,០០០​អឺរ៉ូ ឬស្មើនឹងជាង១៦៥,០០០ដុល្លារ ។ 

​សំណុំរឿង​ឃាតកម្ម​អ្នកកាសែត​រូបនេះ នៅតែមាន​ភាពរស់រវើក ដោយ​ការវិវឌ្ឍ​ថ្មី​ចុងក្រោយ​នេះ គឺ​លោក Chris Cardona រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ត្រូវបាន​សាកសួរ​ដោយ​ប៉ូលិស ប៉ុន្តែ​លោក​បាន​បដិសេធ ថា​មិន​បានធ្វើ​ខុស​អ្វី​ទេ​។ នៅ​ចុង​សប្តាហ៍​កន្លងទៅ​ថ្មីៗ​នេះ​ទៀត លោក Yorgen Fenech អ្នកជំនួញ​ដែលមាន​ទំនាក់ទំនង​ជាមួយ​លោក Keith Schembri ប្រធាន​បុគ្គលិក​របស់លោក Muscat និង​លោក Konrad Mizzi រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ផង​នោះ ត្រូវបាន​ចោទប្រកាន់​ពីបទ​សមគំនិត នៅក្នុង​ការប្រព្រឹត្ត​អំពើ​ឃាតកម្ម បើទោះបីជា​អ្នកជំនួញ​ម្នាក់នេះ បានប្រកែក​ក៏ដោយ​។ លោក Keith Schembri និង​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក៏បាន​លាលែង​ពី​តំណែង​ហើយ​ដែរ និង​បដិសេធ​មិនបាន​ធ្វើ​ខុស​អ្វី​ឡើយ ព្រមទាំង​ទាត់​ចោលការ​ចោទថា មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​សម្ងាត់ ជាមួយ​លោក​Fenech៕

ព័ត៌មានផ្សេងទៀត