នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាល់តាលោក Joseph Muscat បានបើកកិច្ចប្រជុំរយៈពេល៤ម៉ោង ជាមួយសមាជិកសភា មុននឹងសម្រេចចិត្តថ្លែងសន្ទរកថា នៅប៉ុស្តិ៍ទូរទស្សន៍ជាតិ ប្រកាសពីការលាលែងពីតំណែង នាយករដ្ឋមន្ត្រីនិងប្រធានគណបក្ស ពលករ។ លោកថ្លែងថានឹងចុះចេញពីតំណែងប្រធានគណបក្ស នៅថ្ងៃទី១២ខែមករាឆ្នាំ២០២០ ហើយលាលែងពីតំណែងនាយករដ្ឋមន្ត្រីនៅថ្ងៃបន្ទាប់។ លោក Muscat បានកាន់អំណាចអស់រយៈពេល ៦ឆ្នាំ ដោយឈ្នះការបោះឆ្នោតពីរអាណត្តិ ជាមួយសំឡេងគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីបានថ្លែងទៀតថា ម៉ាល់តាត្រូវការចាប់ផ្តើមបើកជំពូកថ្មី ហើយមានតែរូបលោកទេ ដែលអាចអនុញ្ញាតបាន។ លោកបានថ្លែងដែរថា ការទទួលខុសត្រូវទាំងអស់នេះ ដែលលោកធ្វើ គឺមិនអាចប្រៀបធៀបទៅនឹងការឈឺចាប់ ដែលគ្រួសារជនរងគ្រោះជួបប្រទះបានឡើយ។
ការប្រកាសចុះចេញពីតំណែងរបស់នាយករដ្ឋមន្រ្តីវ័យ៤៥ឆ្នាំរូបនេះ ធ្វើឡើងក្រោយរងនូវសម្ពាធទាមទារឲ្យចុះចេញពីតំណែងកាន់តែខ្លាំងឡើងៗ បន្ទាប់ពីអ្នកជំនួញម្នាក់ ដែលមានទំនាក់ទំនងជាមួយមន្ត្រីរដ្ឋាភិបាលរបស់លោក ត្រូវបានចោទប្រកាន់ពីបទ សមគំនិតនៅក្នុងការប្រព្រឹត្តអំពើឃាតកម្ម លើអ្នកកាសែតស្រីឈ្មោះ Daphne Caruana Galizia កាលពីថ្ងៃសៅរ៍។ ក្រុមគ្រួសាររបស់អ្នកកាសែត ដែលត្រូវបានគេសម្លាប់និយាយថា នាយករដ្ឋមន្ត្រី គួរតែលាលែងពីតំណែង ពីព្រោះលោកបរាជ័យ នៅក្នុងការចាត់វិធានការបោសសម្អាតភាពកខ្វក់ ចេញពីទីលាននយោបាយប្រទេសម៉ាល់តា ក្នុងរយៈពេលពីរឆ្នាំកន្លងមក។ ពួកគេថា ដរាបណាលោក Joseph Muscat នៅតែជានាយករដ្ឋមន្ត្រី នោះការស៊ើបអង្កេតដោយពេញលេញ ក្នុងករណីឃាតកម្មលើអ្នកស្រី Galiziaនៅតែមិនអាចធ្វើទៅបាន។
ដ្បិតអ្នកកាសែតស្រី Caruana Galizia ត្រូវបានគេស្លាប់រយៈពេល២ឆ្នាំហើយក្តី ប៉ុន្តែការស្លាប់របស់អ្នកស្រី នៅតែដក់ជាប់នៅក្នុងដួងចិត្តប្រជាជនម៉ាល់តា។ អ្នកស្រីជាអ្នកកាសែតស្រីល្បីឈ្មោះមួយរូប ដែលហ៊ានស៊ើបអង្កេត ស្រាវជ្រាវក្នុងសំណុំរឿងរសើបៗ ឬអំពើពុករលួយ ពាក់ព័ន្ធនឹងអ្នកជំនួញគ្រាក់ៗ និងអ្នកនយោបាយគ្រប់គណបក្ស។ នៅក្នុងនោះ សូម្បីតែភរិយារបស់នាយករដ្ឋមន្ត្រី ក៏អ្នកស្រីមិនញញើត នៅក្នុងការបង្ហាញពីកំហុសឆ្គងដែរ ហើយក្នុងរឿងនេះអ្នកស្រី Galizia ក៏ធ្លាប់ទទួលនូវការប្តឹងផ្តល់ ពីនាយករដ្ឋមន្ត្រីទៀតផង។ ការបំពេញការងារ ក្នុងនាមជាអ្នកកាសែតស៊ើបអង្កេតសំណុំរឿងពុករលួយធំៗ ប្រាកដណាស់អ្នកស្រីមិនត្រូវបានស្វាគមន៍ ដោយបុគ្គលដែលបានប្រព្រឹត្តនោះទេ ព្រោះតែប៉ះពាល់ដល់ប្រយោជន៍ ឋានៈនិងតួនាទីរបស់គេ។
អាយុ៥៣ឆ្នាំ អ្នកស្រី Caruana Galizia ត្រូវបានគេសម្លាប់ តាមរយៈការបង្កប់គ្រាប់បែកនៅក្នុងរថយន្តរបស់អ្នកស្រី បណ្តាលឲ្យផ្ទុះយ៉ាងកក្រើក ប៉ើងរថយន្តធ្លាក់ពីលើផ្លូវ កាលពីខែតុលាឆ្នាំ២០១៧។ មិនយូរប៉ុន្មាន បុរស៣នាក់ត្រូវបានចាប់ខ្លួន និងត្រូវបានចោទប្រកាន់ពីបទឃាតកម្ម។ បុរសទាំង៣នាក់នេះ មានឈ្មោះAlfred និងGeorge Degiorgio អ្នកទាំងពីរជាបងប្អូននឹងគ្នា និងម្នាក់ទៀតជាមិត្តភក្តិ ឈ្មោះVincent Muscal។ ការសម្លាប់នេះ ពួកគេទាំងបីនាក់ ទទួលបានប្រាក់ចំនួន១៥០,០០០អឺរ៉ូ ឬស្មើនឹងជាង១៦៥,០០០ដុល្លារ ។
សំណុំរឿងឃាតកម្មអ្នកកាសែតរូបនេះ នៅតែមានភាពរស់រវើក ដោយការវិវឌ្ឍថ្មីចុងក្រោយនេះ គឺលោក Chris Cardona រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ត្រូវបានសាកសួរដោយប៉ូលិស ប៉ុន្តែលោកបានបដិសេធ ថាមិនបានធ្វើខុសអ្វីទេ។ នៅចុងសប្តាហ៍កន្លងទៅថ្មីៗនេះទៀត លោក Yorgen Fenech អ្នកជំនួញដែលមានទំនាក់ទំនងជាមួយលោក Keith Schembri ប្រធានបុគ្គលិករបស់លោក Muscat និងលោក Konrad Mizzi រដ្ឋមន្ត្រីក្រសួងទេសចរណ៍ផងនោះ ត្រូវបានចោទប្រកាន់ពីបទសមគំនិត នៅក្នុងការប្រព្រឹត្តអំពើឃាតកម្ម បើទោះបីជាអ្នកជំនួញម្នាក់នេះ បានប្រកែកក៏ដោយ។ លោក Keith Schembri និងលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានលាលែងពីតំណែងហើយដែរ និងបដិសេធមិនបានធ្វើខុសអ្វីឡើយ ព្រមទាំងទាត់ចោលការចោទថា មានទំនាក់ទំនងពាណិជ្ជកម្មសម្ងាត់ ជាមួយលោកFenech៕