លោក​ហ៊ុន សែន អបអរសាទរ​ខួប​៤១​ឆ្នាំ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​

02-12-2019 10:12 am 133

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​០២ ខែ​ធ្នូ​នេះ បាន​អបអរសាទរ​ខួប​៤១​ឆ្នាំ ថ្ងៃកំណើត​ចលនា​រំដោះជាតិ និង​ជីវិត​ប្រជាពលរដ្ឋ​កម្ពុជា ចេញពី​របប​ប្រល័យពូជសាសន៍​ប៉ុល ពត​។ 

​លោកនាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​នៅលើ Facebook ថា រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា បាន​ចាប់បដិសន្ធិ​ឡើង​នៅ​ថ្ងៃទី​០២ ខែ​ធ្នូ ឆ្នាំ ១៩៧៨ និង​បាន​ប្រកាស​ចេញ​សេចក្តីថ្លែងការណ៍ ១១​ខ របស់​ខ្លួន​នៅ​តំបន់​រំដោះ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ​។​

​លោក​ហ៊ុន សែន បន្តថា រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ត្រូវ​បាន​កើតឡើង​ដោយ​កម្លាំង​មហា​សាមគ្គី​ប្រជាជន​ទាំងមូល ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​មាន​លោក ហេង សំរិន លោក​ជា ស៊ីម លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​វីរជន​ស្នេហា​ជាតិ ជាច្រើរូប​ទៀត ក្នុង​ការរៀបចំ​កម្លាំង​ផ្ដួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត និង​ទទួលបាន​ជ័យជំនះ​លើ​របប​នេះ នៅ​ថ្ងៃ​ទី​៧ មករា ឆ្នាំ​១៩៧៩​។​

​សូមបញ្ជាក់​ថា ថ្ងៃ​២​ធ្នូ ឆ្នាំ​១៩៧៨ «​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​» បច្ចុប្បន្ន​ត្រូវបាន​ដូរ​ឈ្មោះ​ជា «​រណសិរ្ស សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​» ដែលជា​អង្គការ​ចាត់តាំង​មហាជន​មួយ​ឈាន​មុខ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​៕

ព័ត៌មានផ្សេងទៀត