នៅថ្ងៃទី២ ខែធ្នូនេះ គឺជាខួបលើកទី ៤១ឆ្នាំ នៃកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ឬហៅថា «រណសិរ្ស២ធ្នូ»។ខួប២ធ្នូត្រូវបានរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្រារព្ធធ្វើគគ្រឹកគគ្រេងជារៀងរាល់ឆ្នាំមិនដែលអាក់ខាន ដើម្បីរំលឹកដល់កំណើតចលនាតស៊ូ៤១ឆ្នាំកន្លងទៅ។សម្រាប់លោក ហេង សំរិន បានចាត់ទុក រណសិរ្ស២ធ្នូថា បានជួយស្តារ និងអភិវឌ្ឍនកម្ពុជា ហើយធ្វើឱ្យកម្ពុជាកែប្រែមុខមាត់ជាថ្មី។
ថ្ងៃ២ធ្នូ ឆ្នាំ២០១៩គឺជាខួបលើកទី ៤១ឆ្នាំ នៃកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ឬហៅថា «ចលនារណសិរ្ស២ធ្នូ»។រណសិរ្ស២ធ្នូ បង្កើតឡើងកាលពីខែធ្នូ ឆ្នាំ១៩៧៨ នៅស្រុកស្នួល ខេត្តក្រចេះ ដឹកនាំដោយឥស្សរៈជនកំពូល៣រូបគឺ ហេង សំរិន ប្រធានរដ្ឋសភាបច្ចុប្បន្ន លោក ជា ស៊ីម និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ជាទម្លាប់ខួប២ធ្នូត្រូវបានរដ្ឋាភិបាលរបស់គណបក្សប្រជាជន ប្រារព្ធធ្វើគគ្រឹកគគ្រេងជារៀងរាល់ឆ្នាំមិនដែលអាក់ខាន។សម្រាប់ឆ្នាំ២០១៩នេះ ពិធីរំលឹកខួប២ធ្នូ ត្រូវបានប្រារព្ធឡើង នៅសាលសន្និសិទចតុមុខ ក្រោមការដឹកនាំរបស់លោក ហេង សំរិន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងមានការចូលរួមពីអតីតយុទ្ធជន មន្ត្រីរាជការដែលមានតំណែងនៅក្នុងរដ្ឋាភិបាល គ្រប់លំដាប់ថ្នាក់ជាច្រើនពាន់នាក់ទៀត។
ក្នុងសុន្ទរកថានៅថ្ងៃនេះ លោក ហេង សំរិន បានចាត់ទុករណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះកម្ពុជាឱ្យចាកផុតពីមហន្តរាយល័យពូជសាសន៍ប៉ុណ្ណោះទេ ប៉ុន្តែរណសិរ្ស២ធ្នូបានជួយអភិវឌ្ឍនកម្ពុជា និង ធ្វើឱ្យមាតុភូមិកម្ពុជាកែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់។សម្រាប់លោក ហេង សំរិន "ទោះបីជាអស់រយៈពេល ៤១ ឆ្នាំកន្លងផុតទៅហើយក្តី ពលរដ្ឋកម្ពុជាពិតជាមិនអាចបំភ្លេចបាននូវអតីតកាលដ៏ខ្មៅងងឹត ដែលពោរពេញទៅដោយទុក្ខវេទនា ការឈឺចាប់ខ្លោចផ្សា និរាសព្រាត់ប្រាស់ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហមបានឡើយ។
បើតាមលោក ហេង សំរិន គុណរណសិរ្ស២ធ្នូ ដែលទទួលបានការជួយឧបត្ថម្ភពីកងទ័ពស្ម័គ្រចិត្តវៀតណាម គឺជាបុព្វហេតុនៃការកើតមហាជ័យជំនះ ៧មករា ១៩៧៩ បញ្ចប់នូវសម័យកាលខ្មៅងងឹតក្នុងប្រវត្តិសាស្ត្រកម្ពុជា និងបើកនូវសករាជថ្មីសម្រាប់ប្រជាជនកម្ពុជាឱ្យទទួលបានមកវិញនូវសិទ្ធិសេរីភាព និងឱកាសដើម្បីស្តារ កសាងមាតុភូមិរបស់ខ្លួន។
តែយ៉ាងណាក៏ដោយអ្នកនយោបាយក៏ដូចជាពលរដ្ឋខ្មែរ មាននិន្នាការផ្ទុយគ្នា មិនដែលទទួលស្គាល់លើតម្លៃ២ធ្នូទេ និងតែងលើកហេតុផលផ្សេងពីនេះ ជុំវិញការបន្តត្រួតត្រារបស់វៀតណាមដែល ធ្វើឲ្យខ្មែរមានការខាតបង់បន្ទាប់ពីជួយផ្តួលរំលំរបបប៉ុល ពត។ទោះយ៉ាងនេះក្តី សម្រាប់រដ្ឋាភិបាលមិនដែលបង្ខិតបង្ខំឱ្យគេទទួលស្គាល់ទេ ក៏ប៉ុន្តែនេះគឺជាសច្ចៈធម៌ប្រវត្តិសាស្ត្រ ដែលមិនអាចបំភ្លេចបាន៕