គ្រោះធម្មជាតិដែលបង្កឡើងដោយសារបញ្ហាអាកាសធាតុ បានបង្ខំឲ្យមនុស្សជម្លៀសខ្លួនប្រមាណ២០លាននាក់ក្នុងមួយឆ្នាំ បើគិតក្នុងទសវត្សកន្លងមក នេះបើតាមការបញ្ជាក់នៅក្នុងរបាយការណ៍របស់អង្គការOxfam។ ករណីនេះបានធ្វើឲ្យបញ្ហាអាកាសធាតុក្លាយជាកត្ដាធំបំផុត បង្កជាការជម្លៀសមនុស្សនៅក្នុងប្រទេស ជាមួយនឹងប្រទេសក្រីក្រប្រឈមហានីភ័យខ្ពស់។ ប្រឈមហានីភ័យខ្ពស់ទោះបីជាប្រទេសក្រីក្រទាំងនោះរួមចំណែកតិចតួច ក្នុងការបំពុលដោយកាបូននៅក្នុងពិភពលោក បើធៀបនឹងប្រទេសអ្នកមាន។
ប្រជាជនជម្លៀសខ្លួននៅក្នុងប្រទេសដោយសារតែទឹកជំនន់ ព្យុះស៊ីក្លូន និងភ្លើងឆេះព្រៃ ទំនងជាមានរហូតដល់ទៅ៧ដងច្រើនជាងការជម្លៀសខ្លួនដោយសារបន្ទុះភ្នំភ្លើងនិងរញ្ជួយដី។ នេះបើតាមរបាយការណ៍របស់អង្គការOxfamចេញផ្សាយនៅថ្ងៃទី០២ធ្នូនេះ។ បញ្ហាវិបត្ដិអាកាសធាតុគឺជាប្រធានបទមួយដែលត្រូវបានពិភាក្សា នៅក្នុងសន្និសីទស្ដីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ ចាប់ផ្ដើមនៅថ្ងៃទី០២ធ្នូនេះនៅទីក្រុងម៉ាឌ្រីដប្រទេសអេស្ប៉ាញ។
អង្គការOxfamបានអំពាវនាវដល់សហគមន៍អន្ដរជាតិ ត្រូវចាត់វិធានការបន្ថែមដើម្បីផ្ដល់មូលនិធិ ជួយទ្រទ្រង់និងស្ដារឡើងវិញដល់ប្រទេសក្រីក្រ ដែលរងឥទ្ធិពលពីវិបត្ដិអាកាសធាតុ។ ប្រទេសក្រីក្រទាំងនោះត្រូវរំពឹងថានឹងរងគ្រោះកាន់តែធ្ងន់ធ្ងរ ក្រោយមានការព្យាករណ៍ពីគ្រោះមហន្ដរាយធម្មជាតិនឹងកើតឡើងកាន់តែញឹកញាប់៕