Oxfam៖​​វិបត្ដិ​អាកាសធាតុ​​បង្ខំ​ឲ្យ​​មនុស្ស​​ជម្លៀស​ខ្លួន​​២០​លាន​នាក់​​ក្នុង​មួយឆ្នាំ​

02-12-2019 9:50 am 108
រូបភាពប្រជាជនជម្លៀសខ្លួន​ដោយសារទឹកជំនន់

​គ្រោះធម្មជាតិ​ដែល​បង្កឡើង​ដោយសារ​បញ្ហា​អាកាសធាតុ បាន​បង្ខំ​ឲ្យ​មនុស្ស​ជម្លៀស​ខ្លួន​ប្រមាណ​២០​លាន​នាក់​ក្នុង​មួយឆ្នាំ បើ​គិត​ក្នុង​ទសវត្ស​កន្លងមក នេះ​បើតាម​ការបញ្ជាក់​នៅក្នុង​របាយការណ៍​របស់​អង្គការ​Oxfam​។ ករណីនេះ​បានធ្វើឲ្យ​បញ្ហា​អាកាសធាតុ​ក្លាយជា​កត្ដា​ធំ​បំផុត បង្ក​ជា​ការជម្លៀស​មនុស្ស​នៅ​ក្នុងប្រទេស ជាមួយនឹង​ប្រទេស​ក្រីក្រ​ប្រឈម​ហា​នី​ភ័យ​ខ្ពស់​។ ប្រឈម​ហា​នី​ភ័យ​ខ្ពស់​ទោះបីជា​ប្រទេស​ក្រីក្រ​ទាំងនោះ​រួមចំណែក​តិចតួច ក្នុង​ការបំពុល​ដោយ​កាបូន​នៅក្នុង​ពិភពលោក បើ​ធៀប​នឹង​ប្រទេស​អ្នកមាន​។​

​ប្រជាជន​ជម្លៀស​ខ្លួន​នៅក្នុង​ប្រទេស​ដោយសារតែ​ទឹកជំនន់ ព្យុះ​ស៊ីក្លូន និង​ភ្លើង​ឆេះ​ព្រៃ ទំនងជា​មាន​រហូតដល់​ទៅ​៧​ដង​ច្រើនជាង​ការជម្លៀស​ខ្លួន​ដោយសា​រ​បន្ទុះ​ភ្នំភ្លើង​និង​រញ្ជួយ​ដី​។ នេះ​បើតាម​របាយការណ៍​របស់​អង្គការ​Oxfam​ចេញផ្សាយ​នៅ​ថ្ងៃទី​០២​ធ្នូ​នេះ​។ បញ្ហា​វិបត្ដិ​អាកាសធាតុ​គឺជា​ប្រធានបទ​មួយ​ដែល​ត្រូវបាន​ពិភាក្សា នៅក្នុង​សន្និសីទ​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ​របស់​អង្គការសហប្រជាជាតិ ចាប់ផ្ដើម​នៅ​ថ្ងៃទី​០២​ធ្នូ​នេះ​នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ​ប្រទេស​អេ​ស្ប៉ា​ញ​។ 

​អង្គការ​Oxfam​បាន​អំពាវនាវ​ដល់​សហគម​ន៍​អន្ដរជាតិ ត្រូវ​ចាត់វិធានការ​បន្ថែម​ដើម្បី​ផ្ដល់​មូលនិធិ ជួយ​ទ្រទ្រង់​និង​ស្ដារឡើងវិញ​ដល់​ប្រទេស​ក្រីក្រ ដែល​រង​ឥទ្ធិពល​ពី​វិបត្ដិ​អាកាសធាតុ​។ ប្រទេស​ក្រីក្រ​ទាំងនោះ​ត្រូវ​រំពឹងថា​នឹង​រងគ្រោះ​កាន់តែ​ធ្ងន់ធ្ងរ ក្រោយ​មាន​ការព្យាករណ៍​ពី​គ្រោះមហន្ដរាយធម្មជាតិ​នឹង​កើតឡើង​កាន់តែ​ញឹកញាប់​៕

ព័ត៌មានផ្សេងទៀត