មកដល់​ឆ្នាំ​២០១៩​នេះ កម្ពុជា​នៅ​មាន​អ្នក​ផ្ទុកមេរោគ​អេដស៍​ប្រមាណ​៧៣.០០០​នាក់​ទៀត​

01-12-2019 3:52 pm 123
  ស្តាប់
ស្តាប់ជាសំឡេង

តាម​ការសិក្សា​តាម​បែប​វិទ្យាសាស្ត្រ នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩ មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍​ចំនួន​ប្រមាណ ៧៣.០០០​នាក់​។ នេះ​បើ​តាម​ការ​ឲ្យដឹង​នៅ​ក្នុង​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​១​ធ្នូ ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ "​ទាំងអស់​គ្នា​ចូលរួម​ជា​ចរន្ត​ជាតិ​មួយ​ក្នុង​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​អេដស៍ ជំងឺអេដស៍ " ដែល​ដឹកនាំ​ដោយ​លោក​កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅ​ថ្ងៃ​ទី​០១ ធ្នូ ឆ្នាំ​២០១៩​។  

​លោក​កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន  មានប្រសាសន៍ថា កម្ពុជា​កំពុងតែ​ស្ថិត​នៅលើ​ផ្លូវ​ត្រូវ​ដើម្បី​ឈានទៅរក​ការលុបបំបាត់​មេរោគ​អេដស៍ ជំងឺអេដស៍ “​គោលដៅ ៩៥ ៩៥ ៩៥” ដូច​បាន​កំណត់​ត្រឹម​ឆ្នាំ​២០២៥ នៅក្នុង​ប្រទេស​កម្ពុជា និង​នៅត្រឹម​ឆ្នាំ​២០៣០ ដោយ​អង្គការសហប្រជាជាតិ​។​

​ក្នុងឱកាស​នោះ​ដែរ លោក​កែ គឹមយ៉ាន បាន​ស្នើសុំ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ក៏ដូចជា​ប្រជាពលរដ្ឋ​ចូលរួម​អនុវត្ត​ដោយ​ម៉ឺងម៉ាត់​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ទូលំទូលាយ និង​ពហុ​វិស័យ​ឆ្លើយតប​មេរោគ​អេដស៍ ជំងឺអេដស៍​លើក​ទី​៥ ឆ្នាំ​២០១៩-២០២៣​។ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ពិនិត្យ​លទ្ធភាព​បន្ត និង​ពង្រីក​ការផ្តល់​ថវិកា​សម្រាប់​ការងារ​អេដស៍ និង​សូម​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​អនុវត្ត​ឱ្យបាន​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត​នូវ​វិធានការ​ទាំង​ប្រាំមួយ​។ លោក​ក៏​បាន​ប្រាប់​ទៅ ស្ថាប័ន​រាជធានី ខេត្ត ពិសេស​ឃុំ សង្កាត់​ត្រូវតែ​រៀបចំ​ផែនការ​សកម្មភាព និង​លើក​សេចក្តីព្រាង​ថវិកា​ដើម្បី​បង្កើន​ការចូលរួម​ឆ្លើយតប​គ្រប់​ជ្រុងជ្រោយ​ទាន់ពេលវេលា ទៅ​នឹង​ការ​រាលដាល​មេរោគ​អេដស៍ ។ 

​ចំណែក​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ក្រសួង និង ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ពង្រីក​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កាកបាទក្រហម​កម្ពុជា​លើ​ការងារ​ឆ្លើយតប​មេរោគ​អេដស៍ ជំងឺអេដស៍ និង​ទប់ស្កាត់​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​នូវ​ការឆ្លង​រាលដាល​នៃ​មេរោគ​អេដស៍ ជំងឺអេដស៍ ក្នុង​ចំណោម​អ្នក​ប្រើប្រាស់ និង​អ្នក​ចាក់​គ្រឿងញៀន​។ គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ គ្រប់​សហគមន៍ ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង​ឱ្យ​កាត់បន្ថយ​ការចម្លង​មេរោគ​អេដស៍ ក្នុង​ចំណោម​ក្រុម​ប្រឈម​ខ្ពស់​នឹង​ការចម្លង​មេរោគ​អេដស៍​៕ 


ព័ត៌មានផ្សេងទៀត