លោកពេ​ជ អង្គ ស្នើសុំ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់ការ​លួច​ស្នាដៃ​កវី​គ​ង្គ ប៊ុន​ឈឿន​បើ​មិន​ចង់​មាន​ទោស​

01-12-2019 3:21 pm 130

​លោកពេ​ជ អង្គ មេធាវី​របស់​លោកស្រី​តាត គឹម​លន ដែល​ជា​ភរិយា​កវីនិពន្ធ​គ​ង្គ ប៊ុន​ឈឿន បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ដោយ​ស្នើសុំ​ឲ្យ​អ្នក​ដែល​បាន​រំលោភបំពាន​សិទ្ធិ​ដោយ​លួច​ចម្លង​បទ​ចម្រៀង​ដែល​ជា​ស្នាដៃ​និពន្ធ​របស់​លោក​គ​ង្គ ប៊ុន​ឈឿន ត្រូវតែ​បញ្ឈប់ និង​ដកហូត​បទ​ចម្រៀង និង​បទ​ភ្លេង​ទាំង​៥៥​បទ ចេញ​ពី​ប្រព័ន្ធ​ចែកចាយ និង​ទី​តាំងធ្វើ​អាជីវកម្ម​នានា​ជាបន្ទាន់ បើ​នៅ​តែ​បន្ត នឹង​ត្រូវ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​សូម​ជម្រាប​ជូន​ថា ការចេញ​សេចក្តីប្រកាស​ព័ត៌មាន​នេះ គឺ​ធ្វើឡើង​បន្ទាប់​ពី​មាន​ការរំលោភ​សិទ្ធិ​លើ​បទ​ចម្រៀង​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​លោកស្រី​តាត គឹម​លន តាមរយៈ​ការធ្វើ​អាជីវកម្ម​ខុសច្បាប់ ការ​យក​ទៅ​ច្រៀង​ឡើងវិញ ការកែ​ឃ្លាឃ្លោង ការកែ​ភ្លេង និង​ការធ្វើ​អាជីវកម្ម​តាម​ទីតាំង​នានា ដូច​ជា​តាម​ប្រព័ន្ធ​You Tube ឬ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ​នានា ដោយ​គ្មាន​ការព្រមព្រៀង​ពី​ម្ចាស់​សិទ្ធ​គ្រប់គ្រង​។​

​នៅក្នុង​សេចក្តីប្រកាស​ក៏​បាន​បញ្ជាក់បន្ថែម​ថា ទង្វើ​ខាងលើ​នេះ គឺជា​ការរំលោភ​ដ៏​ធ្ងន់ធ្ងរ​លើ​ច្បាប់​ស្តីពី​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល​ឆ្នាំ​២០០៣ ជា​ពិសេស​សិទ្ធិ​លើ​បេតិកភណ្ឌ និង​សិទ្ធិ​សីលធម៌​របស់​លោកស្រី​តាត គឹម​លន ដែល​ធ្វើឲ្យ​លោកស្រី​មាន​ការឈឺចាប់ និង​ជា​ការប្រមាថ​ដ៏​ធ្ងន់ធ្ងរ​ដល់​ការខិតខំ​ប្រឹងប្រែង​និពន្ធ​ស្ទើរ​មួយ​ជីវិត​របស់​កវី​គ​ង្គ ប៊ុន​ឈឿន ហើយ​ទង្វើ​ទាំងអស់នេះ ក៏​ជា​ការធ្វើឲ្យ​អ្នកនិពន្ធ​នានា​ស្ទាក់​ស្ទើរចិត្ត ក្នុង​ការបង្កើត​បទ​ចម្រៀង​ដើម​ថ្មីៗ​នាពេលខាងមុខ និង​មិន​រួមចំណែក​អ្វី​ទាល់តែ​សោះ​ដល់​ការអភិវឌ្ឍ​វប្បធម៌​និង​សង្គម​។​

​ជាមួយគ្នានេះដែរ ចំពោះ​អ្នក​ដែល​មាន​បំណង​ទទួល​សិទ្ធិ​ក្នុង​ការធ្វើ​អា​ជី​កម្ម ការផលិត​ឡើងវិញ ក្នុង​ទម្រង់​បែប​ណា​មួយ​លើ​ស្នាដៃ​របស់​កវីនិពន្ធ​គ​ង្គ ប៊ុន​ឈឿន លោកស្រី​តាត គឹម​លន រីករាយ​នឹង​ពិភាក្សា​អំពី​ការផ្តល់​សិទ្ធិ​ធ្វើ​អាជីវកម្ម​តាមរយៈ​លោក​មេធាវីពេ​ជ អង្គ ឬ​អង្គភាព​គ្រប់គ្រង​សិទ្ធិ​រួម​តូរ្យតន្ត្រី​កម្ពុជា ដែល​នឹង​ចេញ​ជា​រូបរាង​ជា​ផ្លូវការ​នា​ពេលខាងមុខ​។​

​សូម​បញ្ជាក់​ដែរ​ថា លោកស្រី​តាត គឹម​លន ភរិយា​លោក​គ​ង្គ ប៊ុន​ឈឿន ត្រូវបាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ប្រគល់​សិទ្ធិ​គ្រប់គ្រង​លើ​បទ​ចម្រៀង​ចំនួន ៥៥​បទ ដែល​ជា​ការទទួល​មរ​តក​បន្ត​ពី​ស្វាមី​លោកស្រី ដែល​បទ​ចម្រៀង​ទាំង ៥៥​បទ​នោះ​រួមមាន​៖​បុ​ទុម​សុរិយា​អូន​,​ស៊ី​បាយ​បោក​ឆ្នាំង​,​ទិញ​ស្រា​ឲ្យ​ឳ​,​សម្រស់​នាង​ចែវ​ទូកដរ​,​នេះ​ឬ​ជីវិត​,​លា​ហើយ​សូ​ម៉ា​ត្រា​,​រា​ហ៊ូ​ចាប់​ចន្ទ​,​អនុស្សាវរីយ៍​ខ្នងភ្នំ​សំពៅ​,​អូរជ្រៅ​រណ្តៅ​ស្នេហ៍​,​កំលោះ​ហុងដា​កញ្ញា​ប៉េសេ​,​ទំនួញ​បុ​ទុម​សុរិយា​,​បេះដូង​កំព្រា​,​កណ្តុរ​លេង​សួន​,​ស្ពានឈើ​អភ័ព្វ​,​ផ្គរលាន់​ប៉ៃលិន​,​អ្នកបើក​ត្រាក់ទ័រ​,​សាយណ្ហ​ក្រោយ​ផ្នូរ​,​បូត​សណ្តែក​,​បង​ដើរកាត់​ភ្លៀង​,​មេឃា​ភ្នំពេញ​តារា​បាត់ដំបង​,​រស​ស្នេហ៍​ឧត្តម​,​សែនស្តាយ​ថ្ពាល់​ស្តាំ​,​ទំនួញ​ហ្គី​តាមា​ស​,​ម​ន្ថា​មាស​បង​,​ស្ពាន​អូរ​តា​គី​,​ស្នាម​ក្រែម​ជា​ប់ថ្ពាល់​,​នាង​ដើរ​ទៅ​ណា​,​កូនស្រី​អ្នកនេសាទ​,​ជ្រោះ​ពេជ្រ​ចិន្តា​,​ស្បៃ​អក្ខរា​ចំប៉ា​បាណន់​,​អារ​សាច់​ជូន​ម្តាយ​,​ព្រោះ​នាង​មានប្តី​,​សា​រ៉ា​វ៉ាន់​ស្លៀក​ខ្យល់​,​ម្លប់​ដូង​ទី​១០,​កន្ត្រិប​ទ្រឹមៗ​,​ខ្មាស​អស់​បក្សា​,​ថ្មគោល​ស្រមោល​ស្នេហ៍​,​រំដួល​ដងស្ទឹង​សង្កែ​,​កុំ​ខឹង​ណា​ថ្លៃ​,​វិញ្ញាណ​ផ្នូរ​ខ្ញុំ​,​ចម្រៀង​មរណៈ​,​លា​ហើយ​សោភី​នី​,​ជួបភ័​ក្រ ជួប​ស្នេហ៍​,​អាទិត្យ​វង្សា ស៊ី​សូរិយា​វង្ស​,​ក្មេង​វាយ​ស្បែកជើង​,​ទៅលេង​បាត់ដំបង​,​ទឹកភ្នែក​ឪពុក​,​ភ្លេង​មច្ចុរាជ​,​ជំនោរ​ប៉ៃលិន​,​អ្នកលេង​ស្មង​តាន់​,​វិមាន​ទឹកភ្នែក​,​ស្រណោះ​ផ្កា​ខ្ទុម​,​នឹកឃើញ​អូន​ផង​,​ថ្ងៃ​ដែល​អូន​ចុក​ឈាម​។​

​សូម​រំលឹក​ថា លោក គ​ង្គ ប៊ុន​ឈឿន បាន​ទទួល​មរណភាព​ក្នុង​វ័យ ៧៧​ឆ្នាំ​នៅ​ប្រទេស​ន័រវេសន៍ ដោយ​ជំងឺ​មហារីក​កាលពី​ឆ្នាំ​២០១៦​។ លោក​បាន​បន្សល់​ទុក​ស្នាដៃ​និពន្ធ​ជា​ច្រើន​សម្រាប់​ឲ្យ​កូន​ខ្មែរ​សិក្សា​ស្វែងយល់ ដែល​ច្រើន​សរសេរ​បង្ហាញ​អំពី​តថភាព​ពិត​នៅ​ក្នុង​សង្គម​ជាតិ ហើយ​អដ្ឋិធាតុ​របស់​កវី​ជើងចាស់ គ​ង្គ ប៊ុន​ឈឿន ត្រូវ​សាច់ញាតិ​នាំ​ពី​ប្រទេស​ន័រវេសន៍ មកកាន់​ប្រទេស​កម្ពុជា នា​ខែ​ឧសភា ឆ្នាំ​២០១៨ និង​យក​ទៅ​តម្កល់ទុក​នៅ​ក្នុង​វត្ត​កណ្តាល ក្នុង​ទឹកដី​ខេត្ត​បាត់ដំបង​៕

 

 

 

 

 

 

 

ព័ត៌មានផ្សេងទៀត