ក្រុមបាតុករ​អ៊ីរ៉ាក់​​នៅតែ​បន្ដ​សកម្មភាព​​ទោះ​នាយករដ្ឋមន្ដ្រី​​ប្រកាស​ចុះ​ចេញ​ពី​តំណែង​

01-12-2019 3:11 pm 100
  ស្តាប់
ក្រុមបាតុករ​អ៊ីរ៉ាក់​​កំពុងប្រមូលផ្ដុំ​ប្រឆាំង​រដ្ឋាភិបាល
ស្តាប់ជាសំឡេង

​ក្រុម​តវ៉ា​អ៊ីរ៉ាក់​បាននាំគ្នា​ដុត​ភ្លើង​នៅ​ច្រកចូល​ទី​សក្ការបូជា​មួយកន្លែង ស្ថិតនៅក្នុង​ទីក្រុង​Najaf​នៅ​ភាគខាងត្បូង​ប្រទេស​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​សៅរ៍ ហើយ​កងកម្លាំង​សន្ដិសុខ​ក៏​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​បំបែក​ក្រុម​តវ៉ា​។ តាម​ការបញ្ជាក់​ពី​កន្លែងកើតហេតុ ករណីនេះ​ធ្វើឲ្យមាន​ការប្រឈមមុ​ខដាក់​គ្នា​កាន់តែខ្លាំង​រវាង​ប៉ូលិស​ជា​មួយក្រុម​តវ៉ា គឺអាច​នឹងមាន​ការបង្ហូ​រ​ឈាម​ទៀត​។​

​សកម្មភាព​ដុត​ច្រកចូល​ទី​សក្ការបូជា​របស់​ក្រុមបាតុករ​នៅពេលនេះ ធ្វើឡើង​ចន្លោះពេល​អ៊ីរ៉ាក់​ផ្ទុះ​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ជាច្រើន​សប្ដាហ៍​មកហើយ រហូត​ឈានដល់​អំពើហិង្សា​បង្ហូរឈាម​ទៀតផង​។ កាលពី​ថ្ងៃ​សុក្រ​នាយករដ្ឋមន្ដ្រី​អ៊ីរ៉ាក់​លោក​Adel Abdul Mahdi សន្យា​នឹង​ចុះ​ចេញពី​តំណែង​ដើម្បី​បញ្ចប់​អំពើហិង្សា​និង​កំហឹង​សាធារណជន​។ ប៉ុន្ដែ​ទោះបីជា​មាន​ការប្រកាស​ចុះ​ចេញពី​តំណែង​របស់​លោកនាយក​រដ្ឋមន្ដ្រី បាតុកម្ម​នៅតែ​បន្ដ​មាននៅ​កន្លែង​ផ្សេងៗ​។​

​ប្រជាជន​អ៊ីរ៉ាក់​បាន​ប្រមូលផ្តុំ​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​រុះរើ​រចនាសម្ព័ន្ធ​រដ្ឋាភិបាល តាំងពី​ថ្ងៃទី​១​ខែតុលា​ឆ្នាំ​២០១៩​។ រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​Abdul Mahdi ត្រូវបាន​គេ​មើលឃើញថា គឺជា​កូនអុក​របស់​អ៊ីរ៉ង់ ហើយ​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​នេះ​ទៀតសោត​អសមត្ថភាព ខណៈ​អំពើពុករលួយ​នៅតែ​មិនអាច​ដោះស្រាយបាន​។ 

​ការតវ៉ា​បាន​រីក​រាលដាល​ជា​អំពើហិង្សា​កាន់តែ​អាក្រក់​ទៅៗ នៅក្នុង​នោះ​កងកម្លាំង​អ៊ីរ៉ាក់​បាន​បង្ក្រាប ដោយ​ការប្រើប្រាស់​គ្រាប់កាំភ្លើង​ពិត បាញ់​ទៅលើ​បាតុករ​ស្លាប់​អស់​ជិត​៤០០​នាក់​។ គ្រាន់តែ​នៅ​ថ្ងៃ​ព្រហស្បតិ៍​មួយថ្ងៃ កងកម្លាំង​សន្តិសុខ​បាន​បាញ់សម្លាប់​បាតុករ​អស់​៤៦​នាក់ ហើយ​ភាគច្រើន​ជា​បាតុករ​វ័យក្មេងៗ​ដែល​គ្មាន​អាវុធ​នៅក្នុង​ដៃ​។ ទន្ទឹមនឹងនោះ​ក៏មាន​កងកម្លាំង​សន្តិសុខ​ច្រើន​នាក់​ដែរ បាន​ស្លាប់​នៅក្នុង​ការប៉ះទង្គិច​គ្នា​ជាមួយ​ក្រុមបាតុករ​៕ 

 ពាក្យគន្លឹះ  អ៊ីរ៉ាក់ការតវ៉ា

ព័ត៌មានផ្សេងទៀត