អត្ត​ពលិក​កម្ពុជា​៧​ប្រភេទ​កីឡា​នឹង​ចាប់ផ្តើម​ប្រកួត​នៅថ្ងៃនេះ

01-12-2019 11:47 am 158
  ស្តាប់
ស្តាប់ជាសំឡេង

​អត្ត​ពលិក​កម្ពុជា ៧​ប្រភេទ​កីឡា នឹង​បើក​យុទ្ធនាការ​ប្រកួត​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​លើកដំបូង នៅ​ថ្ងៃ​ទី​០១ ខែ​ធ្នូ​នេះ បន្ទាប់​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣០ នៅ​ហ្វីលីពីន ត្រូវបាន​រៀបចំ​ពិធី​បើក​ការប្រកួត​ជា​ផ្លូវការ​ដ៏​កក្រើក​នៅ​កីឡាដ្ឋាន Philippines Arena កាល​ពី​យប់មិញ​។

​លោក វ៉ាត់ ចំរើន នាយ​បេសកកម្ម បានឲ្យដឹងថា អត្ត​ពលិក​កម្ពុជា​ត្រូវ​ធ្វើ​ការប្រកួ​ត​ថ្ងៃនេះ រួម​មាន​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់ កីឡា​វាយ​សី កីឡា​កាយសម្ព័ន្ធ កីឡា​សី​ប៉ាក់​តា​ក្រ កីឡា​រាំ គុន​ល្បុក្កតោ​(Arnis) និង​កីឡាបាល់បោះ​៣x៣ ហើយ​នេះ​ជា​ការប្រកួត​លើកដំបូង ដែល​មាន​កីឡា​ច្រើន​ប្រភេទ​របស់​កម្ពុជា បន្ទាប់​ពី​ការប្រកួត​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ U22 កម្ពុជា និង​ក្រុមបាល់ទាត់​ឆ្នេរ​ខ្សាច់​កាលពី​ពេល​ថ្មីៗ ។​

​លោក​បន្ដថា ក្នុងចំណោម ៧​ប្រភេទ​កីឡា​ខាងលើ មាន​កីឡា ២​ប្រភេទ ដែល​ត្រូវ​ប្រកួតប្រជែង​មេដាយ​ជាមួយ​បណ្ដា​ប្រទេស​ផ្សេងៗ​ក្នុងថ្ងៃនេះ រួម​មាន​កីឡា​រាំ និង​គុន​ល្បុក្កតោ​(Arnis) ។ ប៉ុន្ដែ​ចំពោះ​លទ្ធផល​យ៉ាង​ណា​នោះ នៅ​មិនទាន់​ដឹង​នៅឡើយ ព្រោះ​កីឡា​ទាំង ២​ប្រភេទ​នេះ ត្រូវ​ប្រើ​រយៈពេល​យូ មុន​ឈាន​ដល់​វគ្គ​ដណ្ដើម​មេដាយ​។ ចំណែក​កីឡា​ផ្សេងៗ កំពុង​ស្ថិត​ក្នុង​ដំណាក់​ការប្រកួត​វគ្គ​ជម្រុះ​នៅឡើយ ។​

​គួរបញ្ជាក់​ថា ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣០ ឆ្នាំ​២០១៩​នេះ គឺ​ចាប់​បើក​ការប្រកួត​ពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ហើយ​បិទ​នៅ​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ ២០១៩  ដោយ​កម្ពុជា បាន​បញ្ជូន​ប្រតិភូ និង​អត្ត​ពលិក​សរុប ៣១​ប្រភេទ​កីឡា ទៅ​ចូលរួម ខណៈ​បច្ចុប្បន្ន​មាន​អត្ត​ពលិ​កជាង ១៥​ប្រភេទ​កីឡា​ហើយ ដែល​បាន​ទៅដល់​ហ្វីលីពីន ដើម្បី​ត្រៀម​ការប្រកួត​ជា​បន្ដបន្ទាប់​៕

ព័ត៌មានផ្សេងទៀត