ក្រុមរដ្ឋអ៊ីស្លាមបាននិយាយថាហេតុការណ៍វាយប្រហារសម្លាប់មនុស្ស កើតឡើងកាលពីថ្ងៃសុក្រនៅលើស្ពានក្នុងទីក្រុងឡុងដ៍ប្រទេសអង់គ្លេស សមាជិករបស់ពួកគេម្នាក់ជាអ្នកធ្វើសកម្មភាព។ ក្រុមរដ្ឋអ៊ីស្លាមបានចេញមុខអះអាងដូច្នេះ តាមរយៈការចុះផ្សាយនៅលើទីភ្នាក់ងារសារព័ត៌មានAmaq ប៉ុន្ដែពួកគេមិនបានផ្ដល់ព័ត៌មានលម្អិតឡើយ។ ក្រុមរដ្ឋអ៊ីស្លាមបន្ថែមថាការវាយប្រហារនេះ ជាការឆ្លើយតបនឹងការអំពាវនាវឲ្យធ្វើសកម្មភាពក្នុងប្រទេសគោលដៅ ដែលធ្លាប់ចូលរួមបង្ក្រាបពួកគេកន្លងមក។
សូមបញ្ជាក់ថា បុរសម្នាក់ប្រដាប់ដោយកាំបិទនៅក្នុងដៃ បានចាក់សម្លាប់មនុស្ស២នាក់និង៣នាក់ផ្សេងទៀតរងរបួស។ ជនបង្កត្រូវបានប៉ូលិសបាញ់សម្លាប់ភ្លាមៗ និងប្រកាសថាហេតុការណ៍នេះជាការវាយប្រហារភេរវកម្ម។ ប៉ូលិសបានកំណត់អត្តសញ្ញាណជនបង្កឈ្មោះUsman Khan អាយុ២៨ឆ្នាំ ធ្លាប់ត្រូវបានផ្តន្ទាទោសពីបទប្រព្រឹត្ដអំពើភេរវកម្មនៅក្នុងឆ្នាំ២០១២ ហើយត្រូវបានដោះលែងចេញពីពន្ធនាគានៅក្នុងខែធ្នូឆ្នាំ២០១៨ ប៉ុន្តែស្ថិតនៅក្រោមការតាមដានរបស់ប៉ូលិស៕