​លោក​ហ៊ុន សែន​៖​មកដល់ពេលនេះ​លោក​ទទួល​ថវិកា​ជាង​៦៤​លាន​ដុល្លារ​ហើយ​ដើម្បី​ជួយ​មន្ទីរពេទ្យ​កាល់ម៉ែ​ត​

01-12-2019 11:13 am 318
  ស្តាប់
ស្តាប់ជាសំឡេង

​បន្ទាប់​ពី​មាន​ការអំពាវនាវ ពី​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​នា​ពេលកន្លងមក ក្នុង​ការជួយ​កសាង​អគារ​មន្ទីរពេទ្យ​កាល់ម៉ែត​នោះ រហូតមកដល់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ចំនួន​ថវិកា ដែល​ទទួលបាន​ពី​សប្បុរសជន​មាន​ចំនួន ជាង​៦៤​លាន​ដុល្លារ​អាមេរិក​ហើយ​។

​យោង​តាម​ការបញ្ជាក់​នៅ​ក្នុង​ហ្វេ​ស ប៊ុក​ផ្លូវកា​ររបស់​លោក​នា​យក​រដ្ឋមន្ត្រី​ហ៊ុន សែន នា​ថ្ងៃ​ទី​៣០​ខែវិច្ឆិកា ក៏​បានឲ្យដឹងថា «​បន្ទាប់​ពី​ការអំពាវនាវ​របស់​ខ្ញុំ​ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត មកដល់ពេលនេះ​សប្បុរសជន ដែល​បាន​ចូលរួម​បាន​ថវិកា​សរុប​មាន​ចំនួន​៦៤,០៤៣,៥៦១​ដុល្លារ​អាមេរិក  ហើយ​បើ​គិត​ទាំង​ថវិកា​រដ្ឋ ៣០​លាន​ដុល្លារ​ផង​សរុប​មាន​ចំនួន​៩៤,០៤៣,៥៦១ ដុល្លារ​អាមេរិក​។​» 

​ទន្ទឹម​នឹង​ការ​បង្ហើប​ឲ្យដឹង ពី​ថវិកា​ខាងលើនេះ លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​សប្បុរសជន ដែល​បាន​បរិច្ចាគ​ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស ហើយ​លោក​ក៏​សង្ឃឹម​ថា​នឹង​មាន​សប្បុរ​សជន​ផ្សេងៗ​ទៀត នឹង​បន្ត​ការចូលរួម​ដើម្បី​ធ្វើ​ទំនើបកម្ម មន្ទីរពេទ្យ​កាល់ម៉ែត​ឱ្យក្លាយ​ទៅ​ជា​មន្ទីរពេទ្យ​បង្អែក​របស់​ជាតិ​ដែល​មាន​លក្ខណៈ​ទំនើប​និង​ពហុ​ឯកទេស​។​

សូម​ជម្រាប​ជូន​ដែរ​ថា អំឡុង​ពេល​ដែល​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ទៅ​កំដរ​ម្តាយក្មេក​របស់​លោក​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត  លោក​ក៏​ពិនិត្យឃើញ​ពី​ស្ថានភាព​ខ្វះខាត​ក្នុង​ការសាងសង់​មន្ទីរពេទ្យ ដែល​មាន​កម្ពស់​ដល់​ទៅ​១២​ជាន់​នេះ នាពេល​នោះ​លោក​ក៏បាន​សម្រេច​ចិត្ត បញ្ចេញ​នូវ​ថវិកា​រដ្ឋ​ចំនួន ៣០​លាន​ដុល្លារ​អាមេរិក ដើម្បី​បន្ត​កសាង​មន្ទីរពេទ្យ​មួយ​នេះ ព្រោះ​លោក​យល់ថា មន្ទីរពេទ្យ​កាល់ម៉ែត បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការពិនិត្យ និង​ព្យាបាល​ជូន​ប្រជាពលរដ្ឋ ៕

 

ព័ត៌មានផ្សេងទៀត