ចិន​ចោទ​​ប្រធាន​​សិទ្ធិមនុស្ស​​UN​មាន​ឥរិយាបថ​​មិន​សមរម្យ​​ជ្រៀតជ្រែក​​កិច្ចការ​ផ្ទៃក្នុង​

01-12-2019 10:36 am 155

​ប្រទេស​ចិន​កាលពី​ថ្ងៃទី​៣០​វិច្ឆិកា បាន​ចោទប្រកាន់​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ  លោកស្រី​Michelle Bachelet​ថា ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​ចិន បន្ទាប់ពី​លោកស្រី​អំពាវនាវ​ឲ្យមាន​ការស៊ើបអង្កេត លើ​ករណី​ប៉ូលិស​ហុងកុង​ប្រើ​កម្លាំង​ហួស​កម្រិត​បង្ក្រាប​ក្រុម​តវ៉ា​។ មន្ដ្រី​បេសកជន​ពិសេស​ចិន​ប្រចាំ​អង្គការសហប្រជាជាតិ បាន​និយាយថា​អត្ថបទ​សរសេរ​ដោយ​លោកស្រី Bachelet ត្រូវបាន​ចុះផ្សាយ​ក្នុង​កាសែត South China Morning Post គឺ​ខុស​និង​រំលោភ​លើ​គោលបំណង​និង​គោលការណ៍​នៃ​រដ្ឋធម្មនុញ្ញ​អង្គការសហប្រជាជាតិ​។​

​អត្ថបទ​នោះ​រួមបញ្ចូល​ពាក្យសម្ដី​រិះគន់​មិន​សមរម្យ ទៅលើ​ស្ថានភាព​ក្នុង​ក្រុង​កុង​ហុង ព្រមទាំង​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​។ នៅក្នុង​អត្ថបទ​ចុះផ្សាយ​កាលពី​ព្រឹក​ថ្ងៃទី​៣០​វិច្ឆិកា លោកស្រី Bachelet​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ហុងកុង​បើក​ការស៊ើបអង្កេត ដែល​ដឹកនាំ​ដោយ​ចៅក្រម​ឯករាជ្យ​មិន​លម្អៀង ទៅលើ​របាយការណ៍​ស្ដីពី​ការប្រើប្រាស់​កម្លាំង​ហួសប្រមាណ​របស់​ប៉ូលិស​ហុងកុង​។ 

​ការតវ៉ា​របស់​ប្រជាជន​ហុងកុង​បាន​បញ្ឆេះ​ដោយ​កំហឹង​ជាច្រើន​ឆ្នាំ​មកហើយ ព្រោះតែ​ចិន​ច្រានចោល​សិទ្ធិសេរីភាព​នៅក្នុង​ទីក្រុង​ពាក់កណ្ដាល​ស្វយ័ត​មួយ​នេះ​។ មាន​ការប៉ះទង្គិច​បន្ដ​កើតឡើង​ម្ដង​ហើយ​ម្ដងទៀត​រវាង​ប៉ូលិស​ជា​មួយក្រុម​តវ៉ា ដែល​បាន​អំពាវនាវ​ឲ្យ​ប៉ូលិ​សចេញមុខ​ទទួលខុសត្រូវ និង​អំពាវនាវ​ឲ្យមាន​ការបោះឆ្នោតដោយ​សេរី​។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បដិសេធថា មិនបាន​រារាំង​សេរីភាព​នៅ​ហុងកុង​ទេ និង​ចាត់ទុក​ការតវ៉ា​គឺ​ជា​បដិវត្ដពណ៌​គាំទ្រ​ដោយ​បរទេស ក្នុង​គោលបំណង​ធ្វើឲ្យ​ដែនដី​ចិន​មាន​អស្ថិរភាព​។ 

​បេសកជន​ពិសេស​របស់​ចិន​ប្រចាំ​អង្គការសហប្រជាជាតិ បាន​និយាយដែរ​ថា​អត្ថបទ​របស់​លោកស្រី Bachelet មិនបាន​ជួយ​អ្វី​នោះទេ​មានតែ​ធ្វើឲ្យ​ផ្ទុះ​កុបកម្ម និង​មាន​អំពើហិង្សា​កាន់តែ​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ​។​

​គួររម្លឹកថា ចលនា​តវ៉ា​នៅក្នុង​ក្រុង​ហុងកុង​បាន​ផ្ទុះឡើង​តាំងពី​ថ្ងៃទី​០៩​ខែមិថុនា បន្ដ​រហូតដល់​បច្ចុប្បន្ន​រក​ដំណោះស្រាយ​មិនទាន់​ឃើញ​។ ដើមចម​ដំបូង​ដោយសារ​ប្រជាជន​គាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង ប្រឆាំង​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន​។ ក្រោយមក​ក៏​កើតជា​ការតវ៉ា​ទាមទារ​សិទ្ធិសេរីភាព​ពេញលេញ និង​ទាមទារ​ឲ្យ​បើ​កការស៊ើបអង្កេត​លើ​ប៉ូលិស​ហុងកុង​ដែល​ប្រើ​កម្លាំង​បង្ក្រាប​ក្រុម​តវ៉ា​៕

ព័ត៌មានផ្សេងទៀត