លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) បានថ្លែងបញ្ជាក់ថា «អនាគតរបស់សង្គមជាតិ និងសុភមង្គលរបស់ប្រជាជន គឺមានសារៈសំខាន់បំផុត ដែលមិនអាចបណ្តោយទៅតាមយថាហេតុ ឬឲ្យមានភាពចៃដន្យណាមួយកើតឡើងធ្វើ ឲ្យប៉ះពាល់នោះទេ។ លោកបន្តថា ប្រាកដណាស់ពេលនេះ ពេលដែលកម្ពុជារីករាយនឹងសន្តិភាព ស្ថិរភាព តែវាក៏ជាពេលវេលាដ៏សំខាន់ ដែលយុវជនកម្ពុជាត្រូវតែគិតបន្ថែមទៀតអំពីតួនាទី ទំនួលខុសត្រូវ និងការចូលរួមចំណែករបស់ខ្លួនដើម្បីសង្គមជាតិយើង»
លោកហ៊ុន ម៉ានី ថ្លែងបញ្ជាក់ដូច្នេះ នៅក្នុងឱកាសនៃពិធីរំលឹកខួបលើកទី៤១ នៃករបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី៣០ ខែវិច្ឆិកានេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
លោកហ៊ុន ម៉ានី មានប្រសាសន៏បញ្ជាក់ថា ពិធីអបអរសាទរខួបលើកទី៤១ នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង បីសំខាន់ ៖
១. ដើម្បីរម្លឹកនូវគុណូការៈ និងការលះបង់របស់យុវជនជំនាន់មុន និងបុព្វបុរសរបស់យើង។
២. អបអរសាទរនូវសមិទ្ធផលនានាដែលសម្រេចបានកន្លងមករហូតដល់បច្ចុប្បន្ននេះ។
៣. ត្រៀមខ្លួនក្នុងការចូលរួមចំណែកដើម្បីនាំកម្ពុជាទៅអនាគតឱ្យកាន់តែប្រសើរ។
ប្រធាន ស.ស.យ.ករូបនេះ បន្តថា ក្នុងរយៈពេល ៧ ឆ្នាំចុងក្រោយ សហភាពសហព័ន្ធយុវជនកម្ពុជា បានបង្កើនការទទួលស្គាល់យ៉ាងទូលំទូលាយនូវកិត្តិនាមរបស់ខ្លួន ទាំងក្នុង និងក្រៅប្រទេស និងមានការទទួលស្គាល់ពីសំណាក់ថ្នាក់ដឹក នាំ សាធារណៈជន ជាពិសេសយុវជន តាមរយៈសកម្មភាពរបស់ខ្លួន។ ផើ្តមចេញពីកិច្ចការងារសម្រាប់យុវជន ស.ស.យ.ក. បានក្លាយជាវេទិកាមួយដែលផ្តល់ឱកាសដល់យុវជនគ្រប់រូបដែលមានចិត្ត និងគោលបំណងដូចគ្នាក្នុងការផ្តល់ក្តីស្រលាញ់ លះបង់ពេលវេលា ធនធានផ្ទាល់ខ្លួន ដើម្បីសង្គមជាតិ និងប្រជាជន។
ទន្ទឹមនឹងនេះ ស.ស.យ.ក. ក៏បានចូលរួមយ៉ាងសកម្មក្នុង សកម្មភាពវប្បធម៌ សាសនា តាមរយៈការជំរុញការស្វែងយល់ពីប្រវត្តិសាស្ត្រ ការចូលរួមចំ ណែកក្នុងវិស័យអប់រំ សង្គម មនុស្ស ធម៌ កីឡា សិល្បៈ កំសាន្ត ដែលអនុញ្ញាតឲ្យយុវជនគ្រប់និន្នាការចូលរួមបានយ៉ាងទូលំ ទូលាយ៕
ជាមួយគ្នានោះ ស.ស.យ.ក. បានចូលរួមពង្រឹងអត្តសញ្ញាណជាតិ តាមរយៈការរៀបចំព្រឹត្តិការណ៍ធំៗ ជាច្រើនរួមមាន ព្រឹត្តិការណ៍អង្គរសង្គ្រាន្ត ពិធីថ្វាយ ព្រះពរសង្ក្រាន្តឆ្នាំថ្មី ការបំបែកឯតទគ្គកម្មក្រមាវែង និងទូកងវែងជាងគេ និងព្រឹត្តិការណ៍នានាផ្សេងៗ។