កូរ៉េខាងជើង​ព្រមាន​ជប៉ុន​ថា​អាច​នឹង​បានឃើញ​ការបាញ់​មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប​ឆាប់ៗ​នេះ​

30-11-2019 3:00 pm 358
  ស្តាប់
ស្តាប់ជាសំឡេង

​អគ្គនាយករង​នៃ​នាយកដ្ឋាន​កិច្ចការ​នៃ​ក្រសួងការបរទេស​កូរ៉េខាងជើង បាន​ហៅ​លោក​ស៊ីន ហ្សូ​អាបេ​នាយករដ្ឋមន្ត្រីជ​ប៉ុនថា «​គឺជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ល្ងង់​នៅក្នុង​លោក និង​ជា​មនុស្ស​ល្ងីល្ងើ​បំផុត​មិន​ធ្លាប់បាន​ស្គាល់​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​លោក​មិនអាច​បែងចែក​ដាច់​ពី​មី​ស៊ី​ល​នៃ​ប្រព័ន្ធ​បាញ់​មី​ស៊ី​ល​ចម្រុះ ខណៈ​បានឃើញ​របាយការណ៍​មាន​ទាំង​រូបភាព​អម​»​។ បើតាម​ការចុះផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង​KCNA មន្ត្រី​កូរ៉េខាងជើង​ម្នាក់នេះ បាន​បន្ត​ប្រើ​ពាក្យសម្តី​មើលងាយ​និង​ព្រមាន​យ៉ាង​ដូច្នេះ​ទៀតថា «​លោក​អាបេ​ប្រហែលជា​នឹង​បានឃើញ​អ្វីដែល​ហៅថា ជាការ​ធ្វើតេស្ត​មី​ស៊ី​លបាញ់​ផ្លោង​ឆ្លង​ទ្វីប​ពិតៗ ដែល​ធ្វើឡើង​នៅ​មិន​ឆ្ងាយ​ទេ គឺ​នៅ​កៀក​ក្រោម​ច្រមុះ​របស់លោក​អាបេ​តែម្តង​»​។​

​កូរ៉េខាងជើង​នៅ​ថ្ងៃទី​២៨​ខែវិច្ឆិកា បាន​ធ្វើតេស្ត​សាកល្បង​នូវ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ចំនួន​២​គ្រាប់ ហោះ​ធ្លាក់ចូល​សមុទ្រ​ភាគ​ខាងកើត​របស់ខ្លួន ដែល​ជាការ​ធ្វើតេស្ត​លើក​ទី​៤ នៃ​ម៉ាស៊ីន​បាញ់​រ៉ុក្កែត​ចម្រុះ ធំ​និង​ថ្មី​បំផុត​របស់គេ​។ មិន​ខុសពី​សព្វដង​ទេ លោក​អាបេ​បាន​ប្រតិកម្ម ទៅនឹង​ការធ្វើ​តេស្ត​នេះ ថា​គំរាមកំហែង​ដល់​ជប៉ុន ដែលជា​ប្រទេស​មាន​ព្រំដែន​ទឹក​ជាមួយ​កូរ៉េខាងជើង​។ ការ​ធ្វើតេស្ត​អាវុធ​របៀបនេះ ក៏​គំរាមកំហែង​ផងដែរ​ដល់​សហគមន៍​អន្តរជាតិ​។​

​យោងតាម​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បាន​ហាមឃាត់​កូរ៉េខាងជើង ពី​ការបាញ់​មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប​និង​ការប្រើប្រាស់​បច្ចេកវិទ្យា​បែបនេះ​។ ប៉ុន្តែ​កូរ៉េខាងជើង​បដិសេធ​ការដាក់​កម្រិត​នេះ​ថា ជា​ការរំលោភ​លើ​សិទ្ធិ​ការពារ​ខ្លួន​។ យ៉ាងណាក៏ដោយ បើ​កូរ៉េខាងជើង​ពិតជា​បាន​ធ្វើតេស្ត​មី​ស៊ី​លបាញ់​ផ្លោង​ឆ្លង​ទ្វីប​មែន នោះ​ជាកា​រំលោភ​លើ​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ​។ សកម្មភាព​របស់​កូរ៉េខាងជើង ដែល​បំពាន​លើ​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ​កន្លងមក បាន​រុញឲ្យ​ប្រទេស​នេះ​ទទួលរង​នូវ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដល់​សព្វថ្ងៃ​។ មានការ​លើកឡើងថា ដោយសារ​ទណ្ឌកម្ម​ចាស់​នៅតែមាន​សុពលភាព​យ៉ាង​ពេញលេញ ហេតុដូចនេះ កូរ៉េខាងជើង​ទំនងជា​មិន​ហាន​ប្រថុយ ធ្វើតេស្ត​មី​ស៊ី​ល​ធុន​ធ្ងន់​ផ្គើន​នឹង​អន្តរជាតិ​ឡើយ ហើយ​អ្វីដែល​បានលើកឡើង អាច​គ្រាន់តែ​ជាការ​គំរាម​ជប៉ុន ដែល​តែងតែ​ចេញមុខ​រិះគន់ និង​តវ៉ា​ប្រឆាំងនឹង​ការធ្វើ​តេស្ត​អាវុធ​ម្តងៗ​៕ 

ព័ត៌មានផ្សេងទៀត