នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ ប្រកាស​ចុះ​ចេញពី​តំណែង ក្រោយ​ផ្ទុះ​ការតវ៉ា​ស្លាប់​មនុស្ស​រាប់រយ​នាក់​

30-11-2019 9:57 am 308

​លោក Ayatollah Ali al-Sistani មេដឹកនាំ​សាសនា​អ៊ីស្លាម​និកាយ​ស៊ី​អ៊ី​ត និង​មាន​ឥទ្ធិពល​បំផុត​លើ​គណបក្សនយោបាយ​អ៊ីរ៉ាក់ បាន​ជំរុញ​ឲ្យ​សមាជិកសភា ពិចារណា​ឡើងវិញ​ទៅលើ​សន្ទុះ​នៃ​ការគាំទ្រ​រដ្ឋាភិបាល ដែល​ហាក់​អាក់​ប្រជាប្រិយភាព​យ៉ាងខ្លាំង​។ អាក់​ប្រជាប្រិយភាព​នេះ បាន​បង្ហាញឡើង​តាមរយៈ ប្រជាជន​ដែល​បាន​ប្រមូលផ្តុំ​ធ្វើបាតុកម្ម​អស់​រយៈពេល​២​ខែ បណ្តាលឲ្យ​មនុស្ស​រាប់រ​យ​នាក់​ស្លាប់បាត់​បង់ជីវិត​។ លោក Ayatollah Ali al-Sistani មើលឃើញថា រដ្ឋាភិបាល​គ្មាន​សមត្ថភាព អាច​ដោះស្រាយ​ភាពចលាចល ដែល​កំពុងតែ​កើតឡើង​បានទេ ហើយ​ជំរុញ​ឲ្យ​សភា​ដក​សេចក្តីទុកចិត្ត ពី​រដ្ឋាភិបាល​ដែលមាន​លោក Abdul Mahdi​ជា​នាយករដ្ឋមន្ត្រី ដើម្បី​បញ្ចប់​អំពើហិង្សា ដែល​កើតឡើង​នៅក្នុង​ការតវ៉ា​។​

​ជា​ការឆ្លើយតប​លោក​Abdul Mahdi ដែល​ឡើងកាន់តំណែង​នៅក្នុង​ខែតុលា​ឆ្នាំ​២០១៨ បានប្រកាស​សុំ​លែង​លា​ពី​តំណែង​ភ្លាមៗ​តែម្តង​កាលពី​ថ្ងៃ​សុក្រ​។ តែ​លោក​មិនទាន់​បញ្ជាក់ថា នឹង​ចុះ​ចេញពី​តំណែង​ជា​ផ្លូវ​ការណ៍ នៅពេលណា​នៅឡើយ​ទេ​។ សភា​អ៊ីរ៉ាក់​បាន​កោះប្រជុំ​បន្ទាន់ នៅ​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ ដើម្បី​ពិភាក្សា​ដោះស្រាយ​វិបត្តិ​។​

​ប្រជាជន​អ៊ីរ៉ាក់​បាន​ប្រមូលផ្តុំ​ធ្វើបាតុកម្ម​ទាមទារ ឲ្យ​រុះរើ​រចនាសម្ព័ន្ធ​រដ្ឋាភិបាល តាំងពី​ថ្ងៃទី​១​ខែតុលា​ឆ្នាំ​២០១៩​មក​។ រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក Abdul Mahdi ត្រូវបាន​គេ​មើលឃើញថា គឺជា​កូនអុក​របស់​អ៊ីរ៉ង់ ហើយ​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​នេះ​ទៀតសោត អសមត្ថភាព ខណៈ​អំពើពុករលួយ​នៅតែ​មិនអាច​ដោះស្រាយបាន​។ ការតវ៉ា​បាន​រីក​រាលដាល​ជា​អំពើហិង្សា​កាន់តែ​អាក្រក់​ទៅៗ នៅ​ក្នុងនោះ កងកម្លាំង​អ៊ីរ៉ាក់​បាន​បង្ក្រាប ដោយ​ការប្រើប្រាស់​គ្រាប់កាំភ្លើង​ពិត បាញ់​ទៅលើ​បាតុករ​ស្លាប់​អស់​ជិត​៤០០​នាក់​។  ពោល គ្រាន់តែ​នៅ​ថ្ងៃ​ព្រហស្បតិ៍​មួយថ្ងៃ កងកម្លាំង​សន្តិសុខ​បាន​បាញ់សម្លាប់​បាតុករ​អស់​៤៦​នាក់ ហើយ​ភាគច្រើន​ជា​បាតុករ​វ័យក្មេងៗ ដែល​គ្មាន​អាវុធ​នៅក្នុង​ដៃ​។ ទន្ទឹមនឹងនោះ ក៏មាន​កងកម្លាំង​សន្តិសុខ​ច្រើន​នាក់​ដែរ បាន​ស្លាប់​នៅក្នុង​ការប៉ះទង្គិច​គ្នា​ជាមួយ​ក្រុមបាតុករ​៕ 

ព័ត៌មានផ្សេងទៀត