ក្រុម​តា​លី​បង់​ថា​​ដូចជា​លឿន​​ពេក​​ដែល​និយាយ​​រឿង​ចរចា​​ឡើងវិញ​​នៅពេលនេះ​

29-11-2019 5:09 pm 105
រូបភាពកងទ័ពអាមេរិកប្រចាំការនៅអាហ្វហ្គានីស្ថាន​ទប់ទល់នឹងក្រុមតាលីបង់

​ក្រុម​តា​លី​បង់​បាន​និយាយ​នៅ​ថ្ងៃទី​២៩​វិច្ឆិកា​នេះ​ថា វា​ហាក់ដូចជា​ឆាប់​ពេក​ក្នុង​ការនិយាយ​រឿង​ចាប់ផ្ដើម​កិច្ចចរចា​ជាថ្មី​ជាមួយ​អាមេរិក​។ ការលើកឡើង​របស់​ក្រុម​តា​លី​បង់​ដូច្នេះ បន្ទាប់ពី​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក ធ្វើ​ទស្សនកិច្ច​យ៉ាង​ភ្ញាក់ផ្អើល​ទៅកាន់​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន សួរសុខទុក្ខ​កងទ័ព​អាមេរិក​នៅ​ទីនោះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ លោក​ត្រាំ​បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​មូលដ្ឋានទ័ព​Bagram Airfield ស្ថិតនៅ​ខាងក្រៅ​រដ្ឋធានី​កា​ប៊ុល​ថា ក្រុម​តា​លី​បង់​ចង់បាន​កិច្ចព្រមព្រៀង​មួយ​។ លោក​ថា​នឹងមាន​កិច្ច​ជំនួប​ជាមួយ​ក្រុម​តា​លី​បង់​ដើម្បី​និយាយ​ពីបទ​ឈប់​បាញ់ ប៉ុន្ដែ​ជុំវិញ​បញ្ហា​នេះ​ក្រុម​តា​លី​បង់​ឆ្លើយតប​ថា វា​ហាក់ដូចជា​ឆាប់​ពេក​ដែល​និយាយ​ពី​ការចាប់ផ្ដើម​កិច្ចចរចា​ឡើងវិញ​។ ពួកគេ​នឹង​ជូនដំណឹង​លម្អិត​នៅពេល​ក្រោយ​។  

​សូមបញ្ជាក់ថា​អស់​រយៈពេល​ជាង​១៨​ឆ្នាំ​មកហើយ ដែល​មន្ដ្រីជាន់ខ្ពស់​យោធា​និង​មន្ដ្រីការទូត​អាមេរិក បាន​ជជែក​ពិភាក្សា​ពី​សុទិដ្ឋិនិយម​និង​វិធីសាស្ដ្រ​នៃ​ការ​បញ្ចប់សង្គ្រាម ប៉ុន្ដែ​ក្រុម​តា​លី​បង់​នៅតែ​បន្ដ​គ្រប់គ្រង​មួយផ្នែកធំ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន និង​មាន​ការវាយប្រហារ​ទៅវិញទៅមក​ដដែល​។ កិច្ចចរចា​រវាង​ក្រុម​តា​លី​បង់​ជាមួយ​អាមេរិក​មាន​គោលបំណង​បញ្ចប់សង្គ្រាម បាន​បរាជ័យ​ជាថ្មី​កាលពី​ខែកញ្ញា​៕

ព័ត៌មានផ្សេងទៀត