ប្រជាជន​​ហុងកុង​​រាប់ពាន់នាក់​​ជួបជុំ​​បង្ហាញ​​ការ​អរគុណ​​ដល់​អាមេរិក​​ដែល​គាំទ្រ​ខ្លួន​

29-11-2019 3:26 pm 1516

​ក្រុម​តវ៉ា​រាប់ពាន់នាក់​នៅក្នុង​ទីក្រុង​ហុងកុង បាននាំគ្នា​ប្រមូលផ្ដុំ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​សម្ដែង​ការថ្លែងអំណរគុណ​ដល់​សហរដ្ឋអាមេរិក ដែល​អនុម័ត​សេចក្ដីព្រាងច្បាប់​គាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង​។ ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​កាលពី​ថ្ងៃ​ពុធ បាន​ចុះហត្ថលេខា​លើ​សេចក្ដីព្រាងច្បាប់ ដើម្បីឲ្យ​ចូល​ជា​ច្បាប់​ពេញលេញ​សម្រាប់​អនុ​វត្ដ ដែលជា​ច្បាប់​មួយ​គាំទ្រ​ដល់​ក្រុម​តវ៉ា​ហុងកុង​។ ការចុះហត្ថលេខា​ធ្វើឡើង​ស្របពេល​មានប្រតិកម្ម​ពី​ប្រទេស​ចិន ខណៈ​អាមេរិក​កំពុង​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម​។​

​នៅក្នុង​ការប្រមូលផ្ដុំ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ក្រុម​តវ៉ា​ហុងកុង​បាន​លើកឡើងថា​ពួកគេ​ជួបជុំគ្នា ដើម្បី​អរគុណ​ដល់​សភា​អាមេរិក​ក៏ដូចជា​លោក​ដូណាល់ ត្រាំ ដែល​សម្រេច​អនុម័ត​ច្បាប់​នេះ​។ ពួកគេ​ពិតជា​រីករាយ​ជាខ្លាំង​ហើយក៏​ទទួលយក​យ៉ាង​ពេញចិត្ដ​បំផុត នូវ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អាមេរិក ដែល​គាំទ្រ​ដល់​ហុងកុង​ឈរ​ជាមួយ​ហុង​កន្លងមក មិន​ព្រម​ឈរ​ខាង​ភាគី​ចិន​។ 

​សេចក្ដីព្រាងច្បាប់​គាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង ដែល​ទើប​ចុះហត្ថលេខា​ជា​ច្បាប់​ពេញលេញ តម្រូវឲ្យ​ក្រសួងការបរទេស​អាមេ​រិក​ត្រូវ​បញ្ជាក់​យ៉ាងហោចណាស់​ក៏​ជា​រៀងរាល់ឆ្នាំ​ដែរថា ហុងកុង​មាន​ស្វ័យភាព​គ្រប់គ្រាន​ដើម្បី​បង្ហាញ​ពី​លក្ខខណ្ឌ​អនុគ្រោះ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក ជួយ​ឲ្យ​ហុងកុង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​របស់​ពិភពលោក​។ ច្បាប់​ថ្មី​ក៏​គំរាម​ដាក់ទណ្ឌកម្ម​លើ​ការរំលោភបំពាន​សិទ្ធិមនុស្ស​បន្ថែមទៀត​។​

​យ៉ាងណាមិញ​ក្រសួងការបរទេស​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បានបញ្ជាក់​នឹង​ចាត់វិធានការ​ដ៏​តឹងរ៉ឹង​បំផុត ប្រសិនបើ​អាមេរិក​បន្ដ​ជ្រៀតជ្រែក​នៅ​ហុងកុង​។ ក្រសួង​បញ្ជាក់ថា​សេចក្ដីព្រាងច្បាប់​ចុះហត្ថលេខា​ដោយ​លោក​ដូណាល់ ត្រាំ កាលពី​ថ្ងៃទី​២៧​វិច្ឆិកា​ដែល​គាំទ្រ​ក្រុម​តវ៉ា​ហុងកុង គឺជា​ការជ្រៀតជ្រែក​ដ៏​ធ្ងន់ធ្ងរ​បំផុត​ក្នុង​កិច្ចការ​ផ្ទៃក្នុង​ចិន​។ កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​សហរដ្ឋអាមេរិក​នឹងត្រូវ​រង​នូវ​ភាពបរាជ័យ ហើយ​វា​ជា​រឿង​គួរឲ្យ​ស្អប់ខ្ពើ​ម​និង​ពិតជា​មានចេតនា​អាក្រក់​ណាស់​។ 

​តាំងពីដើម​ទី​មកម្ល៉េះ​ដែល​ចិន​បាន​ព្រមាន​ដល់​អាមេរិក បើ​មិន​ព្រម​ឈប់​លូកដៃ​នៅ​ហុងកុង​នោះ​នឹង​ប្រឈម​ផលវិបាក​។ ប៉ុន្ដែ​អាមេរិក​នៅតែ​បង្ហាញ​ជំហរ​ឲ្យ​ដោះស្រាយ​បញ្ហា​ដោយ​សន្ដិវិធី ហើយ​ទទូច​ឲ្យ​ចិន​ត្រូវ​រក​វិធីសាស្ដ្រ​បញ្ចប់​អំពើហិង្សា​នៅ​ហុងកុង​។ ទាក់ទង​នឹង​ការអនុម័ត​ច្បាប់​គាំទ្រ​ប្រជាធិបតេយ្យ​នៅ​ហុងកុង​របស់​អាមេរិក ចិន​ចាត់ទុក​ជាកា​រំលោភបំពាន​លើ​ច្បាប់​អន្ដរជាតិ និង​រំលោភ​លើ​បទដ្ឋាន​របស់​អន្ដរជាតិ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត