មនុស្ស​​ប្រមាណ​​៧​ពាន់​នាក់​​ត្រូវ​ចាប់ខ្លួន​​ដោយសារ​​តវ៉ា​ប្រឆាំង​​រដ្ឋាភិបាល​​អ៊ីរ៉ង់​

29-11-2019 2:43 pm 247

​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីរ៉ង់​បាន​ចុះផ្សាយ​ថា អាជ្ញាធរ​បាន​ចាប់ឃុំខ្លួន​មនុស្ស​រាប់ពាន់នាក់ ដែល​ចូលរួម​ក្នុង​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​តាំងពី​ពាក់កណ្ដាល​ខែវិច្ឆិកា​មក​។ ការតវ៉ា​បាន​រីក​រាលដាល​ទូទាំងប្រទេស បន្ទាប់ពី​រដ្ឋាភិបាល​ប្រកាស​ដំឡើងថ្លៃ​ប្រេងសាំង​ដោយ​គ្មាន​ការជូនដំណឹង​ជាមុន គឺ​ដំឡើងថ្លៃ​រហូតដល់​ប្រមាណ​ជា​៥០​ភាគ​កាលពី​ពីរ​សប្ដាហ៍​មុន​។ 

​ទីភ្នាក់ងារ​សារព័ត៌មាន​គ្រប់គ្រង​ដោយ​រដ្ឋ​បាន​រាយការណ៍​ថ្មីៗ​នេះ​ថា រដ្ឋាភិបាល​បាន​ប៉ាន់ប្រមាណ​ពី​ចំនួន​ប្រជាជន​ដែល​ចូលរួម​ក្នុង​ការតវ៉ា មាន​ចន្លោះ​ពី​១៣​ម៉ឺន​ទៅ​២០​ម៉ឺន​នាក់​។ ទីភ្នាក់ងារ​សារព័ត៌មាន​បាន​បញ្ជាក់ថា ការិយាល័យ​រដ្ឋាភិបាល​ប្រមាណ​១៤០ និង​ទីតាំង​យោធា​ចំនួន​ជាង​៥០​ត្រូវបាន​បំផ្លាញ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីរ៉ង់​ផ្សេងទៀត បាន​ដកស្រង់​សម្ដី​សមាជិក​គណៈកម្មកា​រ​សន្ដិសុខ​សភាថា មនុស្ស​ប្រមាណ​៧​ពាន់​នាក់​ត្រូវបាន​ចាប់ខ្លួន​។ 

​រដ្ឋាភិបាល​ក៏បាន​រឹតបន្ដឹង​លើ​ការចូល​ប្រើប្រាស់​បណ្ដាញ​អ៊ី​ន​ធឺ​ណេត​ផងដែរ បន្ទាប់ពី​មាន​ការតវ៉ា​ចាប់ផ្ដើម​។ ប៉ុន្ដែ​ការ​រឹត​បន្ដឹង​ត្រូវបាន​បន្ធូរបន្ថយ​វិញ តាំងពី​ថ្ងៃ​ព្រហស្បតិ៍​នៅក្នុង​ទីក្រុង​មួយចំនួន ក្នុងនោះ​មាន​រដ្ឋធានី​តេ​រ៉ង់​ជាដើម​។ រដ្ឋាភិបាល​អ៊ីរ៉ង់​សង្កត់ធ្ងន់ថា​ភាពវឹកវរ​ត្រូវបាន​បង្ក្រាប ហើយ​ចំពោះ​ការដំឡើងថ្លៃ​ប្រេងសាំង​វិញ ដោយសារតែ​មាន​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​អាមេរិក ដែល​ធ្វើឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាជនមាន​ការលំបាក​កាន់តែខ្លាំង​ឡើងៗ​។

គួរបញ្ជាក់ថា បើតាមអង្គការលើកលែង​ទោសអន្ដរជាតិ ការតវ៉ា​នៅអ៊ីរ៉ង់បានសម្លាប់​មនុស្ស​ប្រមាណ១៤០នាក់ និងរងរបួស​​​​ជាច្រើន​នាក់ទៀត៕

ព័ត៌មានផ្សេងទៀត