អ្នកនាំពាក្យCPP៖ លោកសម រង្ស៊ីភ័យខ្លាចលោកកឹម សុខាបង្កើតបក្សថ្មី

29-11-2019 9:21 am 1021

លោកសុខ ឥសាន អ្នកនាំពាក្យបក្សកាន់អំណាចCPP បានលើកឡើងថាលោកសម រង្ស៊ី កំពុងភ័យខ្លាចលោកកឹម សុខា ដែលជាដៃគូរបស់ខ្លួនទៅបង្កើតគណបក្សថ្មី ឬទៅដឹកនាំគណបក្សសិទ្ធិមនុស្សវិញ ទើបអតីតមេបក្សប្រឆាំងរូបនេះ (លោកសមរង្ស៊ី) តែងតែនិយាយថាសម រង្ស៊ី និងកឹម សុខាជាមនុស្សតែមួយ។

ការលើកឡើងនេះ បន្ទាប់ពីលោកសម រង្ស៊ី បានសរសេរនៅឡើងហ្វេសប៊ុករបស់លោកថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កំពុងតែរកល្បិចបើម្បីបំបែកលោកកឹម សុខា ចេញពីលោកសម រង្ស៊ីក្នុងគោលបំណងគេច វេសពីសម្ពាធសហភាពអឺរ៉ុបដែលតម្រូវឲ្យរដ្ឋាភិបាលកម្ពុជា រៀបចំឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ ដើម្បីធ្វើឲ្យលទ្ធិប្រជាធិបតេយ្យរស់ឡើងវិញនៅកម្ពុជា។

លោកសុខ ឥសាន អ្នកនាំពាក្យបក្សប្រជាជនកម្ពុជា បានសរសេរនៅក្នុងគ្រុបតេលេក្រាមអ្នកសារព័ត៌មាន ថារឿងលោកកឹម សុខា និងលោកសម រង្ស៊ីបែកបាក់គ្នា គឺបែកបាក់ដោយខ្លួនឯងតាំងពីយូរហើយ មិនបាច់មាននរណាមកបំបែកទេ។ លោកថាលោកសម រង្ស៊ី កំពុងភ័យខ្លាចលោកកឹម សុខាឃ្លាតឆ្ងាយពីខ្លួន ហេតុនេះបានជាខិតខំនិយាយមួយម៉ាត់ណាក៏សម រង្សី និងកឹម សុខាជាមនុស្សតែមួយដែរ។

លោកសុខ ឥសាន បានសរសេរបន្តថា លោកសម រង្ស៊ី កំពុងភិតភ័យពីរឿងលោកកឹម សុខា បែកចិត្តទៅបង្កើតគណបក្សថ្មី ឬទៅធ្វើប្រធានគណបក្សសិទ្ធិមនុស្សវិញ។

កាលពីថ្ងៃទី២៨ ខែវិច្ឆិកាលោកមុត ចន្ថា មនុស្សជំនិតរបស់លោកកឹម សុខា បានបដិសេធនូវព័ត៌មានដែលថា លោកកឹម សុខា បានទូរស័ព្ទទៅលោកសម រង្ស៊ី ដើម្បីសួរសុខទុក្ខគ្នា ដោយលោកមុត ចន្ថា ចាត់ទុកព័ត៌​មាន​នេះថា មានចេតនាទុច្ចរិតមកលើលោកកឹម សុខា ហើយស្នើឲ្យធ្វើការកែតម្រូវនូវព័ត៌មាននេះជាបន្ទាន់៕ 

ព័ត៌មានផ្សេងទៀត