កូរ៉េខាងជើង​ធ្វើតេស្ត​មី​ស៊ី​ល​២​គ្រាប់​ទៀត​ចូលក្នុង​សមុទ្រ​

29-11-2019 9:18 am 200

​កូរ៉េខាងជើង​បាន​ធ្វើតេស្ត​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ចំនួន​២​គ្រាប់ នៅ​ថ្ងៃទី​២៨​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។ កូរ៉េខាងត្បូង​បញ្ជាក់ថា កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល ទម្លាក់​ចូលក្នុងស​មុទ្រ​ភាគ​ខាងកើត នៅវេលា​ម៉ោង​៥​ល្ងាច ម៉ោង​ក្នុង​តំបន់​។ មី​ស៊ី​ល​ហោះ​បាន​ចម្ងាយ ៣៨០ គីឡូម៉ែត្រ និង​កម្ពស់ ៩៧ គីឡូម៉ែត្រ​។ នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ីន​ហ្សូ អាបេ​បាន​ប្រតិកម្ម​ថា ការបាញ់​បង្ហោះ​មី​ស៊ី​ល​នេះ មិនមែន​គំរាមកំហែង​ត្រឹមតែ​ចំពោះ​ប្រទេស​ជប៉ុន​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ការគំរាមកំហែង​ប្រទេស​នៅក្នុង​តំបន់​ផ្សេងទៀត​ដែរ​។ លោក​អាបេ​បានប្រាប់​អ្នកកាសែត​ថា នឹង​នៅតែមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​សហរដ្ឋអាមេរិក កូរ៉េខាងត្បូង​និង​សហគមន៍​អន្តរជាតិ ដើម្បី​តាមដាន​ស្ថានការណ៍​នៅ​កូរ៉េ​។​

​យោធា​កូរ៉េខាងត្បូង​បាន​សម្តែង​នូវ ការសោកស្តាយ​យ៉ាងខ្លាំង ដោយ​ជំរុញ​ឲ្យ​កូរ៉េខាងជើង បញ្ឈប់​ភាព​តានតឹង​ផ្នែក​យោធា​។ មន្ត្រី​កូរ៉េខាងត្បូង​អះអាងថា សកម្មភាព​បែបនេះ​របស់​កូរ៉េខាងជើង គឺ​គ្មាន​ប្រយោជន៍​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​ឡើយ​។​

​ចំណែក​ក្រុមអ្នកវិភាគ​ជឿជាក់ថា ទីក្រុង​ព្យុងយ៉ាង​កំពុង​ព្យាយាម​បង្ហាញ​វឌ្ឍនភាព ក្នុង​ការអភិវឌ្ឍ​អាវុធ ខណៈពេលដែល​ការចរចាជាមួយ​សហរដ្ឋអាមេរិក នៅតែ​ស្ថិតក្នុង​សភាព​ទ្រឹង​មិន​ទៅមុខ​។ លោក​គីម ជុង​អ៊ុន​ប្រធានាធិបតី​កូរ៉េខាងជើង បានកំណត់​ពេលវេលា​ចុងក្រោយ នៃ​ការបញ្ចប់​ការពិភាក្សា អំពី ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន ប៉ុន្តែ​ការចរចា​បាន​ស្ថិតក្នុង​ភាពស្រពិចស្រពិល បន្ទាប់ពី​កិច្ចប្រជុំ​កម្រិត​ការងារ​រយៈពេល​មួយថ្ងៃ​នៅ​ថ្ងៃទី ៥ ខែតុលា បានបញ្ចប់​ដោយ​គ្មាន​លទ្ធផល​៕

ព័ត៌មានផ្សេងទៀត