​កម្ពុជា​-​អាល្លឺម៉ង់​​ចុះ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​​ចំនួន​២​ដែលមាន​ទឹកប្រាក់​៦៧.១​លាន​អឺរ៉ូ​​

28-11-2019 3:13 pm 219
  ស្តាប់
ស្តាប់ជាសំឡេង

​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​លោក Christian Berger ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ប្រចាំ​នៅ​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន សហប្រតិបត្តិការ​ចំនួន​២ ដែលមាន​ទឹកប្រាក់​សរុប​ចំនួន​៦៧.១​លាន​អឺរ៉ូ (​ប្រមាណ​ជា​៧៤​លាន​ដុល្លារ​អាមេរិក​)​។​

​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចុះ​ថ្ងៃទី​២៨ វិច្ឆិកា ឆ្នាំ​២០១៩​នេះ បាន​បញ្ជាក់ថា កិច្ចព្រមព្រៀង​ទាំង​២​នោះ​រួមមាន​៖

១. កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ឆ្នាំ​២០១៨​។ តាមរយៈ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ឆ្នាំ​២០១៨​នេះ ដែលជា​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ នឹង​ផ្តល់​ឥណទាន​សម្បទាន​ចំនួន​៣០​លាន​អឺរ៉ូ និង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​២​លាន​អឺរ៉ូ សម្រាប់​ហិរញ្ញប្បទាន លើ​គម្រោង​ប្រសិទ្ធិភាព​ថាមពល សម្រាប់​ការផ្គត់ផ្គង់​អគ្គិសនី​ជនបទ​។​ឥណទាន​សម្បទាន​ចំនួន​៣០​លាន​អឺរ៉ូ គឺ​ឥណទាន​សម្បទាន​ទី​១​ដែល​ភាគី​អាល្លឺម៉ង់​ហៅថា «Reduced Interest Loan» នឹងត្រូវ​បានផ្តល់​តាម​រយៈ​ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់ (KfW)​។ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឥណទាន ជាមួយ​ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់ (KfW) នៅពេល​ក្រោយ​ទៀត ដើម្បី​ទទួលបាន​ឥណទាន មកប្រើប្រាស់​សម្រាប់​អនុវត្ត​គម្រោង​ប្រសិទ្ធិភាព​ថាមពល សម្រាប់​ការផ្គត់ផ្គង់​អគ្គិសនី​ជនបទ​។​

២. កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ ឆ្នាំ​២០១៩​។ តាមរយៈ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ឆ្នាំ​២០១៩​នេះ ដែលជា​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ នឹង​ផ្តល់​ឥណទាន​សម្បទាន​ចំនួន​៣០​លាន​អឺរ៉ូ សម្រាប់​ហិរញ្ញប្បទាន លើ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​សម្រាប់​កម្ពុជា និង​ហិរញ្ញប្បទាន ឥត​សំណង​ចំនួន​៥.១​លាន​អឺរ៉ូ សម្រាប់​គាំទ្រ​ការធ្វើ​ហិរញ្ញប្បទាន លើ​គម្រោង​ជាក់លាក់​មួយចំនួនទៀត​។​ឥណទាន​សម្បទាន​ចំនួន​៣០​លាន​អឺរ៉ូ ជា​ឥណទាន​សម្បទាន​ទី​២ ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ សហព័ន្ធ​អាល្លឺម៉ង់ ដែល​នឹងត្រូវ​បានផ្តល់​តាមរយៈ​ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់ (KfW) ផងដែរ​។ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឥណទាន ជាមួយ​ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់ (KfW) នៅពេល​ក្រោយ​ទៀត ដើម្បី​ទទួលបាន​ឥណទាន​មកប្រើប្រាស់​សម្រាប់​អនុវត្ត​គម្រោង​ជាក់ស្តែង​។​

​លោក អូន ព័ន្ធមុនីរ័ត្ន បាន​គូសបញ្ជាក់ថា ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិ​នេះ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ ដែល​ឆ្លុះបញ្ចាំង​អំពី​កិច្ចសហប្រតិបត្តិការ ជា​មិត្តភាព​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ក្នុង​ការជួយ​គាំទ្រ​ដល់​កិច្ចអភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ច​នៅ​កម្ពុជា ដោយ​ភាគី​មិត្ត​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ ផ្តល់​ឥណទាន​សម្បទាន​របស់ខ្លួន ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​ជា​អាទិភាព​របស់ រាជរដ្ឋាភិបាល​កម្ពុជា និង​បាន​បង្ហាញឲ្យឃើញនូ​វ​ការជឿទុកចិត្ត និង​ការវាយតម្លៃ​ខ្ពស់​របស់ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ក្នុង​ការចូលរួម​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤, ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ និង ឯកសារ​យុទ្ធសាស្ត្រ​ស្តីពី ការគ្រប់គ្រង​បំណុល​សាធារណៈ​២០១៩-២០២៥ របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕

ព័ត៌មានផ្សេងទៀត