​លោក​ថោង ខុន​៖​​បច្ចុប្បន្ន​រដ្ឋាភិបាល​​ខិតខំ​ពង្រីក​វិសាលភាព​​តំបន់​ទេសចរណ៍​គ្មាន​ផ្សែង​បារី​​

28-11-2019 12:06 pm 349

​កម្ពុជា​តាមរយៈ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​ខិតខំ​ពង្រីក​វិសាលភាព​តំបន់​ទេសចរណ៍ គ្មាន​ផ្សែង​បារី ជាពិសេស​អាជ្ញាធរខេត្ត​សៀមរាប ត្រូវខិតខំ​ប្រែក្លាយ​មណ្ឌល​កម្សាន្ត នៅ​ក្រុង​សៀមរាប ទៅជា​តំបន់​ទេសចរណ៍​គ្មាន​ផ្សែង​បារី និង​មាន​បរិស្ថាន​ស្អាត​។

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​គូសបញ្ជាក់ថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​ខិតខំ​ពង្រីក​វិសាលភាព​តំបន់​ទេសចរណ៍ គ្មាន​ផ្សែង​បារី ឱ្យ​កាន់តែ​ធំ​ទូលាយ សំដៅ​រួមចំណែក​ធ្វើឱ្យ​បរិស្ថាន​មាន​ភាព​ស្រស់បំព្រម គួរ​ជាទីរ​មនា​ដល់​ភ្ញៀវទេសចរ​គ្រប់គ្នា​។ ការគូសបញ្ជាក់​យ៉ាង​ដូច្នេះ​របស់ ថោង ខុន ធ្វើឡើង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ថ្នាក់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​៧ ស្តីពី​ទីក្រុង​គ្មាន​ផ្សែង​បារី​ធ្វើឲ្យ​ទេសចរណ៍​កាន់តែ​ល្អប្រសើរ និង​អភិរក្ស​បេតិកភណ្ឌ​យើង នៅ​សណ្ឋាគារ​អប្សរា​ផា​លែ​ស ខេត្តសៀមរាប នា​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​។ 

​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​រូបនេះ ក៏បាន​ជំរុញ​ឱ្យ​ក្រសួង​-​ស្ថាប័ន និង​អ្នកពាក់ព័ន្ធ ពិសេស​អាជ្ញាធរ​ខេត្តសៀមរាប ត្រូវខិតខំ​ប្រែក្លាយ​មណ្ឌល​កម្សាន្ត នៅ​ក្រុង​សៀមរាប ទៅជា​តំបន់​ទេសចរណ៍​គ្មាន​ផ្សែង​បារី និង​មាន​បរិស្ថាន​ស្អាត​។ ជាមួយគ្នា​នោះ​លោក​ក៏បាន​គូសបញ្ជាក់​ផងដែ​រថា រាជរដ្ឋាភិបាល​កម្ពុជា​បានចាត់ទុក​វិស័យ​ទេសចរណ៍​ជា «​មាស​បៃតង​» ក្នុង​ការរួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋ​កិច្ច សង្គម ព្រមទាំង​ការពារ​បរិស្ថាន និង​អភិរក្ស​វប្បធម៌ ប្រពៃណី ប្រាង្គ​ប្រាសាទ​នានា ដែលជា​សម្បត្តិ​បេតិកភណ្ឌ​មិនអាច​កាត់ថ្លៃ​បាន​។​

​លោក ថោង ខុន សង្កត់ធ្ងន់ថា បរិស្ថាន​គ្មាន​ផ្សែង​បារី​ក្នុង​វិស័យ​ទេសចរណ៍ គឺជា​គោលការណ៍​មួយ​ដែល​ក្រសួងទេសចរណ៍​បាន​ប្រកាន់ខ្ជាប់ ដើម្បី​ចូលរួម​លើកកម្ពស់​ក្នុង​ការទប់ស្កាត់​ផលប៉ះពាល់​សុខភាព និង​បរិស្ថាន​ដែល​កើតឡើង​ពី​ផលិតផល​ថ្នាំជក់​។ ជាក់ស្តែង​រាជរដ្ឋាភិបាល​បាន​បង្កើត​ក្រុមការងារ​បរិស្ថាន​គ្មាន​ផ្សែង​បារី​ក្នុង​វិស័យ​ទេសចរណ៍ ដើម្បី​ធ្វើ​ការងារ​ដោយផ្ទាល់​ជាមួយ​ផ្នែក​ពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍ ក្នុងន័យ​ធានាឲ្យបាន​ថា «​កម្ពុជា​កំពុងអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​មួយ​ដែល​គ្មាន​ផ្សែង​បារី សក្តិសម​ជា​មាស​បៃតង ដែល​បាន​ចូលរួម​កសាង​សេដ្ឋកិច្ច​បៃតង និង​សហគមន៍​បៃតង​»​។​

​លោក ថោង ខុន បន្ថែមទៀតថា ដើម្បី​ជំរុញ​គាំទ្រ​ឲ្យ​ទីក្រុង​គ្មាន​ផ្សែង​បារី រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​ច្បាប់​ស្តីពី ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ នៅ​ឆ្នាំ​២០១៥ ព្រមទាំង​អនុក្រឹត្យ ប្រកាស​សារាចរ​និង​សេចក្តីណែនាំ​នានា ក្នុង​ការជំរុញឲ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេសមួ​យ​ដែល​គ្មាន​ផ្សែង​បារី ស្របតាម​អនុសាសន៍​របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ផងដែរ​៕

ព័ត៌មានផ្សេងទៀត