អាមេរិក​​រំពឹង​ខ្ពស់​ជាង​មុន​​អាច​ចរចា​​បញ្ចប់សង្គ្រាម​​១៨​ឆ្នាំ​​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​

28-11-2019 11:18 am 128
អគ្គសេនាធិការចម្រុះអាមេរិកលោក​Mark Milley

​មន្ដ្រីជាន់ខ្ពស់​យោធា​អាមេរិក​បានបញ្ជាក់​កាលពី​ថ្ងៃ​ពុធ​ថា ឱកាស​ជោគជ័យ​នៃ​កិច្ចចរចា​ស្វែងរក​សន្ដិភាព បញ្ចប់សង្គ្រាម​១៨​ឆ្នាំ​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​មាន​ច្រើនជាងមុ​ន ហើយ​អាច​នឹង​កើតឡើង​ក្នុង​រយៈពេល​ខ្លី​ខាងមុខ​។ កាលពី​ដើមខែ​នេះ​ក្រុម​តា​លី​បង់​នៅ​អា​ហ្វ​ហ្គានី​ស្ថាន បាន​ដោះលែង​សាស្ដ្រាចារ្យ​ជនជាតិ​អាមេរិក​និង​អូស្ដ្រាលី ដែល​ចាប់​ជា​ចំណាប់ខ្មាំង​ជាង​បី​ឆ្នាំ​មកហើយ​។ ការដោះលែង​នេះ​ជា​សញ្ញា​បង្ហាញ​ពី​ក្ដីសង្ឃឹម​កាន់តែខ្លាំង សម្រាប់​ការចរចា​ស្វែងរក​សន្ដិភាព​។​

​ឱកាស​នៃ​កិច្ចចរចា​ស្ថិតក្នុង​ស​ភាពស្មុគស្មាញ ដោយសារតែ​ក្រុម​តា​លី​បង់​មិន​ព្រម​ទាក់ទង ជាមួយនឹង​រដ្ឋាភិបាល​អា​ហ្វ​ហ្គានី​ស្ថានដែល​គាំទ្រ​ដោយ​អាមេរិក​។ នេះ​ជាហេតុ​ធ្វើឲ្យ​ស្ថានភាព​នយោបាយ​នៅ​អា​ហ្វ​ហ្គានី​ស្ថានប​ន្ដ​ច្របូក​ច្រ​ល់ និង​ផ្ទុះ​អំពើហិង្សា​ជា​ញឹកញាប់​តាមរយៈ​ការវាយប្រហារ​។ 

​លោក​ឧត្ដមសេនីយ៍​Mark Milley ប្រធាន​អគ្គសេនាធិការ​ចម្រុះ​អាមេរិក បាន​ធ្វើដំណើរ​ទៅដល់​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថានកាល​ពីថ្ងៃ​ពុធ សម្រាប់​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​ទៅ​ទីនោះ ចាប់តាំងពី​ចូល​កាន់តំណែង​ក្នុង​ខែកញ្ញា​។ លោក​បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ថា “​ខ្ញុំ​គិតពី​ឱកាស​ដែល​ទទួលបាន​លទ្ធផល​វិជ្ជមាន​តាមរយៈ​កិច្ចចរចា គឺមាន​ខ្ពស់ជាង​អ្វីដែល​ធ្លាប់​ឃើញ​។ ខ្ញុំ​ក៏បាន​ពាក់ព័ន្ធ​យ៉ាង​ស៊ីជម្រៅ​ក្នុង​សង្គ្រាម​អា​ហ្វ​ហ្គានី​ស្ថាន​១៨​ឆ្នាំ​កន្លងមកនេះ​។ ជាមួយនឹង​សំណាង​ចាប់ផ្ដើម​កើតឡើង​បន្ដិច​ម្ដងៗ យើង​នឹងមាន​កិច្ចចរចា​ដែល​ជោគជ័យ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។​”

​អស់​រយៈពេល​ជាង​១៨​ឆ្នាំ​មកហើយ ដែល​មន្ដ្រីជាន់ខ្ពស់​យោធា​និង​មន្ដ្រីការទូត​អាមេរិក បាន​ជជែក​ពិភាក្សា​ពី​សុទិដ្ឋិនិយម​និង​វិធីសាស្ដ្រ​នៃ​ការ​បញ្ចប់សង្គ្រាម ប៉ុន្ដែ​ក្រុម​តា​លី​បង់​នៅតែ​បន្ដ​គ្រប់គ្រង​មួយផ្នែកធំ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​។ កិច្ចចរចា​រវាង​ក្រុម​តា​លី​បង់​ជាមួយ​អាមេរិក​មាន​គោលបំណង​បញ្ចប់សង្គ្រាម បាន​បរាជ័យ​ជាថ្មី​កាលពី​ខែកញ្ញា​។ ប៉ុន្ដែ​មេដឹកនាំ​ក្រុម​តា​លី​បង់​ពីររូប​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​Reuters​ថា ក្រុម​របស់​ពួកគេ​បាន​ជួប​ជាមួយ​មន្ដ្រី​យោធា​អាមេរិក​ម្ដងទៀត នៅក្នុង​ទីក្រុង​ដូ​ហា​ប្រទេស​កាតា​តាំងពី​សប្ដាហ៍​មុន ដោយ​ក្នុងជំនួប​នោះ​លើកឡើង​ពី​ការចាប់ផ្ដើម​កិច្ចចរចា​សន្ដិភាព​ជាថ្មី​។​

​គួរ​បញ្ជាក់ថា កាលពី​ខែ​មុន​អាមេរិក​បាន​កាត់បន្ថយ​យោធា​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​ដោយ​ស្ងាត់ៗ​ប្រមាណ​ជា​២​ពាន់​នាក់ ដែល​ធ្វើឲ្យ​ចំនួន​កងទ័ព​អាមេរិក​ប្រចាំ​ការនៅ​អា​ហ្វ​ហ្គានី​ស្ថាន មាន​ចន្លោះ​ពី​១២,០០០​ទៅ​១៣,០០០​នាក់​។ មន្ទីរ​បញ្ច​កោណ​ធ្លាប់​និយាយថា​អាច​កាត់បន្ថយ​ទ័ព​មក​នៅត្រឹម​៨,៦០០​នាក់ និង​នៅតែ​បន្ដ​បេសកកម្ម​ប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម​។ ចំណែក​លោក Mark Milley​និយាយថា គ្មាន​ការសម្រេចចិត្ដ​ណាមួយ​ត្រូវបាន​ធ្វើឡើង ចំពោះ​ការកាត់បន្ថយ​ទ័ព​នោះទេ​។ នៅមាន​ជម្រើស​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ ក្នុងនោះ​មាន​ទាំង​ការកាត់បន្ថយ​ទ័ព​មកដល់​៨,៦០០​នាក់​ផងដែរ​៕

ព័ត៌មានផ្សេងទៀត