លោក​ដូណាល់ ត្រាំ​​ចុះហត្ថលេខា​​លើ​សេចក្ដីព្រាងច្បាប់​​គាំទ្រ​ប្រជាធិបតេយ្យ​​ហុងកុង​

28-11-2019 9:59 am 233
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ

​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក​បានបញ្ចប់​មន្ទិល​សង្ស័យ ជុំវិញ​សេចក្ដីព្រាងច្បាប់​គាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង​ហើយ​។ នោះ​គឺ​លោក​បាន​ចុះហត្ថលេខា​ឲ្យ​សេចក្ដីព្រាងច្បាប់នេះ ក្លាយជា​ច្បាប់​ពេញលេញ​កាលពី​ថ្ងៃទី​២៧​វិច្ឆិកា​។ លោក​ត្រាំ​ទើបតែ​និយាយ​ក្ដៅៗ​ថា លោក​ឈរ​នៅ​ខាង​ក្រុមបាតុករ​គាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង​ជានិច្ច ហើយ​ពេលនេះ​សបញ្ជាក់​កាន់តែច្បាស់​ពី​គោលជំហរ​របស់លោក​​។ 

​សេចក្ដីព្រាងច្បាប់​មាន​គោលបំណង​ពិនិត្យមើល​សកម្មភាព​នានា ដែល​ចាត់ទុកថា​ជា​ការគំរាមកំហែង​ពី​រដ្ឋាភិបាល​ចិន​ទៅលើ​រដ្ឋាភិបាល​ក្រុង​ហុងកុង​។ ជា​ទីក្រុង​ពាក់កណ្ដាល​ស្វយ័ត​និង​មាន​ការដឹកនាំ​ខុសគ្នា​ពី​ក្រុង​ប៉េកាំង ស្ថិតក្រោម​ប្រព័ន្ធ​ដឹកនាំ​ប្រទេសមួយ​ប្រព័ន្ធ​ពីរ​។ សេចក្ដីព្រាងច្បាប់​ដែល​ទើប​ចុះហត្ថលេខា​នេះ ក៏​អនុញ្ញាតឲ្យ​មាន​ការដា​ក់​ទណ្ឌកម្ម​លើ​មន្ដ្រី​ចិន ចូលរួម​ក្នុង​ការបង្ក្រាប​នៅ​ហុងកុង​ផងដែរ ដែល​ព្រឹទ្ធសភា​និង​រដ្ឋសភា​អាមេរិក​បានអនុម័ត​កាលពី​សប្ដាហ៍​មុន​។​

​លោក​ត្រាំ​ក៏​បង្ហាញ​ការព្រួយបារម្ភ​មួយចំនួន ពី​ភាពស្មុគស្មាញ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ឈានទៅដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​។ ប៉ុន្ដែ​សមាជិកសភា​បាន​ជំរុញ​ឲ្យ​លោក​ចុះហត្ថលេខា​លើ​សេចក្ដីព្រាងច្បាប់​នេះ បន្ទាប់ពី​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​លើសលប់​នៅ​សភា​ទាំងពីរ​។ ចំពោះ​ប្រទេស​ចិន​ប្រឆាំង​ដាច់ខាត ដោយ​ចាត់ទុកជា​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​។ ទីក្រុង​ប៉េកាំង​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ចូលជួប ដើម្បី​តវ៉ា​និង​គំរាម​ចាត់វិធានការ​សងសឹក ប្រសិនបើ​សេចក្ដីព្រាងច្បាប់​ក្លាយជា​ច្បាប់​ពេញលេញ​។ 

​លោក​ត្រាំ​បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី​២៧​វិច្ឆិកា​ថា លោក​បាន​ចុះហត្ថលេខា​នៅលើ​សេចក្ដីព្រាងច្បាប់​នេះ មិនមែន​មិន​គោរព​ប្រធានាធិបតី​ចិន​និង​ប្រជាជន​ហុងកុង​ទេ​។ ប៉ុន្ដែ​សង្ឃឹមថា​មេដឹកនាំ​និង​អ្នកតំណាង​ចិន​និង​ហុងកុង អាច​ដោះស្រាយ​ដោយ​សន្ដិវិធី​នូវ​ភាព​ខ្វែងគំនិត​កន្លងមក ឈានទៅរក​សន្ដិភាព​និង​វិបុលភាព​យូរអង្វែង​សម្រាប់​មនុស្ស​គ្រប់គ្នា​៕

ព័ត៌មានផ្សេងទៀត