លោក​ដូណាល់ ត្រាំ​​ប្រកាស​​ឈរ​នៅ​ខាង​​ក្រុម​​តវ៉ា​​ហុងកុង​​ជានិច្ច​

27-11-2019 4:58 pm 545
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​បញ្ជាក់ថា លោក​ស្ថិតនៅ​ជាមួយ​ប្រជាជន​ហុងកុង​ជានិច្ច បន្ទាប់ពី​ក្រុមគាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង ទទួល​ជ័យជម្នះ​យ៉ាង​ភ្លូកទឹកភ្លូកដី​កាលពី​ថ្ងៃ​ទី​២៤​វិច្ឆិកា ក្នុងការ​បោះឆ្នោតក្រុមប្រឹក្សា​សង្កាត់​។ លោក​ត្រាំ​សង្កត់ធ្ងន់ថា លោក​ចង់ឃើញ​ហុងកុង​មាន​ភាពល្អប្រសើរ​ឡើងវិញ ហើយ​លោក​គិតថា​ពិតជា​អាច​កើតឡើង​បាន​។ លោក​យល់ថា​លោក​ស៊ី ជីន​ពីង​ប្រធានាធិបតី​ចិន អាច​ដោះស្រាយ​រឿងនេះ​បាន​។​

​ប៉ុន្ដែ​យ៉ាងណាក៏ដោយ​លោក​ត្រាំ​មិន​បានបញ្ជាក់​ទេ​ថា លោក​នឹង​ចុះហត្ថលេខា​លើ​ច្បាប់​គាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង​នៅពេលណា ចន្លោះពេល​មាន​កិច្ចចរចា​ពាណិជ្ជកម្ម​ជាមួយ​ចិន​។ សម្រាប់​ទីក្រុង​ប៉េកាំង​បាន​ព្រមាន​មិនឲ្យ​ទីក្រុង​វ៉ាស៊ីនតោន លូកដៃ​ក្នុង​កិច្ចការ​នៅ​ហុងកុង​ឡើយ​។ ចិន​ទទូច​ដាច់ខាត​កុំឲ្យ​សេចក្ដីព្រាងច្បាប់នេះ ចូល​ជា​ច្បាប់​ពេញលេញ​ឲ្យសោះ​។ ទាក់ទង​នឹង​ការបោះឆ្នោត​នៅ​ហុងកុង​កាលពី​ថ្ងៃទី​២៤​វិច្ឆិកា ចិន​មិន​និយាយ​អ្វី​ឡើយ​គ្រាន់តែ​បន្ដ​បន្ទោស​ហុងកុង​ជុំវិញ​ស្ថានភាព​វឹកវរ​បច្ចុប្បន្ន ស្ថិតក្រោម​ការជ្រៀតជ្រែក​ពី​បរទេស​។ 

​ចលនា​តវ៉ា​នៅ​ហុងកុង​បានចាប់ផ្ដើម​តាំងពី​ថ្ងៃទី​០៩​ខែមិថុនា អូសបន្លាយ​រហូតដល់​បច្ចុប្បន្ន​មិនទាន់​រកឃើញ​ដំណោះស្រាយ​ទេ​។ ដើមចម​ដំបូង​ដោយសារ​ប្រជាជន​គាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង មិន​ពេញចិត្ដ​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន​។ ការតវ៉ា​រីក​រាលដាល​ជា​អំពើហិង្សា បណ្ដាលឲ្យ​មនុស្ស​ស្លាប់ របួស និង​ចាប់ខ្លួន​ជាច្រើន​នាក់​។  

​ការប៉ះទង្គិច​គ្នា​រវាង​ក្រុម​តវ៉ា​ជាមួយ​ប៉ូលិស​ហុងកុង រដ្ឋាភិបាល​ចិន​បាន​រង​សម្ពាធ​យ៉ាងខ្លាំង ព្រោះ​ត្រូវគេ​ចោទថា​ជា​អ្នក​នៅ​ពីក្រោយ​រដ្ឋាភិបាល​ហុងកុង មាន​ចេតនា​ចង់​ក្ដោប​ក្ដាប់​ហុងកុង​ឲ្យ​ស្ថិតក្រោម​ប្រព័ន្ធគ្រប់គ្រង​តែមួយ​។ ហុងកុង​បច្ចុប្បន្ន​មាន​ប្រព័ន្ធ​ដឹកនាំ​តាមបែប​ប្រជាធិបតេយ្យ ខុសប្លែក​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែល​ដឹកនាំ​តាមបែប​កុម្មុយនីស្ដ​។ ប៉ុន្ដែ​យ៉ាងណាមិញ​នេះ​ជា​កិច្ចព្រមព្រៀង​រវាង​ចិន​ជាមួយ​អង់គ្លេស តាំងពី​អង់គ្លេស​ប្រគល់​ហុងកុង​ឲ្យ​ចិន​ក្នុង​ឆ្នាំ​១៩៩៧​។ 

​សម្រាប់​ចិន​បាន​បកស្រាយ​ថា ចិន​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការបង្ក្រាប​ចលនា​ធ្វើឲ្យប៉ះពាល់​ដល់​សន្ដិសុខ​នៅ​ហុងកុ​ង ហើយ​ព្រមាន​មិនឲ្យ​បរទេស​ជ្រៀតជ្រែ​កកិច្ចការ​ផ្ទៃក្នុ​ង​ហុងកុង​ដាច់ខាត​។ ចិន​ក៏​ធ្លាប់​ចោទ​អន្ដរជាតិ​ជា​អ្នក​នៅ​ពីក្រោយ ចាំ​រុញច្រាន​ចលនា​តវ៉ា​នៅ​ហុងកុង​ឲ្យ​ធ្លាក់​ក្នុង​សភាព​កាន់តែ​ធ្ងន់ធ្ងរ​៕

ព័ត៌មានផ្សេងទៀត