ធនាគារពិភពលោក​៖​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០១៩ អាច​ថយ​ចុះ​មក​ត្រឹម​៧%

27-11-2019 3:43 pm 215
  ស្តាប់
ស្តាប់ជាសំឡេង

​យោងតាម​របាយការណ៍​របស់​ធនាគារ​ពិភពលោក​(The World Bank)​ចុងក្រោយ បាន​បញ្ជាក់​ឲ្យដឹងថា កំណើន​សេដ្ឋកិច្ច​កម្ពុជា នៅក្នុង​ឆ្នាំ​២០១៩ អាច​នឹង​ថមថយ​មក​នៅត្រឹម ៧​ភាគរយ ខណៈ​ដែល​កំណើនសេដ្ឋកិច្ច នៅក្នុង​ឆ្នាំ​២០១៨ មាន​ចំនួន ៧,៥​ភាគរយ​។​

​របាយការណ៍​ដដែល ក៏​បានឲ្យ​ដឹង​បន្ថែមថា លទ្ធភាព​នៃ​ការដកចេញ​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ គ្រប់​មុខ​ទំនិញ​ទាំងអស់ លើកលែងតែ​អាវុធ​(EBA) និង​ការធ្លាក់ចុះ​យ៉ាង​គំហុក​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​(​ដែល​អាច​នឹង​កើតមាន​មក​ពី​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន​) អាច​បង្ក​នូវ​ការប៉ះទង្គិច​យ៉ាងខ្លាំង​ទៅ​លើ​ទស្សនវិស័យ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ផង​ដែរ​។​

​ជាក់ស្តែង នៅក្នុង​របាយការណ៍រ​បស់ World Bank បាន​បន្តថា ការនាំចេញ​ផលិតផល​សម្លៀកបំពាក់ និង​ស្បែកជើង ដែល​មាន​ទំហំ​ប្រហែល ៧០​ភាគរយ​នៃ​ទំនិញ​នាំចេញ​គ្រប់មុខ បាន​កើន​ចំនួន ១៧,៧​ភាគរយ ក្នុង​ឆ្នាំ​២០១៨ ប៉ុន្តែ​បាន​ស្រុតចុះ​បន្តិច​វិញ​មក​នៅត្រឹម​១៥,៣​ភាគរយ គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០១៩​។​ចំណែក​វិស័យ​សំណង់​នៅ​តែ​បន្តសកម្មភាព​គគ្រឹកគគ្រេង ដែល​ឆ្លុះបញ្ចាំង​ឲ្យឃើញ​ថា មិនទាន់​មាន​ភាព​នឿយណាយ នៃ​ការវិនិយោគ​លើ​វិស័យ​នេះ​នៅឡើយ​ទេ​។​ជា​លទ្ធផល ការនាំ​ចូល​ដែក​សំណង់​បាន​ស្ទុះ​ឡើង​យ៉ាងគំហុក​ដល់​ទៅ​៦៣,៥​ភាគរយ គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០១៩ ដែល​ឆ្នាំ​២០១៨ មាន​ត្រឹមតែ ២៧,៧​ភាគរយ​ប៉ុណ្ណោះ​។​

​ធនាគារពិភពលោក ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់ៗ​ថា ដើម្បី​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​នៅ​ក្រៅប្រទេស ថ្មីៗ​នេះ​អាជ្ញាធរ​កម្ពុជា​បាន​ដាក់​ចេញ​វិធានការ​មួយចំនួន សំដៅ​ជួយ​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម ដោយ​ត្រូវ​បន្ទាប​ថ្លៃ​ចំណាយ​លើ​ការដឹកជញ្ជូន កាត់បន្ថយ​ការិយាធិបតេយ្យ និង​ជួយ​ដល់​ធុរកិច្ច​ដោយ​កាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក​ផ្លូវការ​ចំនួន ៦​ថ្ងៃ​នៅក្នុង​ឆ្នាំ​២០២០​។​ជាងនេះទៅទៀត វិធានការ​កញ្ចប់​ហិរញ្ញវត្ថុ​ធំ​គួរសម​មួយ​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច ដោយ​ប្រើប្រាស់​ប្រាក់​សន្សំ​របស់​រដ្ឋ នឹង​អាច​ត្រូវ​ដាក់ចេញ​ក្នុង​ឆ្នាំ​២០២០ ដើម្បី​ជួយ​សម្រួល​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដែល​បណ្តាល​មកពី​ការដក ប្រព័ន្ធ អនុគ្រោះ​ពន្ធ EBA ប្រសិនបើ​វា​នឹង​កើតឡើង​មែន​។​

​សូម​ជម្រាប​ជូន​ថា ការព្យាករណ៍​កំណើនសេដ្ឋកិច្ច​កម្ពុជា​ដោយ​ធនាគារ​ពិភពលោក​នេះ គឺ​ស្រប​នឹង​ការព្យាករណ៍​របស់​ធនា​គារ​អភិវឌ្ឍន៍អាស៊ី (ADB) កាលពី​ខែ​កញ្ញា កន្លងទៅ​នេះ​ដែរ ដោយ​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) បាន​ព្យាករណ៍​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា ដែល​មាន​អត្រា​៧%​ក្នុង​ឆ្នាំ​២០១៩ នឹង​ធ្លាក់​មក​នៅត្រឹម ៦.៨% នៅ​ឆ្នាំ​២០២០ ស្របពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​ឯណោះ​វិញ បាន​ព្យាករណ៍​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំក្រោយ គឺ​មាន​ត្រឹមតែ ៦.៥% ប៉ុណ្ណោះ ប្រសិនបើ សហភាព​អឺរ៉ុប ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​មែន​៕

 ពាក្យគន្លឹះ  ធនាគារពិភពលោក

ព័ត៌មានផ្សេងទៀត