​លោក​សម រង្ស៊ី​​ទទូច​ឱ្យ​អ្នកគាំទ្រ​​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​​ពង្រឹងស្មារតី​ឡើងវិញ​​

27-11-2019 3:18 pm 765

​ក្រោយពី​បរាជ័យ​ក្នុង​ការប្រកាស​វិល​ចូល​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា កន្លងទៅនេះ ដោយសារតែ​មាន​ការរារាំង លោក សម រង្ស៊ី អតីត​ប្រធាន​អតីរ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ងាក​មក​អំពាវនាវ​ឱ្យ​សកម្មជន និង​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ពង្រឹង​ស្មារតី និង​ត្រៀមខ្លួន​ធ្វើ​សកម្មភាព​បង្ហាញ​ពី​ដំណើរការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ជា​ប្រក្រតី​ធម្មតា​វិញ បើទោះបីជា​គណបក្ស​នេះ​ត្រូវបាន​តុលាការ​កំពូល សម្រេច​រំលាយចោល​ជាង​២​ឆ្នាំទៅ​ហើយ​ក្ដី​។

​លោក សម រង្ស៊ី ដែលជា​អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​របស់ខ្លួន បាន​ទទូច​ឱ្យ​សកម្មជន និង​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ពង្រឹង​ស្មារតី និង​ត្រៀមខ្លួន​ធ្វើ​សកម្មភាព​បង្ហាញ​ពី​ដំណើរការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដំណើរការ​ឡើងវិញ​ជាធម្មតា ដែលមាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ ដើម្បី​ឈានទៅរក​ភាពជោគជ័យ​នៃ​លទ្ធិប្រជាធិបតេយ្យ​លើ​ទឹកដី​ប្រទេស​កម្ពុជា នាពេល​ខាងមុខនេះ​……………

​សំឡេង​៖

​ការទទូច​របស់លោក សម រង្ស៊ី យ៉ាង​ដូច្នេះ​បន្ទាប់ពី​លោក​បាន​ព្យាយាម​ធ្វើ​ចលនា​នៅ​ក្រៅប្រទេស ស្វែងរក​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ ដូចជា​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​ប្រទេស​ដទៃទៀត ដែល​កាន់​របប​លទ្ធិប្រជាធិបតេយ្យ ដើម្បីឱ្យ​បណ្ដា​ប្រទេស​ទាំងនោះ ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ឱ្យមាន​ការដោះលែង​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ឱ្យ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដំណើរការ​ឡើងវិញ​។​

​លោក សម រង្ស៊ី បានបញ្ជាក់​ជារឿយៗ​ថា ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ពី​សំណាក់​តុលាការ​កំពូល របស់​កម្ពុជា គ្រាន់តែ​ជា​ការរំលាយ​តែ​លើ​ក្រដាស​តែប៉ុណ្ណោះ តែ​ទឹកចិត្ត​ប្រជាពលរដ្ឋ និង​អ្នកគាំទ្រ​គណបក្សប្រឆាំង​មួយ​នេះ​នៅតែមាន​សកម្ម​ភាពរស់រវើក​ដដែល​។ លោក​ក៏​បានបញ្ជាក់​ផងដែ​រថា រីឯ​ក្បាលម៉ាស៊ីន​គណបក្ស​សង្គ្រោះ​ជាតិ គឺមាន​រូបលោក​ជា​ប្រធានស្ដីទី ក្នុងខណៈដែល​លោក កឹម សុខា មិនទាន់មាន​សិទ្ធិសេរីភាព​ពេញលេញ​។​

​សូមបញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​កំពូល ចេញ​ដីកា​សម្រេច​រំលាយ​ចោលកា​លពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ បន្ទាប់ពី​មានការ​ចោទថា គណបក្ស​សង្គ្រោះ​ជាតិ ជាប់​ពាក់ព័ន្ធ​ករណី​រៀបចំ​ផែនការ​ឃុបឃិត​ជាសម្ងាត់​ជាមួយ​បរទេស ក្នុង​ការផ្តួលរំលំ​រាជរដ្ឋាភិបាល ក្រោយពេល​ដែល​មានការ​ចាប់ខ្លួន​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រដ្ឋាភិបាល​ចោទថា មាន​ផែនការ​សម្ងាត់​នៃ​ការឃុបឃិត​ជាមួយ​បរទេស ចង់​ផ្ដួលរំលំ​រដ្ឋាភិបាល​ផងដែរ​៕

ព័ត៌មានផ្សេងទៀត