១០ខែឆ្នាំនេះ​​ការបង្កបង្កើន​ផល​ស្រូវ​រដូវវស្សា​សម្រេច​បាន​ជិត​៣​លាន​ហិកតា​

27-11-2019 11:36 am 182

គិត​ត្រឹម​ខែ តុលា ឆ្នាំ ២០១៩​នេះ ការបង្កបង្កើន​ផល​ស្រូវ​រដូវវស្សា​សម្រេចបាន ២ ៧៣១ ៣៣៨ ហិកតា ស្មើនឹង ១០៥,៦១%  នៃ​ផែនការ ២ ៥៨៦ ១៥២ ហិកតា ដោយ​ការប្រមូល​ផល​ស្រូវ​សម្រេចបាន ចំនួន ៥១៩ ៧១៤ ហិកតា ហើយ​ទ​ទូល​បាន​បរិមាណ​ផល​សរុប​ចំនួន ២ ០៥៩ ៥៩៦ តោន ។ 

​ការបង្កបង្កើន​ផល​ស្រូវ​រដូវវស្សា​នៅ​ទូទាំង​ប្រទេស​សម្រេច​បាន​ចំនួន ២ ៧៣១ ៣៣៨ ហិកតា ស្មើនឹង ១០៥,៦១%  នៃ​ផែនការ ២ ៥៨៦ ១៥២ ហិកតា ក្នុង​ការប្រើប្រាស់​គ្រឿងយន្ត​សម្រាប់​ការរៀបចំ​ដី​ផលិតកម្ម​ដំណាំ​ស្រូវ​រដូវវស្សា​គឺ​ស្មើនឹង ៩៨,៨៤% ធៀប​នឹង​ការប្រើប្រាស់​ដោយ​គោក្របី​មាន ១,១៦% ។​

​ចំពោះ​ការប្រមូល​ផល​ស្រូវ​សម្រេចបាន ចំនួន ៥១៩ ៧១៤ ហិកតា ហើយ​ទទួលបាន​បរិមាណ​ផល​សរុប​ចំនួន ២ ០៥៩ ៥៩៦ តោន តិច​ជា​ឆ្នាំ​មុន​ចំនួន ២៦៦ ៥៨៧ តោន ដោយ​ទិន្នផល​គិត​ជា​មធ្យម ៣,៩៦៣ តោន​ក្នុង​មួយ​ហិកតា ដោយសារ​ដោយសារ​គ្រោះធម្មជាតិ ការ​រាតត្បាត​សត្វល្អិត​ចង្រៃ ការ​កើត​ជំងឺ​ផ្សេងៗ​ទៅលើ​ដំណាំ​កសិកម្ម​។​

​ក្រសួង​កសិកម្ម​បាន​និង​កំពុង​ជំរុញ​អង្គភាព​ជំនាញ ពិសេស​មន្ទីរ​កសិកម្ម​រាជធានី ខេត្ត យក​ទុកដាក់​ចំពោះ​យន្តការ​បទដ្ឋាន​បច្ចេក​ទេស​សំខាន់ៗ និង​សហការ​ចុះ​អន្តរាគមន៍​ទាន់ពេលវេលា​ក្នុង​ការតាមដាន​វាយតម្លៃ ផលប៉ះពាល់ ការខូចខាត​ដោយ​គ្រោះធម្មជាតិ និង ត្រៀមលក្ខណៈ​នៅពេល​កសិករ​ទទួលរ​ង​នូវ​ផល​ប៉ះពាល់​ផ្សេងៗ​។​

​គួរបញ្ជាក់​ថា​ផងដែរ​ថា បរិមាណ​នាំចេញ​អង្ករ​ក្នុង​ខែ តុលា ឆ្នាំ ២០១៩ មាន​ចំនូ​ន ៥៩ ៣៥៤ តោន មាន​ការកើនឡើង​ចំនួន ១៣ ៨១១ តោន ស្មើនឹង +៣០,៣% ធៀប​នឹង​ការនាំំ​ចេញ​ខែតុលា ឆ្នាំ ២០១៨​។ សរុប​រយៈពេល​១០​ខែ ឆ្នាំនេះ កម្ពុជា​បាន​នាំចេញ​អង្ករ ទៅកាន់​ប្រទេស​ចំនួន ៥៥ ក្នុង​នោះ​ចិន​លំដាប់​ទី​១ (១៨៤ ៨៤៤​តោន​) ប្រទេស​បារាំង​លំដាប់​ទី​២ (៦១ ១៤០​តោន​) ប្រទេស​ម៉ាឡេស៊ី​លំដាប់​ទី​៣ (២៤ ៩២៤​តោន​) ប្រទេ​សហ្កា​បុង​លំដាប់​ទី​៤(២២ ១៦០​តោន​)  ប្រទេស​ណេ​ដឺ​ឡែ​ន​លំដាប់​ទី​៥ (១៧ ១៤០​តោន​) ប្រទេស​អូស្ត្រាលី​លំដាប់​ទី​៦ (១៧  ០២៣​តោន​) ប្រទេស​ប្រ៊ុយណេ​លំដាប់​ទី​៧(១០ ៨៧១​តោន​)  ប្រទេស​អេស​ស្ប៉ាញ​លំដាប់​ទី​៨ (១១ ៥៦៥​តោន​) ប្រទេស​អង់គ្លេស​លំដាប់​ទី​៩ (១០ ៨៧១​តោន​) និង​ប្រទេស​ប៊ែលហ្សីក​លំដាប់​ទី​១០ (៨ ៦០៥​តោន​) ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន ដែល​បាន​នាំចេញ​អង្ករ​មាន​ចំនួន ៨២ ក្រុមហ៊ុន​៕

ព័ត៌មានផ្សេងទៀត