សាកសព​​រកឃើញ​​នៅ​អង់គ្លេស​​៣៩​នាក់​​​​បញ្ជូន​​ទៅដល់​វៀតណាម​​១៦​នាក់​ហើយ​

27-11-2019 11:16 am 287
រថយន្ដដែលរង់ចាំដឹកសពពីអាកាសយានដ្ឋានក្រុងហាណូយ​ប្រទេសវៀតណាម

​តាម​ការបញ្ជាក់​ពី​មន្ដ្រី​សន្ដិសុខ​នៅ​អាកាសយានដ្ឋាន​បានឲ្យដឹងថា សាកសព​ដំបូង​នៃ​មនុស្ស​ដែល​រកឃើញ​ស្លាប់​ក្នុង​រថយន្ដ​កុងតឺន័រ​នៅ​អង់គ្លេស បាន​បញ្ជូន​មកដល់​ប្រទេស​វៀតណាម​ហើយ​នៅ​ព្រឹក​ថ្ងៃទី​២៧​វិច្ឆិកា​នេះ​។ សាកសព​ដែល​បញ្ចូន​មកជា​លើកដំបូង​នោះ​មានចំនួន​១៦​នាក់ ដឹកជញ្ជូន​តាម​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម ពី​ទីក្រុង​ឡុង​ដ៍​ប្រទេស​អង់គ្លេស​មកកាន់​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​។ ក្រោយ​ដឹកជញ្ជូន​មកដល់​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង​ហាណូយ សាកសព​ទាំងនោះ​ត្រូវ​បញ្ជូនបន្ដ​ទៅកាន់​គេហដ្ឋាន​របស់​ពួកគេ​ភ្លាមៗ​ដែរ ខណៈ​ក្រុមគ្រួសារ​សាច់ញាតិ​កំពុង​ទន្ទឹងរង់ចាំ​យ៉ាង​អន្ទះសារ​។​

​សូម​រម្លឹកថា ប៉ូលិស​អង់គ្លេស​កាលពី​ខែ​មុន​បាន​ឃាត់​រថយន្ដ​ដឹក​សព​មួយគ្រឿង មាន​ផ្ទុក​សាកសព​ចំនួន​៣៩​នាក់ ស្ដ្រី​៨​នាក់​និង​បុរស​៣១​នាក់ ហើយ​ក្នុងនោះ​មាន​ក្មេងប្រុស​ពីរ​នាក់​អាយុ​១៥​ឆ្នាំ​។ សាកសព​ទាំង​៣៩​នាក់​គឺជា​ជនជាតិ​វៀតណាម​ទាំងអស់ នេះ​បើតាម​ការបញ្ជាក់​ពី​អាជ្ញាធរ​អង់គ្លេស​។ ប៉ូលិស​កំពុងបើក​ការស៊ើបអង្កេត​បន្ថែម​ជុំវិញ​ករណីនេះ ហើយ​បាន​ចាប់ខ្លួន​មនុស្ស​ជាច្រើន​នាក់​ផងដែរ ជុំវិញ​ការចោទប្រកាន់ថា​បាន​ប្រព្រឹត្ដ​អំពើ​មនុស្សឃាតនិង​ការជួញដូរ​មនុស្ស​។ ចំពោះ​សាកសព​ដែល​នៅ​សេសសល់​មិនទាន់មាន​ការ​បញ្ជាក់ថា នឹងត្រូវ​ដឹកជញ្ជូន​ទៅ​វៀតណាម​នៅពេលណា​ទេ​៕

ព័ត៌មានផ្សេងទៀត