អ្នកនយោបាយ​មួយ​រូប​ថា រដ្ឋាភិបាល​កែលម្អ​បណ្តើរៗ​តាម​EU​ដើម្បី​សង្គ្រោះ​EBA

27-11-2019 10:53 am 1281

​លោក​យ៉ង សាំង​កុមារ ប្រធាន​គណៈកម្មាធិការ​នាយក នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន​កំពុង​កែលម្អ តាម​ការចង់បាន​មួយចំនួន​ពី​សហភាព​អឺរ៉ុប (EU) ទៅ​មុខ​ជា​ជំហានៗ បណ្តើរៗ​ហើយ ដើម្បី​រក្សា​EBA​។​

​លោក​បញ្ជាក់ថា លើ​ទំព័រ​ហ្វេ​សប៊ុក​នេះថា ច្បាប់​សហជីព ត្រូវបាន​ធ្វើ​វិសោធនកម្ម កាល​ថ្ងៃទី​២៦ ខែវិច្ឆកា ទោះបី​មិន​ពេញចិត្ត​សហជីព តែ​ទាំងអស់នេះ ក៏​ជា​ការចាប់ផ្តើម​ល្អ​មួយ​ទាក់ទង​សង្គ្រោះ EBA​។ លោក​អះអាង​ថា វិធានការ​កន្លងមក​មានដូចជា​:

១.​ផ្តល់​សេរីភាព​បន្ថែម​ដល់​លោក​កឹម​សុខា​។​

២.​ដោះលែង​សកម្មជន​ដែល​ត្រៀម​ទទួល​លោក​សម​រង្ស៊ី​។​

៣.​ផ្តល់​ភ្លើង​បៃតង​ដល់​វិទ្យុ​វី​អូ​អេ និង​អាស៊ី​សេរី​។​

៤. វិសោធនកម្ម​ច្បាប់​សហជីព​។​

​លោក​យ៉ង សាំង​កុមារ បញ្ជាក់ថា នៅ​មាន​ចំណុច​ជាច្រើន​ទៀត ដែល​រដ្ឋាភិបាល អាច​បន្ត​ការកែលម្អ ដូចជា​៖

១.​សេរីភាព​នយោបាយ​ពេញលេញ ដល់​លោក​កឹម​សុខា និង​អ្នកនយោបាយ​ផ្សេងទៀត ។​

២.​សេរីភាព​ពេញលេញ​ដល់​អ្នក​យក​សារព័ត៌មាន​អាស៊ីសេរី និង​អ្នក​សារព័ត៌មាន​ផ្សេងទៀត​។​

៣.​សេរីភាព​ពេញលេញ​ដល់​មេ​សហជីព​។​

៤. វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ​។​

៥. វិសោធនកម្ម​ច្បាប់​សមាគម​និង​អង្គការ​សង្គម​ស៊ីវិល​។​

៦. ដោះស្រាយ​បញ្ហា​ដីធ្លី​បន្ថែមទៀត​។​

​គួរបញ្ជាក់​ថា សហភាព​អឺរ៉ុប​បាន​ទុក​ពេល​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ឆ្លើយតប​នូវ​អ្វី​ដែល​ខ្លួន​ចង់បាន ដែល​កន្លងមក សហភាព​អឺរ៉ុប បានទាមទារ​ឲ្យ​កម្ពុជា ងាក​មក​គន្លង​ប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស លើកលែង​ការចោទប្រកាន់ និង​ដោះលែង​លោក កឹម សុខា អតីត​ប្រធាន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បើ​មិន​ដូច្នោះ​ទេ ខ្លួន​នឹង​ផ្ដាច់​ប្រពន្ធ​អនុគ្រោះ​ពន្ធ​EBA​ពី​កម្ពុជា​៕

 ពាក្យគន្លឹះ  លោកយ៉ងសាំងកុមារEBA

ព័ត៌មានផ្សេងទៀត