បញ្ហា​ប្រឈម​​អ្វីខ្លះ​​ដែល​នៅតែ​​ធ្វើឲ្យ​ពិភពលោក​​រង្គោះរង្គើ​?

26-11-2019 5:29 pm 236
ទោះបីជាពិភពលោកកំពុងស្ថិតក្នុងផ្លូវអភិវឌ្ឍន៍ល្អប្រសើរជាងមុនប៉ុន្ដែ​នៅតែប្រឈមវិបត្ដិ

​ការបន្ដ​អភិវឌ្ឍ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ បានប្រែក្លាយ​មុខមាត់​ពិភពលោក​ឲ្យ​ជួប​ភាព​ស្រស់បំព្រង​ជាថ្មី គិត​ក្រោយ​ញាំញី​ដោយសារ​សង្គ្រាមលោក​ចំនួន​ពីរលើក គឺ​សង្គ្រាមលោក​លើកទីមួយ​ពី​ឆ្នាំ​១៩១៤-១៩១៨ និង​សង្គ្រាមលោកលើកទីពីរ​ឆ្នាំ​១៩៣៩-១៩៤៥​។ ប្រទេស​មហាអំណាច​និង​ស្ថាប័ន​អន្ដរជាតិ​នានា កំពុង​ប្រឹងប្រែង​យ៉ាង​សស្រាក់សស្រាំ ជួយ​ស្វែងរក​សន្ដិភាព​សម្រាប់​ខ្លួនឯង​ផង សម្រាប់​ប្រទេស​តូចៗ​ផង និង​ពិភពលោក​ទាំងមូល​ផង ក្នុងន័យ​ទប់ស្កាត់​កុំឲ្យ​ផ្ទុះ​ភ្លើងសង្គ្រាម​ម្ដងទៀត​។ ប៉ុន្ដែ​យ៉ាងណាក៏ដោយ​ទន្ទឹមនឹង​ការរីកចម្រើន បញ្ហា​ប្រឈម​ពិតជា​មិនអាច​លុបបំបាត់​ទាំងស្រុង​ទេ ហើយក៏​បណ្ដាលឲ្យមាន​រឿង​ស្មុគស្មាញ​ត្រូវ​ដោះស្រាយ​ច្រើន​ទៀត​ដែរ​។ តើ​អ្វី​ដែលជា​វិបត្ដិ​កំពុង​ទាញ​ការចាប់អារម្មណ៍​ខ្លាំង​ពី​អន្ដរជាតិ​?

សំឡេង៖

​យើង​សង្កេតឃើញថា ក្រោយ​បញ្ចប់​សង្គ្រាមលោកលើកទី​ពីរ​(០១​កញ្ញា​១៩៣៩-០២​កញ្ញា​១៩៤៥) ពិភពលោក​ពុំមាន​វិបត្ដិ​ធ្ងន់ធ្ងរ និង​បង្ក​ភាពភ័យខ្លាច​ខ្លាំងក្លា​នោះទេ​។ ដ្បិតថា​ក្រោយ​បញ្ចប់​សង្គ្រាមលោកលើកទី​ពីរ មាន​សង្គ្រាមត្រជាក់​កើត​ឡើង​រវាង​ប្លុក​ខាងកើត​(​សហភាពសូវៀត​និង​រដ្ឋ​ជា​សម្ព័ន្ធមិត្ដ​) និង​ប្លុក​ខាងលិច​(​អាមេរិក​និង​ប្រទេស​សម្ព័ន្ធមិត្ដ​ណាតូ​)​កើតឡើង ប៉ុន្ដែ​ស្ថានភាព​មិន​គ្រោះថ្នាក់​ដូច​កាល​ផ្ទុះ​សង្គ្រាមលោក​ឡើយ​។ នៅពេល​សង្គ្រាមត្រជាក់​បាន​បញ្ចប់​(១៩៤៧-១៩៩១) សន្ដិសុខ សណ្ដាប់ធ្នាប់​ពិភពលោក​ក៏បាន​ល្អប្រសើរ​ជា​បន្ដបន្ទាប់​។​

​យ៉ាងណាមិញ​រហូតដល់​បច្ចុប្បន្ន ទោះបី​ពិភពលោក​បាន​អភិវឌ្ឍ​ច្រើន​ខុសពី​សម័យ​សង្គ្រាម ក៏​បញ្ហា​ប្រឈម​ធំៗ​នៅតែ​បន្ដ​កើតឡើង​ដដែល​។ ជាក់ស្ដែង​យើង​អាច​មើលឃើញ​បាន​ពី​វិបត្ដិ​ក្នុង​តំបន់​និង​វិបត្ដិ​សកលលោក ដូចជា​ការ​បង្ហូរឈាម​នៅ​មជ្ឈិម​បូព៌ា វិបត្ដិ​នៅ​សហភាព​អឺរ៉ុប នៅ​តំបន់​អាស៊ី នៅ​តំបន់​អាស៊ាន​ជាដើម​។ ក្នុងនោះ​ក៏​រាប់បញ្ចូល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​-​ចិន និង​វិបត្ដិ​នៅ​ហុងកុង​ជាដើម កំពុង​បង្ក​ជា​ការព្រួយបារម្ភ​ជុំវិញ​ពិភពលោក​។​

​ដំបូង​និយាយ​ពី​ការ​បង្ហូរឈាម​នៅ​មជ្ឈិមបូព៌ា ស្ដែងចេញ​ពី​សង្គ្រាមស៊ីវិល​នៅក្នុង​ប្រទេស​ស៊ី​រី នៅ​យេមែន នៅ​អ៊ីរ៉ាក់ ដែល​បណ្ដាលឲ្យ​មនុស្ស​ស្លាប់បាត់​បង់ជីវិ​តរា​ប់​លាន​នាក់​។ នៅ​ស៊ី​រី​មាន​ការប្រឆាំង​គ្នា​ជាមួយ​រដ្ឋាភិបាល​អស់​រយៈពេ​លជាង​៨​ឆ្នាំ​មកហើយ ទាមទារ​ឲ្យ​ផ្លាស់ប្ដូរ​មេដឹកនាំ​។ រហូត​មកដល់ពេលនេះ​មិនទាន់​រក​ដំណោះស្រាយ​ឃើញ​ឡើយ ទោះបី​មហាអំណាច​រុស្ស៊ី​និង​អាមេរិក​បាន​ចូលខ្លួន​មក​អន្ដរាគមន៍​ក៏ដោយ​។ 

​នៅ​អ៊ីរ៉ាក់​ឯណោះ​វិញ​មាន​ការប្រយុទ្ធ​រវាង​ក្រុម​សកម្មប្រយុទ្ធ​មាន​ក្រុម​រដ្ឋ​អ៊ីស្លាម​និង​ក្រុម​ផ្សេងៗ​ទៀត ជាមួយ​កងទ័ព​រដ្ឋាភិបាល​អ៊ីរ៉ាក់ ហើយ​ដ្បិត​ពេលនេះ​ក្រុម​រដ្ឋ​អ៊ីស្លាម​ត្រូវបាន​បណ្ដេញចេញ ប៉ុន្ដែ​បណ្ដាញ​របស់​ពួកគេ​មួយចំនួន​នៅតែ​បង្ក​ការ​គំ​តាម​កំហែង​។ និយាយ​ពី​យេមែន​ផ្ទុះ​សង្គ្រាមជា​ថ្មី​ក្នុង​ឆ្នាំ​២០១៥​បន្ដ​រហូតដល់​បច្ចុប្បន្ន មិនទាន់​រក​សន្ដិភាព​ពេញលេញ​ឃើញ​ទេ​។ ក្រុម​ឧទ្ទាម​ហូ​ធី​បាន​បើក​ការវាយប្រហារ​ទម្លាក់​រដ្ឋាភិបាល​យេមែន ក្រោម​ការ​ជ្រោមជ្រែង​ពី​បណ្ដា​សម្ព័ន្ធមិត្ដ​ជាច្រើន បង្ក​ជា​ភាពវឹកវរ​និង​សម្លាប់​មនុស្ស​រាប់ពាន់នាក់​។​

​ដោយឡែក​ជម្លោះ​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេ​ស្ទីន ក៏​កំពុង​បង្កក្ដី​ព្រួយបារម្ភ​ដល់​អន្ដរជាតិ​។ ការប្រកាស​ដណ្ដើម​ទឹកដី​កាន់កាប់​នៅ​ទីនោះ បាន​ក្លាយជា​វិបត្ដិ​រាំ​រ៉ៃ​ដោះស្រាយ​មិន​ចេញ​។ ការវាយប្រហារ​ដាក់គ្នា​បាន​កើតឡើង​ជា​បន្ដបន្ទាប់​។ 

ដោយឡែក​នៅ​អឺរ៉ុប​ឯណោះ​វិញ​តើ​យ៉ាងណាដែរ?

នៅ​តំបន់​អឺរ៉ុប​ក៏មាន​វិបត្ដិ​កើតឡើង​ដូចគ្នា ដូចជា​បញ្ហា​អសន្ដិសុខ វិបត្ដិ​ជនភៀសខ្លួន ការ​រង្គោះរង្គើ​សម្ព័ន្ធភាព​ប្រទេស​សមាជិក​អឺរ៉ុប​ជាដើម​។ បញ្ហា​អសន្ដិសុខ​បាន​កើតមាន​ក្នុង​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​និង​របួស​ជាច្រើន​នាក់​។ ការវាយប្រហារ​ធ្លាប់​កើតឡើង​នៅ​បារាំង នៅ​អង់គ្លេស នៅ​បែលហ្ស៊ិក នៅ​អាល្លឺម៉ង់ នៅ​កាណាដា​-​ល​- សុទ្ធតែ​បង្ក​គំរាមកំហែង​ខ្លាំង​។ អាជ្ញាធរ​ក៏​ប្រកាស​រឹតបន្ដឹង​សន្ដិសុខ ការពារ​ក្រែង​មាន​ស្ថានភាព​អសន្ដិសុខ​ផ្ទុះឡើង​បន្ដទៀត​។ 

​វិបត្ដិ​ជនភៀសខ្លួន ក៏​កំពុង​ធ្វើឲ្យ​អឺរ៉ុប​ច្របូកច្របល់ ព្រោះ​ចំនួន​ជនភៀសខ្លួន​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ធ្វើឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​នៅ​ក្នុងប្រទេស ប៉ះពាល់​ដល់​សេដ្ឋកិច្ច រួម​នឹង​បង្កបញ្ហា​អសន្ដិសុខ​។ ប្រទេស​មួយចំនួន​នៅ​អឺរ៉ុប ពុំទាន់​ឯកភាព​លើ​គោលនយោបាយ​រួម​ស្ដីពី បញ្ហា​ជនភៀសខ្លួន​នៅឡើយ​ទេ​។ គួរ​ជម្រាប​ផងដែ​រថា ជនភៀសខ្លួន​ដែល​ជម្លៀស​ទៅ​អឺរ៉ុប មាន​ភាគច្រើន​មាន​ប្រភព​មកពី​តំបន់​មជ្ឈិមបូព៌ា​និង​អាហ្វ្រិក ហើយ​មូលហេតុ​នៃ​ការ​ភៀសខ្លួន​ដោយសារតែ​ភាពក្រីក្រ​និង​សង្គ្រាម​។​

​ចំពោះ​ការ​រង្គោះរង្គើ​សម្ព័ន្ធភាព​ប្រទេស​សមាជិក​អឺរ៉ុប កើតឡើង​ដោយសារ​អង់គ្លេស​ប្រកាស​ដកខ្លួន​ចេញពី​អឺរ៉ុប​។ ការសម្រេចចិត្ដ​ធ្វើឡើង​តាមរយៈ​ការបោះឆ្នោត​ប្រ​ជា​មតិ​ក្នុង​ខែមិថុនា​ឆ្នាំ​២០១៦​។ ប្រជាជន​អង់គ្លេស​ផ្ដល់​សំឡេងគាំទ្រ​ឲ្យ​ចាកចេញ​ពី​អឺរ៉ុប ច្រើនជាងឲ្យ​បន្ដ​ស្ថិតនៅជា​សមាជិក​អឺរ៉ុ​ប​។ ការចាកចេញ​ផ្លូវការ​គឺ​នៅ​ថ្ងៃទី​២៩​ខែ​មីនាឆ្នាំ​២០១៩ ប៉ុន្ដែ​បានអូសបន្លាយ​ដល់​សព្វថ្ងៃ ជំពាក់​វា​ក់វិន​ខ្លាំង​រហូត​មានមតិ​លើកឡើងថា​អង់គ្លេស​កំពុង​ដើរ​ដល់​ផ្លូវ​ទា​ល់ ហើយ​នៅតែ​ស្រពិចស្រពិល​រឿង​ចាកចេញ​ពី​អឺរ៉ុប​នេះ​។ ចន្លោះពេល​មិនទាន់​ចាកចេញ​ជា​ផ្លូវការ អង់គ្លេស​និង​អឺរ៉ុប​បាន​ពិភាក្សា​ការងារ​ជាមួយគ្នា​ជា​ហូរហែ ដើម្បី​រក​វិធីសាស្ដ្រ​ការពារ​បញ្ហា​ប្រឈម​នៅ​ថ្ងៃមុខ​។ 

​អង់គ្លេស​ត្រូវ​ត្រៀមខ្លួន​សម្រាប់​ការរស់នៅ​ដោយ​ខ្លួនឯង គឺ​ត្រូវ​ពង្រឹង​ទាំង​ផ្នែក​សន្ដិសុខ នយោបាយ សេដ្ឋកិច្ច ព្រោះ​មិនមែន​ស្ថិតក្នុង​ចង្កោម​ប្រទេស​សមាជិក​អឺរ៉ុប​ទាំង​២៨​ទៀតឡើយ​។ ក៏​មិនទាន់​ដឹងថា​នឹងមាន​ប្រទេស​ណា​ទៀត​អាច​ដើរ​តាម​គន្លង​របស់​អង់គ្លេស​ដែរនោះ​។  ដូច្នេះ​ទាំង​បញ្ហា​អសន្ដិសុខ វិបត្ដិ​ជនភៀសខ្លួន និង​ភាព​រង្គោះរង្គើ​សម្ព័ន្ធភាព​សមាជិក​អឺរ៉ុប សុទ្ធ​ជា​វិបត្ដិ​ដែល​អឺរ៉ុប​កំពុង​ជួបប្រទះ ហើយ​ទាញ​ឲ្យ​អឺរ៉ុប​ធ្លាក់ចុះ​ប្រជាប្រិយភាព​ក្នុង​ឆាក​អន្ដរជាតិ​។​

ការឡើង​កម្ដៅ​នៅ​អាស៊ី​និង​អាស៊ាន​វិញ​ធ្ងន់ធ្ងរ​កម្រិតណា​?

​ការឡើង​កម្ដៅ​នៅ​តំបន់​អាស៊ី​ក៏ដូចជា​តំបន់​អាស៊ាន កំពុង​ក្លាយជា​ប្រធានបទ​ចាប់អារម្មណ៍​មួយទៀត​សម្រាប់​អន្ដរជាតិ​។ ក្នុងនោះ​ឃើញ​មាន​ការប្រឈមមុខ​ដាក់​គ្នា​រវាង​ប្រទេស​ធំៗ​នៅ​អាស៊ី មាន​ចិន​-​ឥណ្ឌា ចិន​-​ជប៉ុន ឥណ្ឌា​-​ប៉ា​គី​ស្ថាន អំពើហិង្សា​និង​ការវាយប្រហារ​នៅ​អា​ហ្វា​ហ្គានី​ស្ថាន ប៉ា​គី​ស្ថាន រួមទាំង​វិបត្ដិ​ក្ដៅគគុក​នៅ​ហុងកុង សុទ្ធតែ​បង្ក​ផលប៉ះពាល់​ដល់​សន្ដិសុខ សណ្ដាប់ធ្នាប់ គោលនយោបាយ​ការបរទេស និង​សេដ្ឋកិច្ច​នៅក្នុង​តំបន់​អាស៊ី​ទាំងមូល​។ យើង​មិន​និយាយ​លម្អិត​ពី​ជម្លោះ​ចិន​-​ឥណ្ឌា ចិន​-​ជប៉ុន ឥណ្ឌា​-​ប៉ា​គី​ស្ថាន ឬ​ការវាយប្រហារ​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​នៅ​ប៉ាគី​ស្ថានទេ ដោយសារ​វា​ជា​រឿង​រ៉ាំរ៉ៃ​ទៅហើយ ប៉ុន្ដែ​សូម​លើកឡើង​បន្ដិច​ពី​រឿង​ក្ដៅ​នៅ​ហុងកុង ដែល​ទើប​ផ្ទុះឡើង​ជាថ្មី​ប៉ុន្មាន​ខែ​នេះ​។​

​ហុងកុង​បាន​ផ្ទុះ​ការតវ៉ា​កាលពី​ថ្ងៃទី​០៩​មិថុនា​ឆ្នាំ​២០១៩ បន្ដ​រហូតមកដល់​បច្ចុប្បន្ន​ពុំទាន់​ដោះស្រាយបាន មកពី​ចរចា​លក្ខខណ្ឌ​មិនត្រូវ​រវាង​ក្រុម​តវ៉ា​និង​រដ្ឋាភិបាល​។ ការតវ៉ា​រីក​រាលដាល​កាន់តែខ្លាំង​ក្លាយជា​អំពើហិង្សា បណ្ដាលឲ្យ​មនុស្ស​ស្លាប់ របួស និង​ត្រូវ​ចាប់ខ្លួន​រាប់សិប​នាក់​។ ដើមចម​ដំបូង​ដោយសារតែ​ប្រជាជន​ប្រជាធិបតេយ្យ​ហុងកុង ប្រឆាំង​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន ព្រោះ​បារម្ភ​ពី​ការរំលោភ​សិទ្ធិសេរីភាព​។ ពិភពលោក​ទាំងមូល​កំពុងតែ​តាមដាន​យ៉ាង​យក​ចិត្ដ​ទុកដាក់ ចង់ដឹងថា​តើ​វិបត្ដិ​ហុងកុង​នឹងត្រូវ​បញ្ចប់​ដោយ​វិធី​ណា ពិសេស​គឺ​រង់ចាំ​មើល​ស​កម្ម​ភាព​ចិន​ដែល​រង​ការចោទប្រកាន់ថា​នៅ​ពីក្រោយ​។ 

​រីឯ​នៅក្នុង​តំបន់​អាស៊ាន​ក៏មាន​ពាក់ព័ន្ធ​ចិន​ដែរ គឺ​ទាក់ទង​នឹង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ នៅ​សមុទ្រ​ចិន​ខាងត្បូង​ចិន​បាន​ប្រឈមមុខ​នឹង​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ព្រុយ​ណេ ដោយ​ត្រូវ​បួន​ប្រទេស​នេះ​ចោទថា​រំលោភ​លើ​ដែន​អធិបតេយ្យ​របស់គេ​។ ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ធ្លាប់​ធ្វើឲ្យ​កក្រើក​ដល់​អន្ដរជាតិ ហើយ​ពេលនេះ​ក៏​មិនទាន់​ដោះស្រាយបាន​នៅឡើយ​។​

​ក្រៅពី​ប្រទេស​ដែលមាន​ជម្លោះ​ជាមួយ​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង តើ​មាន​សមាជិក​អា​ស៊ាន​ណា​ទៀត​ទេ​ដែល​ជួប​វិបត្ដិ​?

​វិបត្ដិ​គឺ​តែងតែមាន​ហើយ​សុខ​ឡា គ្រាន់តែ​ថា​តូច​និង​ធំ​ប៉ុណ្ណោះ​។ ប៉ុន្ដែ​ចំពោះ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​កំពុង​ជួប​វិបត្ដិ​រាំងស្ទះ​គួរឲ្យកត់សម្គាល់​តួយ៉ា​ង​មាន​ម៉ាឡេស៊ី​។ ម៉ាឡេស៊ី​ទើប​ងើប​ពី​ភាពវឹកវរ ដោយ​នាយករដ្ឋមន្ដ្រី​ថ្មី​លោក​ម៉ា​ហា​ធៀ មហា​ម៉ាត់ កំពុង​ប្រឹងប្រែង​ស្ដារ​សេដ្ឋកិច្ចជាតិ​ឡើងវិញ ពង្រឹង​ការដឹកនាំ​តាម​នីតិរដ្ឋ និង​គិតគូរ​ពី​បំណុល​ដែល​ជំពាក់​អន្ដរជាតិ​កើនឡើង​ច្រើន ក្នុងអំឡុងពេល​លោក​ណា​ជីប រ៉ា​ហ្សាក់​កាន់តំណែង​។ 

​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ឯណោះ​វិញ កំពុង​វ័ណ្ឌក​នឹង​វិបត្ដិ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា ក្រោយ​យុទ្ធនាការ​បង្ក្រាប​របស់​យោធា​កាលពី​ឆ្នាំ​២០១៧ ធ្វើឲ្យ​ក្រុម​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ភៀសខ្លួន​ទៅ​បង់​ក្លា​ដែស​ជិត​៧៥​ម៉ឺន​នាក់​។ មី​យ៉ាន់​ម៉ា​ប្រកាស​ទទួលយក​ពួកគេ​វិញ តែ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​មិនទាន់​សម្រេចចិត្ដ ដោយ​ខ្លាច​ការរំលោភបំពាន​កើតឡើង​បន្ដទៀត​។ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ក៏​រង​សម្ពាធ​ពី​អន្ដរជាតិ​មិនតិច​ដែរ​ជុំវិញ​ករណីនេះ មាន​ទាំង​ការប្ដឹង​ផ្ដល់​ទៅ​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​ថែមទៀត​។​

​នៅ​ហ្វីលីពីន ប្រធានាធិបតី​ហ្វីលីពីន​លោក​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​តេ ត្រូវ​សហគមន៍​អន្ដរជាតិ​និង​ក្រុម​អង្គការសិទ្ធិមនុស្ស​ថ្កោលទោស​ជា​ទម្ងន់ ទាក់ទង​នឹង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន ដែល​ស្គាល់​ថា​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​។ នៅក្នុង​ការបង្ក្រាប​គ្រឿង​ញៀន​របស់លោក​ឌុយ​ទែ​តេ មាន​មនុស្ស​រាប់ពាន់នាក់​បាន​ស្លាប់បាត់​បង់ជីវិត​។ ការសម្លាប់​មនុស្ស​យ៉ាង​រង្គាល​ដូច្នេះ អន្ដរជាតិ​ចាត់ទុកជា​ការប្រព្រឹត្ដ​អំពើ​ឧក្រិដ្ឋ​កម្មប្រឆាំង​មនុស្សជាតិ និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ហ្វីលីពីន​ដែលមាន​លោក​ឌុយ​ទែ​តេជា​ប្រមុខ ត្រូវ​ឈប់​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ​ជាបន្ទាន់​។ ប៉ុន្ដែ​អ្វីដែល​លោក​ឌុយ​ទែ​តេ​ឆ្លើយតប​ទៅវិញ​គឺ​ខ្លី​បំផុត លោក​និយាយថា​បញ្ហា​គ្រឿងញៀន​កើតឡើង​នៅ​ហ្វីលីពីន ទុកឲ្យ​ហ្វីលីពីន​ជា​អ្នកដោះស្រាយ​ខ្លួនឯង អ្នកដទៃ​មិនបាច់​លូកដៃ​ទេ​។ ហ្វីលីពីន​អនុវត្ដ​តាមច្បាប់​របស់ខ្លួន មិនបាន​រំលោភបំពាន​លើ​អ្នកណា​ឡើយ​។​

​នៅក្នុង​ប្រទេស​កម្ពុជា ក៏​កំពុង​ត្រូវបាន​បណ្ដា​ប្រទេស​និង​ស្ថាប័ន​អន្ដរជាតិ​មួយចំនួន ដាក់​សម្ពាធ​ជុំវិញ​ស្ថានភាព​សិទ្ធិមនុស្ស​និង​បញ្ហា​ប្រជាធិបតេយ្យ​ជាដើម​។ ថ្មីៗ​នេះ​ក៏មាន​សម្ពាធ​បន្ថែម​ពាក់ព័ន្ធ​នឹង​ចំណាត់ការ ដែល​រាជរដ្ឋាភិបាល​ប្រើប្រាស់​លើ​អតីតមន្ដ្រី​និង​អតីត​គណបក្សប្រឆាំង​។ ប៉ុន្ដែ​យ៉ាងណាក៏ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ឆ្លើយតប​នឹង​ការរិះគន់ ដោយ​អះអាងថា ជា​ចំណាត់ការ​ដ៏​ត្រឹមត្រូវ ដើម្បី​ទប់ស្កាត់​ចលនា​បង្ក​ផលប៉ះពាល់​ដល់​ប្រយោជន៍​ជាតិ ទប់ស្កាត់​ការប៉ុនប៉ង​ផ្ដួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​។​
 
​ស្របពេល​ជាមួយគ្នា​ថៃ​ដែលជា​ប្រទេស​ក្បែរ​ខាង​កម្ពុជា ក៏​ជួប​ស្ថានភាព​នយោបាយ​មិនទាន់​ល្អប្រសើ​រដែរ ដ្បិត​ទើប​មាន​ការបោះឆ្នោត​ប៉ុន្មាន​ខែ​មុន​ក៏ដោយ​។ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា​ដែលជា​អតីត​មេទ័ព និង​ជា​អ្នកដឹកនាំ​រដ្ឋប្រហា​រ​ទម្លាក់​រដ្ឋាភិបា​លអ្ន​ក​ស្រី​យី​ង​ឡាក់ ស៊ីណា​វ៉ាត់​ត្រា ជា​អ្នកនយោបាយ​ពេញនិយម​របស់​ប្រជាកសិករ​ថៃ ក៏​កំពុង​ប្រឈម​ការរិះគន់​យ៉ាងខ្លាំង​ពី​គណបក្សប្រឆាំង ទោះបី​លោក​ជាប់ឆ្នោត​ជា​នាយករដ្ឋមន្ដ្រី​ថ្មី​របស់​ថៃ​ក៏ដោយ​។ ទាំងអស់នេះ​សុទ្ធ​ជា​បញ្ហា​ដែល​ធ្វើឲ្យ​តំបន់​អាស៊ី ក៏ដូចជា​តំបន់​អាស៊ាន​ត្រូវបាន​អន្ដរជាតិ​ផ្ដោត​យកចិត្ដទុកដាក់​ខ្លាំង​មែនទែន​។​

​មួយ​ករណី​ទៀត​ដែល​កំពុងមាន​ការតាមដាន​មិន​ដាក់​ភ្នែក​ដែរនោះ គឺ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ជាមួយ​ចិន​។ អាមេរិក​និង​ចិន​បានប្រកាស​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​រៀងៗ​ខ្លួន តម្លៃ​រាប់ពាន់​លាន​ដុល្លារ​។ ទាំង​អាមេរិក​និង​ចិន​កំពុង​ពិចារណា​ពី​វិធានការ​ដំឡើង​ពន្ធ​បន្ថែម ករណី​កិច្ចចរចា​គ្មាន​ប្រសិទ្ធភាព​។ ការប្រកាស​ដូច្នេះ​អន្ដរជាតិ​កំពុង​បារម្ភ ព្រោះ​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ស្ថានភាព​ពាណិជ្ជកម្ម​ពិភពលោក​។ បើសិន​ជម្លោះ​ត្រូវ​ចាត់ទុកជា​សង្គ្រាម​ពាណិជ្ជកម្ម​នេះ​មិនអាច​ដោះស្រាយបាន ច្បាស់​ណាស់​ទីផ្សារ​ក្នុង​ពិភពលោក​នឹង​ប្រែប្រួល បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​មិនមែន​តែ​ចិន​និង​អាមេរិក​ឡើយ​។ ដូច្នេះ​ទើប​បណ្ដា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំៗ ទទូច​ឲ្យ​អាមេរិកនិង​ចិនចរ​ចា​ដោះស្រាយ​ដោយ​សន្ដិវិធី​។ 

​ជារួម​មកវិញ ចំណុច​ដែល​បាន​រៀបរាប់​ទាំងអស់នេះ សុទ្ធតែជា​បញ្ហា​ប្រឈម​ដែល​អន្ដរជាតិ​កំពុង​ចាប់អារម្មណ៍​ខ្លាំង និង​បារម្ភ​ថា​អាច​ក្លាយជា​វិបត្ដិ​ធ្ងន់ធ្ងរ​ដោះស្រាយ​មិន​ចេញ​។ នៅពេល​ក្លាយជា​វិបត្ដិ​រ៉ាំរ៉ៃ​ហើយ វា​នឹង​បន្ដ​ប៉ះពាល់​ដល់​ស្ថិរភាព សន្ដិភាព សន្ដិសុខ ស្ថានភាព​នយោបាយ សេដ្ឋកិច្ច សង្គម​នៅលើ​ឆាក​អន្ដរជាតិ​ទាំងមូល​។​

​តើ​ធ្វើយ៉ាងណា​ដើម្បី​ការពារ ឬ​ទប់ស្កាត់​កុំឲ្យ​ជួប​ហានិភ័យ​ទាំង​នេះបាន​?

បើ​និយាយ​ពី​វិធីសាស្ដ្រ​ទប់ស្កាត់ គ្មានអ្វី​ក្រៅពី​ប្រទេស​មហាអំណាច ក៏ដូចជា​ប្រទេស​តូចៗ​ទាំងអស់ ត្រូវ​រួម​សហការគ្នា​ដោះស្រាយ​បញ្ហា​ដោយ​សន្ដិវិធី ព្យាយាម​យក​ជម្រើស​ដែល​ផ្ដល់​ប្រយោជន៍​ទាំងសងខាង ចៀសវាង​ការប្រើ​ហិង្សា​ឬ​ប្រើ​អាវុធ ក្នុងន័យ​រក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់ ដើម្បី​ភាព​រីកចម្រើន​ទៅ​អនាគត កុំឲ្យ​ដូចកា​លពី​អតីតកាល​។ ជាក់ស្ដែង​ណាស់​កាលណា​យក​កំហឹង​ទល់នឹង​កំហល់ ចង់​ឬ​មិន​ចង់​ច្បាស់​ជាមាន​ការប៉ះទង្គិច​មិន​ខាន​៕

ព័ត៌មានផ្សេងទៀត