​អ្នក​តវ៉ា​១៤៣​នាក់​ដែល​ស្លាប់​ ភាគច្រើន​ត្រូវ​បាញ់សម្លាប់​ដោយ​សន្តិសុខ​អ៊ីរ៉ង់​

26-11-2019 4:32 pm 1290

​អង្គការ​លើកលែងទោស​អន្តរជាតិ បាន​រាប់​ឃើញថា​ចំនួន​អ្នកស្លាប់​នៅក្នុង​ការតវ៉ា​នៅ​ប្រទេស​អ៊ីរ៉ង់ មាន​ដល់​ទៅ​១៤៣​នាក់ ខុសពី​អ្វីដែល​មន្ត្រី​រដ្ឋាភិបា​លបាននិយាយ​។ អង្គការ​មួយ​នេះ​បញ្ជាក់ថា អ្នកស្លាប់​ភាគច្រើន​នៅក្នុង​ការបង្ក្រាប​របស់​កងកម្លាំង​សន្តិសុខ ដែល​ប្រើប្រាស់​កាំភ្លើង​បាញ់​ទៅលើ​ក្រុមបាតុករ​ដោយ​ចេតនា​។ អ្នកខ្លះ​បាន​ស្លាប់​ភ្លាមៗ ដោយសារ​ការបាញ់ប្រហា​រ​ពី​ចម្ងាយ ខ្លះ​ស្លាប់​ពេល​កំពុងតែ​រត់គេច ខ្លះ​ស្លាប់​ដោយសារ តែ​ឧស្ម័ន​បង្ហូរទឹកភ្នែក ខ្លះ​ស្លាប់​ក្រោយ​រងរបួស​ធ្ងន់ និង​ខ្លះទៀត​ស្លាប់​ដោយសារតែ​ការវាយដំ​។ ការបាញ់ប្រហារ​នេះ មិនមែន​ធ្វើឡើង​តែ​នៅ​លើដី​ទេ ក៏មាន​ផងដែរ​នូវ​កងកម្លាំង​សន្តិសុខ​មួយចំនួន បាន​បោះទីតាំង​ឈរជើង​នៅ​លើដំបូល ត្រៀម​បាញ់​បង្ក្រាប​ក្រុមបាតុករ​។ រាល់​ការបង្ក្រាប​ដោយ​ហិង្សា​ទាំងនេះ ត្រូវបាន​ប្រព្រឹត្ត​ដោយ​ប៉ូលិស កង​ឆ្មាំ​បដិវដ្ត​អ៊ីរ៉ង់ និង​កងកម្លាំង​ផ្សេងៗ​ទៀត​។​

​លោក​Philip Luther​ប្រធាន​ផ្នែក​ស្រាវជ្រាវ​និង​តស៊ូ​មតិ របស់​អង្គការ​លើកលែងទោស សម្រាប់​មជ្ឈឹម​បូព៌ា​បាន​ថ្លែងថា អន្តរជាតិ​មិនគួរ​រក្សារ​ភាព​ស្ងៀមស្ងាត់ ចំពោះ​ការសម្លាប់​ក្រុមបាតុករ​ដោយ​ខុសច្បាប់​នេះ​ទេ​។ ក្រុម​ឃ្លាំមើល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍ បាន​អំពាវនាវ​ឲ្យ​មហាអំណាច​ពិភពលោក នាំគ្នា​ថ្កោលទោស​ចំពោះ​ការ​បង្ហូរឈាម​នេះ​។​

​គួរ​ជម្រាបជូន​ថា ប្រជាជន​អ៊ីរ៉ង់​បាន​ប្រមូលផ្តុំ​ធ្វើបាតុកម្ម​ប្រឆាំងនឹង​រដ្ឋាភិបាល ដែល​បានប្រកាស​តំឡើងថ្លៃ​ប្រេង​។ ការរំជើបរំជួល​បាន​ផ្ទុះឡើង​ជាច្រើន​ម៉ោង បន្ទាប់ពី​ការប្រកាស​ដ៏​គួរឲ្យភ្ញាក់ផ្អើល​នោះថា អ៊ីរ៉ង់​ដំឡើងថ្លៃ​ប្រេងឥន្ធនៈ​រហូតដល់ ២០០ ភាគរយ​។ ការតវ៉ា​បាន​ផ្ទុះឡើង​ស្ទើរ​ទូទាំង​ប្រទេសមួយ ដែល​កំពុងតែ​ញាំញី ដោយ​ទ័ណ្ឌកម្ម​សេដ្ឋ​របស់​អាមេរិក​។ ទ្រព្យសម្បត្តិ​សាធារណៈ តួយ៉ាង​ដូចជា ស្ថានីយ៍​ប៉ូលិស​ត្រូវបាន​គេ​ដុតបំផ្លាញ​។​

​ភ្លាមៗ​មន្ត្រី​អ៊ីរ៉ង​និយាយថា មាន​មនុស្ស​តែ​៥​នាក់​ប៉ុណ្ណោះ​បាន​ស្លាប់ ខណៈ​អង្គការ​លើកលែងទោស វាយតម្លៃថា​អ្នក​ស្លាប់មាន​ច្រើន​ជាន​នេះ​។ អាជ្ញាធរ​បញ្ជាក់ថា មេខ្លោង​ដឹកនាំ​ការតវ៉ា​ចំនួន​១៨០​នាក់​ត្រូវបាន​ចាប់ខ្លួន​។ យ៉ាងណាក៏ដោយ ចំនួន​មនុស្ស​ដែល​ត្រូវបាន​ឃុំខ្លួន​ទាំងអស់ នៅតែ​មិនទាន់​ច្បាស់​នៅឡើយ ប៉ុន្តែ​ការិយាល័យ​សិទ្ធិមនុស្ស របស់​អង្គការសហប្រជាជាតិ លើកឡើង​កាលពី​សប្តាហ៍​មុន​ថា​មាន​ច្រើនជាង ១,០០០​នាក់​។​

​ការជំរុញ​ឲ្យមាន​អំពើ​ហិង្សា​នៅក្នុង​ការតវ៉ា ត្រូវបាន​អ៊ីរ៉ង់​បន្ទោស​លើ​ក្រុម​នុស្ស​ដែល​គាំទ្រ​គ្រួសារ​រាជវង្ស Pahlavi ដែល​ត្រូវបាន​បណ្តេញ​ចេញពី​បដិវត្ត​អ៊ីស្លាម​ក្នុង​ឆ្នាំ​១៩៧៩ និង​ក្រុមប្រឆាំង​ប្រដាប់អាវុធ ប្រជាជន Mujahedeen​នៃ​ប្រទេស​អ៊ីរ៉ង់ និង​សត្រូវ​របស់​អ៊ីរ៉ង់ រួមមាន​អាមេរិក អ៊ីស្រាអែល​និង​អា​រ៉ាប៊ីសាអូឌីត​។ «​ប្រទេស​ដូចជា​អាមេរិក អ៊ីស្រាអែល​ឬ​អារ៉ាប៊ីសាអ៊ូឌីត មិន​ចង់ឃើញ​យើង​មាន​ការរីកចម្រើន​អភិវឌ្ឍ​និង​មាន​សន្តិសុខ​ទេ​»​។ នេះ​បើតាម​មន្ត្រី​អ៊ីរ៉ង់​បាន​និយាយ​។ អ៊ីរ៉ង់​ប្តេជ្ញា​នឹង​ផ្តន្ទាទោស​យ៉ាងធ្ងន់ធ្ងរ​បំផុត ចំពោះ​អ្នកស៊ីឈ្នួល ដែល​ចាប់ខ្លួនបាន​នៅក្នុង​អំពើហិង្សា​នេះ​៕ 

 

ព័ត៌មានផ្សេងទៀត