លោក​នាក់ យុ​ទ្ធា​៖​ លុបបំបាត់​គ្រឿងញៀន​​ត្រូវ​មាន​ការចូលរួម​ពី​គ្រប់​សមាសភាព​ក្នុងសង្គម​

26-11-2019 3:35 pm 281
  ស្តាប់
គ្រឿងញៀន
ស្តាប់ជាសំឡេង

​នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​បើក​កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា​លើ​សេចក្តីព្រាង​គោលនយោបាយ​ជាតិ និង​គោលការណ៍​ណែនាំ​ស្តីពី​ការរៀបចំ​បង្កើត​ភូមិ ឃុំ សង្កាត់ «​ស​» គ្មាន​គ្រឿងញៀន ដែល​ដឹកនាំ​ដោយ​លោកនាយ​ឧត្តមសេនីយ៏ជួន សុវណ្ណ អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​មាន​ការចូលរួម​ពី ថ្នាក់ដឹកនាំ សមាជិក នៃ​ក្រុមការងារ​អន្តរក្រសួង រួមទាំង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប នា​ទីស្តីការ​ក្រសួង​មហាផ្ទៃ​។​

 លោក​ជួន សុវណ្ណ បាន​លើកឡើង​ថា កិច្ចប្រជុំ​នេះ​ត្រូវបាន​ធ្វើឡើង​ដើម្បី​ដាក់ចេញ​នូវ​គោលនយោបាយ​និង​រៀប​ចំ​ទិសដៅ​បន្ត​ឱ្យទៅ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៃ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ដោយ​តម្រូវ​ឲ្យ​អនុវត្ត​តាម​គោលការណ៍​ណែនាំ​ពី​ប្រមុខ​រាជរដ្ឋាភិបាល និង​លោក​ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ក្នុង​ការលើកកម្ពស់ ក៏​ដូចជា​បង្កើន​នូវ​ប្រសិទ្ធភាព​នៃ​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​នៅ​កម្ពុជា ឱ្យ​កាន់តែ​មាន​ភាពល្អប្រសើរ និង​មាន​និរន្តរភាព​នៅ​ថ្នាក់​មូលដ្ឋាន ក្នុង​គោលដៅ​ពង្រឹង​នូវ​ការអនុវត្ត​គោលនយោបាយ ភូមិ ឃុំ​/​សង្កាត់​មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល និង​ស្រប​តាម​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​។​

​នៅក្នុង​ឱកាស​នោះ​ដែរ លោក​នាក់ យុ​ទ្ធា អគ្គលេខាធិការរង​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​គោលនយោបាយ​ជាតិ និង​គោល​ការណែនាំ​ស្តីពី​ការរៀបចំ​បង្កើត​ភូមិ ឃុំ សង្កាត់ «​ស​» គ្មាន​គ្រឿងញៀន បាន​លើកឡើង​ថា ដើម្បី​ឆ្លើយតប​លើ​ដំណោះស្រាយ​បញ្ហា​គ្រឿងញៀន និង​ដោយ​យោង​លើ​បទពិសោធន៍ ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដែល​អាច​ទទួលបាន​លទ្ធផល​ល្អ និង​ជោគជ័យ គឺ​ត្រូវមាន​យន្តការ​ជា​អចិន្ត្រៃយ៍​សម្រាប់​ឆ្លើយតប​បញ្ហា​គ្រឿងញៀន​ជា​ពហុ​វិស័យ ដោយ​មាន​ការចូលរួម​ពី​គ្រប់​សមាសភាព​សង្គម​ទាំង​ក្នុង​កម្រិត​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ រួម​ទាំង​នីតិបុគ្គល និង​រូបវន្តបុគ្គល​ក្នុង​មូលដ្ឋាន​ភូមិ ឃុំ សង្កាត់​ដូចជា​៖

១.​ក្នុង​កម្រិត​ថ្នាក់​ជាតិ គឺ​ត្រូវ​មាន​ច្បាប់ ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ដែលមាន​ខ្លឹមសារ​ឆ្លើយតប​ទៅ​និង​បច្ចុប្បន្នភាព គោលនយោបាយ​ជាតិ​ច្បាស់លាស់ មាន​ផែនការ​ជាតិ ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន យន្តការ​សម្របសម្រួល គាំទ្រ និង​អង្គភាព​ទទួលខុសត្រូវ ដោយ​មាន​ការចូលរួម និង​ឆ្លើយតប​ជា​ពហុ​វិស័យ (​ការងារ​ផ្សព្វផ្សាយ អប់រំ ការងារ​ព្យាបាល ស្តារនីតិសម្បទា បណ្តុះបណ្តាល​វិជ្ជាជីវៈ សមាហរណកម្ម និង​ការងារ​អនុវត្ត​ច្បាប់​) សម្រាប់​ឆ្លើយតប និង​គាំទ្រ​ដល់​ថ្នាក់ក្រោម​ជាតិ រួម​ទាំង​មាន​ការចូលរួម និង​គាំទ្រ ពី​វិស័យ​ឯកជន សាសនា និង​សប្បុរសធម៌ និង​ស្ថាប័ន​កំពូលៗ របស់​ជាតិ​ផងដែរ​។​

២-​ក្នុង​កម្រិត​ថ្នាក់​ក្រោម​ជាតិ គឺ​ត្រូវ​មាន​នូវ​យន្តការ​ប្រយុទ្ធ​ប្រឆាំង​គ្រប់​កម្រិត​ទាំង​រាជធានី​/​ខេត្ត ខ័ណ្ឌ​ក្រុង​/​ស្រុក សង្កាត់​/​ឃុំ និង​ភូមិ ឬ​ក្រុម​ការងារ​នៅក្នុង​សហគមន៍​ភូមិ និង​ឃុំ ហើយ​ប្រជាជន​ក្នុង​សហគមន៍ ត្រូវតែ​ចូលរួម​លុបបំបាត់​បញ្ហា​គ្រឿងញៀន ដែល​ជា​បញ្ហា​ដែល​ខ្លួន​ត្រូវ​ដោះស្រាយ ហើយ​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​គឺ​ត្រូវ​ចាប់ផ្តើម​ពី​បុគ្គល​ម្នាក់ៗ ពី​ក្រុម​គ្រួសារ​នី​មួយៗ ពី​សហគមន៍​មួយ និង​ពី​ភូមិ​នីមួយៗ ដើម្បី​ឈាន​ទៅ​លុបបំបាត់​គ្រឿងញៀន​នៅតាម​មូលដ្ឋាន​៕

 ពាក្យគន្លឹះ  គ្រឿងញៀន

ព័ត៌មានផ្សេងទៀត