អង់គ្លេស​ជំរុញ​ចិន​អនុញ្ញាតឲ្យ​អ្នកសង្កេតការណ៍​UN​ចុះទៅ​តំបន់​ស៊ីន​ជាំ​ង​

26-11-2019 10:46 am 240
  ស្តាប់
ស្តាប់ជាសំឡេង

​អ្នកនាំពាក្យ​នៃ​ការិយាល័យ​ក្រសួងការបរទេស​អង់គ្លេស​បាន​ថ្លែងថា «​យើង​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង អំពី ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ស៊ីន​ជាំ​ង និង​ការបង្ក្រាប​កាន់តែខ្លាំង​ឡើង របស់​រដ្ឋាភិបាល​ចិន ជាពិសេស​ការឃុំខ្លួន​ក្រៅ​ប្រព័ន្ធតុលាការ ទៅលើ​ជនជាតិ​អ៊ុយ​ហ្គួ​កាន់សាសនា​អ៊ីស្លាម​ជាង​មួយ​លាន​នាក់ និង​ជនជាតិភាគតិច​ដទៃទៀត​។ ចក្រភព​អង់គ្លេស បន្ត​អំពាវនាវ​ដល់​ប្រទេស​ចិន ដើម្បី​អនុញ្ញាតឲ្យ​អ្នកសង្កេតការណ៍​របស់​អង្គការសហប្រជាជាតិ ចុះ​ប្រតិបត្តិការ​ក្នុង​តំបន់​នេះ​ជាបន្ទាន់​។​

​ការ​រន្ថើន​ឲ្យមាន​ការចុះ​អធិការរកិច្ច​ពី​អង្គការ​អន្តរជាតិ​មួយ​នេះ បន្ទាប់ពី​បែកធ្លាយ​ឯកសារ​របស់​រដ្ឋាភិបាល​ចិន​បង្ហាញ អំពី របៀប​ដែល​ចិន​បង្រៀន​ឲ្យ​ជនជាតិភាគតិច​រស់នៅ​ក្នុង​ជំរុំ កែប្រែ​ចិត្ត គំនិត ឥរិយាបទ ទំនៀមទម្លាប់ ភាសា របៀប​រស់នៅ​ឲ្យ​ដូច​ប្រជាជន​ចិន​។ ឯកសារ​លេច​ធ្លាយ​ត្រូវបាន​ប្រមូល​និង​សិក្សា ដោយ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​ស៊ើបអង្កេត​អន្តរជាតិ​ចំនួន​១៧ និង​ដៃគូ​ល្បីៗ​ផ្សេងទៀត​ដូចជា BBC Panorama និង​កាសែត​The Guardian នៅ​ចក្រភព​អង់គ្លេស​។ យោងទៅតាម​ឯកសារ​នោះ ជនជាតិភាគតិច​ដែល​ត្រូវបញ្ជូន​ទៅកាន់​ជំរុំ ត្រូវគេ​បង្ខំ​ឲ្យ​រៀនសូត្រ អំពី ទំនៀម​ទ​មា្ល​ប់ ប្រពៃណី ភាសា​ចិន ដោយ​ខ្លះ​ត្រូវ​រង​នូវ​ការដាក់ទណ្ឌកម្ម​ផង​។ អ្នក​ជាប់ឃុំ​នឹង​ត្រូវបាន​ដោះលែង​ឲ្យមាន​សេរីភាព​វិញ លុះ​ត្រាំ​តែ​ពួកគេ​អាច​បង្ហាញថា បាន​ផ្លាស់ប្តូរ​អាកប្បកិរិយា ជំនឿ និង​ភាសារ​បាន​ស្ទាត់​ជំនាញ​។​

​យ៉ាងណាក៏ដោយ លោក Liu Xiaoming អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ប្រទេស​អង់គ្លេស បាន​បដិសេធ​ឯកសារ​ដែល​លេច​ធ្លាយ​នោះ​ថា​ក្លែងក្លាយ​។ ជំរុំ​នៅ​ស៊ីន​ជាំ​ង​នោះ​ទៀតសោត ជា​កន្លែង​បង្ហាត់បង្រៀន អប់រំ​ណែនាំ ដោយ​ការស្ម័គ្រចិត្ត ហើយ​ការពង្រឹង​សន្តិសុខ​តឹងរឹង​នៅ​ទីនោះ​វិញ គឺ​ដើម្បី​ការពារ​សុវត្ថិភាព​ប្រជាជន​ក្នុង​តំបន់ និង​ប្រយុទ្ធប្រឆាំង​សកម្មភាព​ជ្រុលនិយម ដើម្បី​បញ្ចៀស​ការវាយប្រហារ​ភេរវកម្ម​។ លោក​ថា​តំបន់​នេះ ទទួលបាន​ស្ថេរភាព​សង្គម និង​សាមគ្គីភាព​ក្នុងចំណោម​ក្រុម​ជនជាតិភាគតិច​ដែល​កំពុង​រស់នៅ ហើយ​ពួកគេ​កំពុង​រស់នៅ ប្រកបដោយ​ភាព​សប្បាយរីករាយ​។ អគ្គរដ្ឋទូត​ចិន​រូបនេះ បាន​វាយបក​ទៅ​អ្នក​រិះគន់​ការគ្រប់គ្រង​នៅ​តំបន់​ស៊ីន​ជាំ​ង​ថា​« ប្រជាជន​នៅ​បស្ចិម​ប្រទេស យក​តំបន់​ស៊ីន​ជាំ​ង មក​និយាយ​លាប​ពណ៌ បង្កាច់បង្ខូច​និង​ប្រមាថ​ប្រទេស​ចិន ក្នុង​គោលបំណង​បង្កើត​លេស ដើម្បី​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន ដែល​រំខាន​ដល់​កិច្ចប្រឹងប្រែង​ប្រឆាំង​ភេរវកម្ម​របស់​ចិន​នៅ​ស៊ីន​ជាំ​ង និង​រារាំង​ការអភិវឌ្ឍន៍​ឥតឈប់ឈរ​របស់​ចិន​»៕

ព័ត៌មានផ្សេងទៀត