​​​កូរ៉េខាងត្បូង​​​​អនុញ្ញាតឱ្យ​កម្ពុជា​​​​នាំផ្លែស្វាយ​ទៅ​លក់​​​​ដោយ​ចាប់ផ្ដើម​ពី​ខែធ្នូ​​​​

26-11-2019 10:32 am 221

​នៅក្នុង​ជំនួប​ពិភាក្សា​រវាង​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​កម្ពុជា ជាមួយ​លោក Kim Hyeon-Soo រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ស្បៀងអាហារ​និង​អភិវឌ្ឍន៍ជនបទ​នៃ​សាធារណៈរដ្ឋ​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​និង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម​នៃ​ប្រទេស​ទាំងពីរ (​កម្ពុជា​-​កូរ៉េខាងត្បូង​) រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ស្បៀងអាហារ​និង​អភិវឌ្ឍន៍ជនបទ​នៃ​ប្រទេស​កូរ៉េខាងត្បូង បានបញ្ជាក់​ឱ្យដឹងថា ភាគី​កូរ៉េ​បានអនុម័ត​រួចហើយ​នូវ​ការអនុញ្ញាតិ​ឱ្យ​នាំចូល​ស្វាយ​ពី​កម្ពុជា​មក​កូរ៉េ កាលពី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៩ ដូច្នេះ​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៩ ខាងមុខនេះ កម្ពុជា​នឹង​អាច​នាំចូល​ស្វាយ​មក​កូរ៉េ​បាន​ហើយ​។​

​ក្រោយពី​ទទួលបាន​ការបញ្ជាក់​ពី​សំណាក់​ភាគី​កូរ៉េខាងត្បូង កម្ពុជា​តាមរយៈ​លោក វេង សាខុន បាន​អរគុណ​ដល់​ភាគី​កូរ៉េ ដែល​អនុញ្ញាតឱ្យ​នាំចូល​ស្វាយ​នេះ ហើយ​លោក​ក៏បាន​ស្នើសុំ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ភាគី​កូរ៉េ​ថែមទៀត លើ​ការធ្វើ​ទំនើបកម្ម​កសិកម្ម​នៅ​កម្ពុជា ដើម្បី​ផ្លាស់ប្តូរ​នូវ​ពិសោធន៍​ដែល​កសិកម្ម​កូរ៉េ​បាន​ឆ្លងកាត់​។ តាមរយៈ​ការស្នើសុំ​របស់​កម្ពុជា ភាគី​កូរ៉េខាងត្បូង​បាន​ស្វាគមន៍​នូវ​សំណើរ​នេះ​ដោយ​សន្យា​នឹង​ជួយ​ដល់​ការអភិវឌ្ឍន៍​លើ​ការដាំ​ដំណាំ​ក្នុងផ្ទះ​កញ្ចក់ (Green House ) ដែល​អាច​ធានា​ដល់​ការផលិត​បន្លែ​បាន​គ្រប់​រដូវ ការពារ​សត្វល្អិត និង​មាន​គុណភាព​ខ្ពស់​ឆ្លើយតប​តាម​ស្តង់ដារ និង​ទីផ្សារ ដើម្បី​ជំរុញ​ផលិតកម្ម​លើ​ដំណាំ​បន្លែ​ក្នុងស្រុក និង​កាត់បន្ថយ​ការ​នាំចូល​។​

​បើតាម​ក្រសួងកសិកម្ម នៅក្នុង​ជំនួប​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ប៊ូសាន ប្រទេស​កូរ៉េខាងត្បូង​នោះ រដ្ឋមន្ត្រីក្រសួង​កសិកម្ម​នៃ​ប្រទេស​ទាំងពីរ ភាគី​ទាំងពីរ បាន​ព្រមព្រៀងគ្នា​លើ​កិច្ច​សហការគ្នា​ក្នុង​វិស័យ​ដូចជា​៖ ១. ផ្លាស់ប្តូរ​ព័ត៌មាន​និង​កិច្ចសហប្រតិបត្តិការ​ក្នុង​គោលនយោបាយ​កសិកម្ម ក្នុង​តំបន់ និង​អភិវឌ្ឍន៍ជនបទ ២. ផ្លាស់ប្តូរ​ព័ត៌មាន និង​កិច្ចសហប្រតិបត្តិការ​ក្នុង​គោលនយោបាយ​កសិកម្ម​ក្រៅប្រទេស ៣. ផ្លាស់ប្តូរ​អ្នកជំនាញ​ក្នុង​វិស័យ​ដែល​ពាក់ព័ន្ធ និង​កិច្ចសហប្រតិបត្តិកា​រលើ​បច្ចេកទេស និង​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​នឹង​កសិកម្ម និង​ការស្រាវជ្រាវ​រួមគ្នា​ក៏ដូចជា​ការជំរុញ​កិច្ចសហប្រតិបត្តិកា​រប​ច្ចេកទេស​កសិកម្ម​រវាង​វិទ្យាស្ថាន​ស្រាវជ្រាវ​កសិកម្ម​នៃ​ប្រទេស​ទាំងពីរ ៤. កិច្ចសហប្រតិបត្តិការ​ក្នុង​ការអភិវឌ្ឍន៍​កសិកម្ម​សំដៅ​ធានាឲ្យបាន​នូវ​សន្តិសុខ​ស្បៀង​ក្នុងប្រទេស​ទាំងពីរ ៥. ជំរុញ​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​រវាង​សហគ្រាស និង​ទីភ្នាក់ងារ​ពាក់ព័ន្ធ​ក្នុង​វិស័យ​សាធារណៈ​និង​ឯកជន ៦. ការគ្រប់គ្រង​ធនធានធម្មជាតិ​ប្រកបដោយ​ប្រសិទ្ធភាព​រួមមាន​ដី ទឹក និង​ធនធាន​សេនេទិច ៧. កិច្ចសហប្រតិបត្តិការ​ក្នុង​ការបង្កើន​ផលិតភាព​កសិកម្ម គ្រឿងយន្ត​កសិកម្ម និង​យុទ្ធសាស្ត្រ​មុន និង​ក្រោយពេល​ប្រមូល​ផល ៨. កិច្ចសហប្រតិបត្តិការ​ដើម្បី​សម្របសម្រួល​ដល់​ការវិនិយោគ​ឯកជន​ក្នុង​វិស័យ​កសិកម្ម និង ៩. ការផ្លាស់ប្តូរ​និង​ធ្វើ​កិច្ចសហប្រតិបត្តិកា​រលើ​ចំនុច​ដែល​ចាប់អារម្មណ៍​ផ្សេងទៀត ដែល​អាច​កើតឡើង​ពី​ការសម្រេចចិត្ត​របស់​ភាគី​ទាំងពីរ​។​

​ក្រសួង​កសិកម្ម​ក៏​បានបញ្ជាក់​ផងដែរ ដើម្បី​ធ្វើ​ទំនាក់ទំនង​និង​សម្របសម្រួល​កិច្ចសហប្រតិបត្តិការ​ក្រោម​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​ឲ្យទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់ ភាគី​ទាំងពីរ (​កម្ពុជា​-​កូរ៉េខាងត្បូង​) បាន​ឯកភាពគ្នា​បង្កើត​ក្រុមការងារ​ដែលមាន​ប្រធាន​មួយរូប មាន​ឋានៈ​ជា​ប្រធាន​នាយកដ្ឋាន ធ្វើជា​សហប្រធាន​ដែល​ត្រូវបានតែងតាំង​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​។ ភាគី​នីមួយៗ​នឹង​ចាត់តាំង​លេខាធិការ​ទំនាក់ទំនង​ម្នាក់ ឱ្យ​ទទួលខុសត្រូវ​ការ​ងារ​ទាក់ទង​នឹង​កិច្ចប្រជុំ​ក្រុមការងារ​។ កិច្ចប្រជុំ​ក្រុមការងារ​នឹង​ត្រូវធ្វើឡើង​ជាប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ និង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​រៀងរាល់​០២ (​ពីរ​) ឆ្នាំ​ម្តង​ឬ​លើសពីនេះ បើ​ចាំបាច់​ដោយ​ភាគី​ទាំងពីរ​។ កាលបរិច្ឆេទ ទីតាំង និង របៀបវារៈ​នៃ​ការប្រជុំ​នីមួយៗ​នឹងត្រូវ​សម្រេច​រួមគ្នា​ជាមុន​ផងដែរ​៕

ព័ត៌មានផ្សេងទៀត