ឯកសារ​លេច​ធ្លាយ​បង្ហាញ​ពី​របៀប​ដែល​ចិន​បង្ខំ​ឲ្យ​ជនជាតិ​អ៊ុយ​ហ្គួ​ផ្លាស់ប្តូរ​ក្នុង​ជំរុំ​ឃុំឃាំង​

25-11-2019 6:12 pm 1107

​ជនជាតិភាគតិច​អ៊ុយ​ហ្គួ​រាប់រយ​រាប់ពាន់នាក់ ត្រូវបាន​អាជ្ញាធរ​ចិន​ចាប់បញ្ជូន​ទៅកាន់​ជំរុំ​ឃុំឃាំង ដែល​ចិន​ហៅថា ជា​កន្លែង​បង្ហាត់បង្រៀន​ជនជាតិ​អ៊ុយ​ហ្គួ ដើម្បី​ប្រឆាំងនឹង​ភាពជ្រុលនិយម​។ របាយការណ៍​មួយ​បង្ហាញថា មនុស្ស ១៥,០០០ នាក់​មកពី​ភាគខាងត្បូង​ស៊ីន​ជាំ​ង ត្រូវបាន​បញ្ជូនទៅ​ជំរុំ ក្នុង​រយៈពេល​តែមួយ​សប្តាហ៍​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ ២០១៧ ។ មនុស្ស​ប្រហែល​មួយ​លាន​នាក់ ដែល​ភាគច្រើន​មកពី​សហគមន៍​មូស្លីម​អ៊ុយ​ហ្គួ ត្រូវបាន​គេ​ចាប់ឃុំខ្លួន ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់​។​

​យោងទៅតាម​ឯកសា​លេច​ធ្លាយ​របស់​រដ្ឋាភិបាល​ចិន​បង្ហាញថា រាល់​ជនជាតិ​អ៊ុយ​ហ្គួ​ដែល​ត្រូវបញ្ជូន​ឲ្យ​រស់នៅក្នុង​ជំរុំ ដាច់ខាត​មិន​អាចឲ្យ​ពួកគេ​រត់គេចខ្លួន​បានឡើយ ហើយ​ត្រូវ​បង្កើន​ការអប់រំ និង​ដាក់ទណ្ឌកម្ម​ចំពោះ​អ្នក​ដែលមាន​អាកប្បកិរិយា​មិន​សមរម្យ និង​លើកកម្ពស់​ការបង្ហាត់បង្រៀន​ភាសា​ចិន​កុក​ងឺ​ជាដើម​។ អំឡុងពេល​លុត​ដំ​ក្នុង​ជំរុំ ជនជាតិ​អ៊ុយ​ហ្គួ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​និង​ត្រូតពិនិត្យ​ជាប្រចាំ មិន​ថា​ការ​គេង ការ​អង្គុយ​រៀន បរិភោគ​ចំណីអាហារ ឬ​ការធ្វើ​កិច្ចការ​ផ្សេងៗ​ក្នុង​ជំរុំ​ឡើយ​។ 

​នៅក្នុង​នោះ​ក៏មាន​ការពន្យល់​យ៉ាង​ស៊ីជម្រៅ អំពី បទល្មើស​ខុសច្បាប់ និង​គ្រោះថ្នាក់​អំពី​សកម្មភាព​ដែល​ពួកគេ​ធ្លាប់​បានធ្វើ ទៅតាម​ប្រពៃណី ទំនៀម​ទំលាប់​នៃ​ជនជាតិ​អ៊ុយ​ហ្គួ​កន្លងមក​។ អ្នក​ជាប់ឃុំ​នឹង​ត្រូវបាន​ដោះលែង​ឲ្យមាន​សេរីភាព នៅពេល​ពួកគេ​អាច​បង្ហាញថា បាន​ផ្លាស់ប្តូរ​អាកប្បកិរិយា ជំនឿ និង​ភាសា​របស់​ពួកគេ ដោយ​ឆ្លងកាត់​ការ​ត្រូតពិនិត្យ​យ៉ាង​ល្អិតល្អន់ ពី​មន្ត្រី​នៃ​គណបក្ស​កុ​ម្មុនី​ស​ចិន​។​

​ជំរុំ​នេះ​ប្រៀបដូចជា​កន្លែង​លាង​សម្អាត​ខួរក្បាល​ជនជាតិ​អ៊ុយ​ហ្គួ ឬ​មាន​អ្នកខ្លះ​លើកឡើងថា ជា​កន្លែង​ផ្លាស់ប្តូរ​ជនជាតិ​អ៊ុយ​ហ្គួ ឲ្យ​ដូច​ប្រជាជន​ចិន​ធម្មតា​។ ក្រុម​សិទ្ធិមនុស្ស​គាំទ្រ​ជនជាតិ​អ៊ុយ​ហ្គួ បាន​លើកឡើងថា ជំរុំ​សម្ងាត់​នេះ​ព្យាយាម​ផ្លាស់ប្តូរ លុបបំបាត់​អត្តសញ្ញាណ​ជនជាតិភាគតិច​អ៊ុយ​ហ្គួ​។ អង្គការ​ឃ្លាំមើល​សិទិ្ធមនុស្ស​ចិន​និយាយថា នេះ​ជា​កញ្ចប់​ភស្តុតាង​ដែល​បង្ហាញ​ពី​ការរំលោភ​សិទ្ធិមនុស្ស​។​

​យ៉ាងណាក៏ដោយ អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ប្រទេស​អង់គ្លេស បាន​បដិសេធថា ឯកសារ​ដែល​លេច​ធ្លាយ​នោះ ជា​ឯកសារ​ក្លែងក្លាយ​។ រដ្ឋាភិបាល​ចិន​ធ្លាប់បាន​អះអាង​ជាច្រើន​ដង​មកហើយ​ថា ជំរុំ​ស្ថិតនៅ​ភាគ​ខាងលិច​តំបន់​ស៊ីន​ជាំ​ង ជា​កន្លែង​ផ្តល់ជូន​នូវ​ការអប់រំ​និង​ការបណ្តុះបណ្តាល​ដោយ​ស្ម័គ្រចិត្ត​៕ 


 ពាក្យគន្លឹះ  ចិនជនជាតិអ៊ុយហ្គួ

ព័ត៌មានផ្សេងទៀត