កម្ពុជា​-​កូរ៉េ ឯកភាព​គ្នា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​

25-11-2019 4:46 pm 308

​រាជរដ្ឋាភិបាល​កម្ពុជា និង​កូរ៉េខាងត្បូង បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ជាមួយគ្នា ក្នុង​ការចាប់ផ្តើម សិក្សា​ពី​លទ្ធភាព​ក្នុង​ការបង្កើត កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​។ 

​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា និង​លោកស្រី យូ ម្យុង​ហ៊ី (Yoo Myung-Hee) រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កូរ៉េ នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា​នេះ បាន​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម ស្តី​ពី​ការចាប់ផ្តើម​ការសិក្សា​លទ្ធភាព ក្នុង​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​កូរ៉េ​។​

​ការចុះហត្ថលេខា​នេះ ធ្វើឡើង​នៅក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល រំលឹក​ខួប​អនុស្សាវរីយ៍​៣០​ឆ្នាំ នៃ​ទំនាក់ទំនង​អាស៊ាន​-​កូរ៉េ និង​កិច្ចប្រជុំ​កំពូល​មេគង្គ​-​កូរ៉េ ពី​ថ្ងៃ​ទី​២៥-២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ប៊ូសាន សាធារណរដ្ឋ​កូរ៉េ​។ 

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ពាណិជ្ជកម្ម បានបញ្ជាក់​ថា «​តាម​ការរំពឹងទុក កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​កូរ៉េ នឹង​ជួយ​ពង្រឹង​ទំនាក់ទំនង និង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម នៃ​ប្រទេស​ទាំង​ពីរ​បន្ថែមទៀត ព្រមទាំង​បង្កើត​ឱកាស​ការងារ​ក្នុង​ស្រុក ការនាំ​ចេញ​សេវា និង​ពង្រីក​វិនិយោគ​បន្ថែម ដែល​នឹង​ចូលរួម​សំខាន់​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​ផ្តល់​ផលប្រយោជន៍ ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ផងដែរ​»​។​

​សេចក្តីប្រកាស​ព័ត៌មាន បាន​បញ្ជាក់ទៀតថា នៅក្នុង​ឆ្នាំ​២០១៨​កន្លងទៅនេះ ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ បាន​កើនឡើង​ជា​លំដាប់ គឺ​មាន​ទំហំ​ប្រមាណ​៧៥៦​លាន​ដុល្លា កើនឡើង​ប្រមាណ​១៤.៦៩% បើ​ធៀប​នឹង​ឆ្នាំ​២០១៧​។ ទំនិញ​នាំចេញ​សំខាន់ៗ​របស់​កម្ពុជា ទៅ​កូរ៉េ​រួមមាន អាវយឺត សម្លៀក​បំពាក់​បុរស គ្រឿង​អេឡិចត្រូនិក ស្បែកជើង វ៉ា​លី កម្ទេច​អា​លុម​មី​ញ៉ូម ភេសជ្ជៈ សម្ភារៈ​ពេទ្យ (​ចេស​វះកាត់​) តង់ និង​កៅស៊ូ​ធម្មជាតិ​។ 

​ដោយឡែក ទំនិញ​នាំចូល​សំខាន់​របស់​កម្ពុជា​ពី​កូរ៉េ​រួមមាន រថយន្ត​ដឹកទំនិញ ក្រណាត់​ចាក់ ទឹករ៉ែ​ធម្មជាតិ ភួយ គ្រឿង​អេឡិចត្រូនិក គ្រឿងចក្រ (​ប៊ុល​ដូ​ហ្សែ​) បន្ទះ​ឬ​សន្លឹក​នី​កែ​ល ស្បែក​ពី​សត្វ​ចៀម​កែច្នៃ​រួច ក្រណាត់​ជ្រលក់​ពណ៌ និង​ផលិតផល​ថែរក្សា​សម្រស់​៕

ព័ត៌មានផ្សេងទៀត