ប្រមុខ​ការទូត​«​មិន​ថា​មាន​អ្វី​កើតឡើង​ក្នុង​ការបោះឆ្នោត ហុងកុង​នៅតែ​ជា​ផ្នែក​មួយ​របស់​ចិន​»

25-11-2019 2:34 pm 896
លោក​វ៉ាង យី​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន

​លោក​វ៉ាង យី​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន បាន​ថ្លែងថា នៅពេលនេះ លទ្ធផល​នៃ​ការបោះឆ្នោត​ចុងក្រោយ មិនទាន់​បង្ហាញ​នៅឡើយ​ទេ ដោយ​ការរាប់​សន្លឹកឆ្នោត​កំពុង​បន្តធ្វើ​នៅឡើយ​។ ដូច្នេះ​រង់ចាំ​ដល់​មាន​ការប្រកាស​លទ្ធផល​ជា​ផ្លូវការ​សិន ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ អ្វីដែល​ច្បាស់លាស់​នោះ​គឺ មិន​ថា​មាន​អ្វី​កើតឡើង​នៅក្នុង​ការបោះឆ្នោត​នោះទេ ហុងកុង​នៅតែ​ជា​ផ្នែក​មួយ​នៃ​ប្រទេស​​ចិន និង​ជា​តំបន់​រដ្ឋបាល​ពិសេស​របស់​ចិន​។ លោក​វ៉ាង បាន​ថ្លែងប្រាប់​អ្នក​សែត បន្ទាប់ពី​ជួប​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន នៅ​ទីក្រុង​តូ​ខ្យូ​យ៉ាង​ដូច្នេះ​ទៀតថា រាល់​ការប៉ុនប៉ង​ទាំងឡាយ ដើម្បី​ធ្វើឲ្យ​ហុងកុង​រញ៉េរញ៉ៃ ឬក៏​បំផ្លាញ​ភាពរុងរឿង និង​ស្ថេរភាព​នៅ​ហុងកុង ក៏​មិន​ទទួលបាន​ជោគជ័យ​ដែរ​។​

​ការអះអាង​របស់​ប្រមុខ​ការទូត​កំពូល​របស់​ចិន​រូបនេះ ធ្វើឡើង​ខណៈ​ប្រជាជន​ហុងកុង ដែល​និយម​ប្រជាធិបតេយ្យ កំពុង​សប្បាយរីករាយ​ជាមួយ​លទ្ធផល​បោះឆ្នោត​មិន​ផ្លូវការ បង្ហាញថា បេក្ខជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ហុងកុង ឈ្នះ ដោយ​ទទួលបាន​សំឡេងគាំទ្រ ​៣៩០​អាសនៈ​ក្នុងចំណោម​អាសនៈ​ក្រុមប្រឹក្សា​សង្កាត់​សរុប​៤៥២​។ សន្លឹកឆ្នោត​ដែល​រាប់​មិនទាន់​អស់ នៅសល់​តិចតួច​ប៉ុណ្ណោះ ពោល តំបន់​ចំនួន​១៧ ក្នុងចំណោម​១៨ បាន​រាប់​រួចរាល់​ហើយ បង្ហាញថា បេក្ខជន​គាំទ្រ​ប្រជាធិបតេយ្យ​ឈ្នះ​នាំមុខ លើ​បេក្ខជន​ដែល​គាំទ្រ​ទីក្រុង​ប៉េកាំង យ៉ាងច្រើន​លើសលុប​៕​

ព័ត៌មានផ្សេងទៀត